ភ្នំពេញ: កីឡាករ​ឌុម កែវដា មក​ពី​ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ Den Phichhit ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម ខណៈ​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ ព្រំ សំណាង ត្រូវ​ប៉ះ​ជាមួយ Ali Qaradaghi មក​ពី​អ៊ីរ៉ាក់ ក្នុង​ទម្ងន់ ៧៥ គីឡូក្រាម ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ប្រដាល់​ខារ៉ាបាវ អាស៊ី​អាគ្នេយ៍ នា​ថ្ងៃ​សៅរ៍ ទី ២០ ខែ​មករា ឆ្នាំ ២០១៨។

តាមរយៈ​ការប្រកួត​កន្លងមក ឌុម កែវដា និង Den Phichhit មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​ប្រវត្តិ​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​គឺ​ចាញ់​ពិន្ទុ​ដៃគូ​ទាំង​ប្រផិត​ប្រផើយ​ដូចគ្នា ដោយ ឌុម កែវដា ចាញ់ Kong Sayam ហើយ Phichhit ចាញ់​កីឡាករ​វ៉េង សុភ័ក្ត្រ។

ឌុម កែវដា ប្រកួត​បាន​ចំនួន ៨៧ លើក ឈ្នះ ៦៩ លើក ចាញ់ ១៥ លើក ស្មើ ៣ លើក ក្នុង​នោះ​រយៈពេល​ជាង ៣ ឆ្នាំ​ចុង​ក្រោយ​នេះ ប្រកួត​ជាមួយ​កីឡាករ​បរទេស​ជិត ៣០ លើក និង​ធ្លាប់​ឈ្នះ​ខ្សែ​វាត់ ២ ស្ថាប័ន ពោល​គឺ​ខ្សែ​ក្រវាត់​ខារ៉ាបាវ ១ និង​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ។

ចំណែក​កីឡាករ​ថៃ Den Phichhit ទោះបី​ធ្លាប់​ចាញ់​ក្រោម​ស្នាដៃ វ៉េង សុភ័ក្ត្រ ប៉ុន្តែ​កម្រិត​វិជ្ជា​គុន​មិន​ធម្មតា​របស់​គេ​ពិតជា​ខ្លាំង ដោយ​គេ​មាន​ស្នៀត​ជង្គង់ និង​កណ្តាប់ដៃ​ល្អ ផង​ដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​គណៈ​កម្មការ​ផ្គូផ្គង កីឡាករ​ថៃ Den Phichhit មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ៨៣ លើក ឈ្នះ ៦៨ លើក ចាញ់ ១៤ លើក ស្មើ ១ លើក។

លោក​ឈិន ក្វាន់ចៃ គ្រូបង្វឹក​ឌុម កែវដា បាន​និយាយ​ថា៖ «ការ​ហ្វឹកហាត់​របស់​ឌុម កែវដា បាន​ល្អ ហើយ​ការ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ Den Phichhit នេះ​មិន​បារម្ភ​ទេ ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ ៨០ ភាគរយ»។

ឌុម កែវដា បាន​និយាយ​ថា៖ «ការ​ប្រកួត​ធានា​របស់​ខ្ញុំ​ធានា​វាយ​អស់​ពី​សមត្ថភាព ប៉ុន្តែ​រឿង​ចាញ់ ឬ​ឈ្នះ មិន​ទាន់​ហ៊ាន​និយាយ​មុន​ប្រកួត​ទេ ពី​ព្រោះ​មិន​ធ្លាប់​ប្រកួត​គ្នា»។

លោក​ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​និយាយ​ថា៖ «សមត្ថភាព​របស់​កីឡាករ​ថៃ Den Phichhit ល្អ​គួរសម ប៉ុន្តែ អាច​ចាញ់​ប្រៀប​ស្នៀត​កែង​របស់​ឌុម កែវដា ហេតុនេះ​ខ្ញុំ​មាន​សង្ឃឹម​ទទួល​បាន​ជ័យជម្នះ​តិច​តួច​ណាស់»។

លោក​ថៃ អ៊ូ បាន​បញ្ជាក់​ថា៖ «រឿង​វាយ​គ្នា​លើស​ង្វៀន យើង​លំបាក​ទស្សន៍ទាយ​ណាស់ ពោល​គឺ​វា​ស៊ីសង​ពេល​ប្រកួត​ជាក់​ស្តែង ហើយ​អ្វី​ដែល​យើង​សង្ឃឹម​ខ្ពស់ ក៏​មិន​ប្រាកដ​កើត​ឡើង​ដែរ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​សង្ឃឹម​លើ Den Phichhit ឈ្នះ​តែ ៥០ ភាគរយ»។

សម្រាប់​មតិ​លើកឡើង​របស់​អ្នក​និយម​ទស្សនា​ប្រដាល់​ជា​ប្រចាំ​ភាគ​ច្រើន​លើស​លុប គេ​មាន​ជំនឿ​ខ្ពស់​ទៅ​លើ​កីឡាករ​ឌុម កែវដា ជា​អ្នក​ឈ្នះ។ ចំណែក​កីឡាករ​ព្រំ សំណាង ដែល​វាយ​សឹង​តែ​រក​ដៃ​គូ​ប្រកួត​មិន​បាន​នោះ នឹង​ត្រូវ​ប៉ះ​អ្នក​ចំណូល​ថ្មី Ali Qaradaghi ក្នុង​ទម្ងន់ ៧៥ គីឡូក្រាម មក​ពី​ប្រទេស​អ៊ីរ៉ាក់។

អ្នក​ចំណូល​ថ្មី Qaradaghi ត្រូវបាន​គណៈកម្មការ​ផ្គូផ្គង​ឲ្យ​ដឹង​ថា មាន​ប្រវត្តិ​ប្រកួត​បាន​តែ ២៨ លើក​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ ២៤ លើក ចាញ់​តែ ៤ លើក​ទេ។ ព្រំ សំណាង មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ៨៦ លើក ឈ្នះ ៧៤ លើក ចាញ់ ១០ លើក និង​ស្មើ ២ លើក ដែល​ច្រើន​ជា​ដៃគូ​ដល់​ទៅ ៥៨ លើក​ឯណោះ៕