The Phnom Penh Post Search

Search form

កែវ រំ​ចង់ វិល​ទៅ​សង្វៀន​ជាថ្មី​ជាមួយ​តម្លៃ​ខ្លួន​ខ្ពស់​ជាង​មុន

Content image - Phnom Penh Post
កីឡាករ​កែវ រំចង់ នឹង​វិល​ទៅ​សង្វៀន​ប្រកួត​ជា​ថ្មី​ ក្រោយពី​អវត្តមាន​ជាង ១ ឆ្នាំ​។ ស្រេង ម៉េងស្រ៊ុន

កែវ រំ​ចង់ វិល​ទៅ​សង្វៀន​ជាថ្មី​ជាមួយ​តម្លៃ​ខ្លួន​ខ្ពស់​ជាង​មុន

ភ្នំពេញ: កែវ រំចង់ នឹង​វិល​ទៅ​កាន់​ការ​ប្រកួត​វិញ​នៅ​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​បាយ័ន នៅ​​ថ្ងៃ​សៅរ៍ ទី ១៧ ខែ​កុម្ភៈ ឆ្នាំ ២០១៨ សប្តាហ៍​នេះ ក្រោយ​ពី​ឃ្លាត​ពី​សង្វៀន​ប្រដាល់​ជាង​មួយ​ឆ្នាំ។

ការ​បង្ហាញ​ខ្លួន និង​វត្តមាន​លើ​សង្វៀន​របស់​កែវ រំចង់ ពេល​នេះ​គឺ​ប្រកួត​ក្នុង​ទម្ងន់ ៧៥ គីឡូក្រាម ជាមួយ​នឹង​កីឡាករ​ថៃ Takun Singha ខណៈ​តម្លៃ​ខ្លួន​ប្រកួត​មួយ​លើកៗ​ច្រើន​ជាង​មុន​ផង​ដែរ។

លោក​កែវ សំអាង គ្រូបង្វឹក និង​ជា​ឪពុក​បង្កើត បាន​និយាយ​ថា៖ «ការ​បាត់មុខ​មួយរយៈ​ជាង​មួយ​ឆ្នាំ​នេះ ដោយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ ធ្វើ​ឲ្យ​សុខភាព​កែវ រំចង់ មាន​បញ្ហា​មិន​អាច​ឡើង​ប្រកួត​បាន»។

លោក​កែវ សំអាង បាន​បន្តថា៖ «ការ​វិល​ទៅ​កាន់​សង្វៀន​ប្រកួត​ជាថ្មី​នេះ​គឺ​ក្នុង​ទម្ងន់ ៧៥ គីឡូក្រាម ដោយ​សង្ឃឹម​ថា ប្រិយមិត្ត នឹង​គាំទ្រ​នៅ​តែ​ច្រើន​ដូច​មុន។ ខ្ញុំ​សូម​ប្រកាស​ថា កែវ រំ​ចង់ មិន​ដែល​រើស​អើង ឬ​ឆ្មើង​ឆ្មៃ​វាយ ឬ​ប្រកាន់​សង្វៀន​នេះ​សង្វៀន​នោះ​ទេ ប៉ុន្តែ​អ្វីៗ​គឺ​អាស្រ័យ​ទៅ​លើ​អ្នក​គ្រប់គ្រង​របស់​គេ​ជា​អ្នក​រៀបចំ​ឲ្យ​តែ​ប៉ុណ្ណោះ»។

លោក​បាន​បញ្ជាក់ថា៖ «ទោះជា​កែវ រំ​ចង់ អវត្តមាន​មិន​បាន​ប្រកួត​ជាង​មួយ​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​លោក​នាង ស៊ីវុត្ថា នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ប្រដាល់​បាយ័ន​នៅ​តែ​ផ្តល់​ថវិកា​ជួយ​កែវ រំ​ចង់ ជា​ប្រចាំ ហេតុ​នេះ​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​សង្វៀន​ដទៃ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​គាត់​ជា​មុន​សិន ពី​ព្រោះ​យើង​មាន​អ្នក​គ្រប់គ្រង»។

រយៈពេល​ច្រើន​ឆ្នាំ​ចុងក្រោយ​កន្លង​មក​នេះ កែវ រំចង់ មាន​វត្តមាន​ប្រកួត​ផ្តាច់​មុខ​តែ​នៅ​ក្នុង​សង្វៀន​បាយ័ន​មួយ​គត់ ខណៈ​ដែល​សង្វៀន​ដទៃ​ដែល​ចង់​បាន​កែវ រំ​ចង់ ទៅ​ប្រកួត​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ ដោយ​ភាគ​ច្រើន​គេ​ប្រើ​ឈ្មោះ​លោក​នាង ស៊ីវុត្ថា ជាអ្នក​គ្រប់គ្រង​ពី​លើ តាមរយៈ​ការ​ប្រើ​ប្រាស់​មធ្យោបាយ​ផ្តល់​ប្រាក់​ខែ​ជា​ប្រចាំ​ឲ្យ​កែវ រំចង់ កុំ​ឲ្យ​ទៅ​ប្រកួត​សង្វៀន​ដទៃ។ កែវ រំ​ចង់ មាន​ប្រវត្តិ​ប្រកួត​ទាក់​ទាញ និង​មាន​ប្រជាប្រិយ​បំផុត ក្នុង​កំណត់ត្រា​ប្រកួត​បាន​ចំនួន ១៣២ លើក ឈ្នះ ១២០ លើក ចាញ់​តែ ១២ លើក ក្នុង​នោះ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​រាប់​ភ្លេច។

កែវ រំ​ចង់ បាន​និយាយថា៖ «តម្លៃ​ប្រកួត​របស់ខ្ញុំ​ពីមុន​មួយ​លើក​បាន ៥០០ ដុល្លារ ហើយ​ការ​វិល​មក​កាន់​សង្វៀន​ជាថ្មី​នេះ ខ្ញុំ​ទទួល​បាន ៨០០ ដុល្លារ​ហើយ​ក្នុង​មួយ​ប្រកួត»។ ចំពោះ​ការវិ​ល​មក​កាន់​សង្វៀន​ជាថ្មី​ក្នុង​ទម្ងន់​ធ្ងន់​នេះ កែវ រំ​ចង់ បាន​ប្រាប់​ថា៖ «ខ្ញុំ​លំបាក​រក​ដៃ​គូ​ប្រកួត​ណាស់ ហេតុ​នេះ​នៅ​ថ្ងៃ​ខាងមុ​ខ ខ្ញុំ​នឹង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បញ្ចុះ​ទម្ងន់​មក​ត្រឹម​ចន្លោះ​ពី ៦៩ ទៅ ៧២ គីឡូក្រាម ទើប​សម្បូរ​ដៃគូ​ប្រកួត»។

កែវ រំ​ចង់ បាន​និយាយ​ថា៖ «នៅ​សប្តាហ៍​នេះ ខ្ញុំ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ Takun Singha ដែល​ជា​គូ​សង​សឹក ខណៈ​ដែល​លើក​មុន (ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៦) ខ្ញុំ​ធ្លាប់​ផ្តួល​គេ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី ២ ប៉ុន្តែ​ប្រកួត​លើក​នេះ​មិន​ទាន់​ហ៊ាន​អះអាង​ទេ តែ​ធានា​វាយ​អស់​ពី​សមត្ថភាព។ កែវ រំចង់ បាន​បន្ថែម​ថា៖« កីឡាករ​ថៃ Takun Singha នេះ​មិន​ស្រួល​យក​ឈ្នះ​ទេ ប៉ុន្តែ​យ៉ាង​ណា​នៅ​លើ​សង្វៀន ខ្ញុំ​ប្តេជ្ញា​ថា មិន​ចង់​ឮ​ពាក្យ​ចាញ់​នោះ​ឡើយ»។

កីឡាករ​ល្បីៗ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដែល​ខ្លាំង និង​ល្បីៗ​ជា​ច្រើន​ដូចជា ឃីម ឌីម៉ា, រឿង សោភ័ណ្ឌ, ម៉ឺន សុភា និង​ឡុង សុភី ជា​ដើម​មាន​តម្លៃ​ខ្លួន​ប្រកួត​មួយ​លើក​ចាប់​ពី ៤៥០ ទៅ ៥០០ ដុល្លារ​ប៉ុណ្ណោះ៕

អត្ថបទគួរចាប់អារម្មណ៍