ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរចិត្តធំតម្លៃខ្លួនខ្ពស់ជាងគេ នៅកម្ពុជានៃក្លិបប្រដាល់ខេត្តបាត់ដំបង កែវ រំចង់ នឹងចាកចេញពីមាតុភូមិ ទៅប្រទេស ថៃ នៅថ្ងៃទី ២០ ខែវិច្ឆិកា រួចទើបបន្តហោះបោះពួយទៅប្រទេស បារាំង ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Muay Thai Grand Prix ដែលនឹងត្រូវធ្វើឡើង នៅជិតទីក្រុងប៉ារីសនាថ្ងៃទី ២៤ ខែវិច្ឆិកា។
កីឡាករ កែវ រំចង់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីព្រឹកថ្ងៃចន្ទថា៖ «ខ្ញុំបានត្រៀមខ្លួនរួចរាល់នឹងជិះយន្តហោះនៅប្រទេស ថៃ រួចបន្តចេញទៅបារាំងតែម្ដង ដើម្បីត្រៀមខ្លួនក្នុងការប្រកួតមិត្តភាពអន្តរជាតិ ថ្ងៃទី ២៤ ខែ វិច្ឆិកា ២០១៩ នៅឯទីក្រុងប៉ារីស ក្នុងកម្មវិធី Muay Thai Grand Prix ជាមួយកីឡាករបារាំង Omar Shamb»។
កែវ រំចង់ បានបន្ថែមថា៖ «ការចេញទៅប្រកួតលើកនេះ មិនទាន់អាចស្ទង់ស្ទាបពីលទ្ធផលបែបណានោះទេ ព្រោះប្រវត្តិប្រកួតក៏ដូចសមត្ថភាពក្បាច់គុនរបស់ Omar Shamb គឺខ្ញុំមិនដែលស្គាល់ ហើយក៏គ្មានប្រភពណាប្រាប់នៅឡើយថា សមត្ថភាពជំនាញផ្នែកកណ្តាប់ដៃ ឬទាត់នោះឡើយ»។
កីឡាករ កែវ រំចង់ នឹងធ្វើដំណើរទៅប្រកួតតែម្នាក់ឯងជាមួយលោក Matias Andres ដែលជាក្រុមការងាររបស់ The Riel Team Promotions ដោយទទួលបានតម្លៃខ្លួនប្រកួតចំនួន ២ ០០០ អឺរ៉ូ ព្រមទាំងមានការរ៉ាប់រងទាំងស្រុងលើការហូបចុកស្នាក់នៅ និងសំបុត្រយន្តហោះផងដែរ។
តាមរយៈប្រវត្តិប្រកួត កែវ រំចង់ ធ្លាប់ប្រកួតចុះក្នុងបញ្ជីបាន ១៦៥ ឈ្នះ ១៤៩ ចាញ់ ១២ ស្មើ ៤ ហើយធ្លាប់ឈ្នះខ្សែក្រវាត់ចំនួន ៤ ស្ថាប័ន។ កែវ រំចង់ មានលក្ខណពិសេសជាងកីឡាករកម្ពុជាផ្សេងទៀត ដោយប្រកួតមិនចេះបន្ធូរដៃឲ្យដៃគូម្តងណាទេ មិនតែប៉ុណ្ណោះមានគោលការណ៍ប្រកួតច្បាស់លាស់ ក្នុងការថែទាំសុខភាព ១ ខែ ប្រកួតតែ ១ លើក និងទាមទារតម្លៃប្រកួតចាប់ពី ១ ០០០ ដុល្លារឡើងទៅ។ បន្ថែមពីលើនេះ រំចង់ បានប្រកាសជារឿយថា សម្រាប់ការចេញទៅប្រកួតនៅក្រៅប្រទេសវិញ តម្លៃខ្លួនចាប់ពី ២ ០០០ ដុល្លារឡើងទៅ ទើបទទួលការប្រកួតនោះ។
លោក ជួន សំណាង គ្រូបង្វឹកគ្រប់គ្រងកីឡាករក្នុងសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃបាននិយាយថា៖ «កែវ រំចង់ ទទួលបានក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជារួចហើយ ប៉ុន្តែការចេញទៅប្រកួតនៅក្នុងកម្មវិធី Muay Thai Grand Prix នេះ ជាលក្ខណៈឯកជន និងមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន នាយប៉ុស្តិ៍នគរបាលសង្កាត់តាឯក អធិការក្រុងបាត់ដំបង និងលិខិតបញ្ជាក់ប្រវត្តិរូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងដែរ។
ទោះជាយ៉ាងណា កែវ រំចង់ បានអះអាងថា ការចាកចេញទៅប្រកួតនេះ បានសុំគោលការណ៍ពីស្ថាប័នគ្រប់គ្រងកីឡារួចហើយ តែមិនអាចបង្ហាញឯកសារបានទេ ខណៈដែលឯកសារទិដ្ឋាការត្រូវបាន រំចង់ ប្រាប់ថា ទទួលបានរួចហើយដែរ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ថា៖ «សហព័ន្ធគាំទ្រ និងលើកទឹកចិត្ត ព្រមទាំងជួយខិតខំបំពេញឯកសារផ្លូវការ និងផ្តល់នូវការអប់រំអំពីច្បាប់លក្ខខណ្ឌដោយមិនគិតកម្រៃ ដើម្បីឲ្យការចេញទៅប្រកួតទទួលបានលទ្ធផលល្អ។ មិនតែប៉ុណ្ណោះបានក្រើនរំឭកដល់កីឡាករ ដែលចាកចេញទៅប្រកួត មិនត្រូវចេញទៅជាលក្ខណៈឯកជន ដោយគ្មានច្បាប់ ឬឯកសារទទួលស្គាល់ពីស្ថាប័នគ្រប់គ្រងនោះឡើយ»។
នៅក្នុងអំឡុងឆ្នាំ ២០១៩ នេះ កីឡាករកម្ពុជាល្បីៗមួយចំនួនបានស្វែងរកទីផ្សារប្រកួតក្រៅប្រទេស ទៅតាមក្រុមហ៊ុនឯកជន ឬអ្នករៀបចំដឹកនាំផ្សេងៗពីគ្នា ដើម្បីរកប្រាក់ចំណូលពីតម្លៃខ្លួន។ ជាមួយគ្នានេះទីផ្សារប្រកួតច្រើន គឺនៅថៃ ដែលគេសង្កេតឃើញវត្តមានកីឡាករខ្មែរប្រកួតនៅរាល់ចុងសប្តាហ៍ ក្នុងកម្មវិធី Supper Cham ដោយមានការផ្សាយផ្ទាល់ពីប៉ុស្តិ៍លេខ ៨ ថៃ នៅក្រុងបាងកក និងប៉ុស្តិ៍លេខ ៣១ នៅក្រុងផាតាយ៉ា ខណៈដែលក្នុង ១ សប្តាហ៍ កីឡាករកម្ពុជាចាកចេញពី ៤ ទៅ ១០ នាក់៕