ភ្នំពេញ៖ ​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ ​ដែល​មាន​ប្រជាប្រិយ​ខ្លាំង​ជាង​គេ ​កែវ ​រំចង់ ​បាន​សម្រេច​ចិត្ត​រួច​ហើយ​ក្នុង​ការ​ចូលរួម​ប្រកួត​ជ្រើសរើស​​ជើងឯក​ថ្នាក់​ជាតិ ​ប្រចាំ​ឆ្នាំ ​២០១៩ ​ដែល​ជា​ការ​ប្រកួត​ផ្លូវ​ការ​​ក្រោម​គម្រោង​កញ្ចប់​ថវិកា​របស់​​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ហើយ​នាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា ​និង​​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ជា​អង្គភាព​អនុវត្ត​លើ​​គម្រោង​នេះ​​។

កែវ ​រំចង់​ ដែល​បាន​​បង្ហាញ​វត្តមាន​ប្រកួត​ភាគ​ច្រើន​តែ​ក្នុង​សង្វៀន​បាយ័ន​នោះ​ ទំនង​ជា​មាន​កិច្ច​សន្យា​ផ្តាច់​មុខ​ជា​ថ្នូរ​ទៅ​នឹង​ប្រាក់​បន្ថែម​ក្រៅ​ការ​ប្រកួត​ ដែល​ភាសា​ក្នុង​ពិភព​អ្នក​មើល​ប្រដាល់​ហៅ​ថា ​«ចង​ជើង» មិន​ឲ្យ​ទៅ​ប្រកួត​សង្វៀន​ដទៃ​។ ​ទោះ​ជា​យ៉ាង​ណា​សម្រាប់​ការ​ប្រកួត​ជម្រើស​ជើងឯក​ជាតិ​ប្រចាំ​ឆ្នាំ​ ដែល​មាន​ប្រាក់​តម្លៃ​ខ្លួន​ប្រកួត​ ឬ​ប្រាក់​រង្វាន់​ឈ្នះ​ជយលាភី​តិចតួច​នោះ គឺ​ជា​កាតព្វកិច្ច​របស់​កីឡាករ​គ្រប់​រូប​ចូលរួម។

ប៉ុន្តែ​រយៈពេល​ជាង ​១០ ​ឆ្នាំ​កន្លង​មក​នេះ​ កីឡាករ​ប្រដាល់​ឆ្នើមៗ​ល្បីៗ​មួយ​ចំនួន​ធំ ​មិន​ចាប់​អារម្មណ៍​​ចូលរួម​ប្រកួត​​ឡើយ​ ដោយ​ពួក​គេ​ភាគ​ច្រើន​បាន​ប្រៀប​ធៀប​ការ​ប្រកួត​នេះ ទៅ​នឹង​ការ​​ប្រកួត​នៅ​តាម​សង្វៀន​ឯកជន​ តាម​បែប​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ដោយ​បាន ​១ លើក ​មាន​ពី ​២៥០​ ដល់ ​១​ ០០០ ​ដុល្លា​​ ខណៈ​ដែល​​ប្រកួត​ជម្រុះ​ថ្នាក់​ជាតិ​ ១ ​ប្រកួត​ គឺ​អ្នក​ឈ្នះ​បាន​ត្រឹម​ ​៤ ​ម៉ឺន​រៀល ​និង​ចាញ់ ​៣ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ ​កែវ ​រំចង់ ដែល​ដំបូង​ឡើយ ​មាន​ភាព​ស្ទាក់ស្ទើរ ក្នុង​ការ​ចូល​រួម​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា៖ ​«ខ្ញុំ​សម្រេច​ចិត្ត​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​នេះ​ ដែល​មាន​ទម្ងន់ ​៧១ ​គីឡូក្រាម​។​​ តាម​ពិត​ការ​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង​ គឺ​ហាក់​ដូច​ជា​លំបាក​ ​ព្រោះ​ក្នុង​លំដាប់​កីឡាករ​ឆ្នើម​ទម្ងន់​ធ្ងន់​ដូច​គ្នា​នេះ​ ភាគ​ច្រើន​បាន​ក្លាយ​ទៅ​ជា​មិត្ត​ភក្តិ និង​បាន​រាប់​អាន​គ្នា​ ពិសេស​ពួក​យើង​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជាមួយ​គ្នា​ ជួយ​ឲ្យ​ទឹក​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​បងប្អូន​ហើយ»​។​

រំចង់ ​បន្ថែម​ថា​៖ «​ទោះ​ជា​ការ​ប្រកួត​ទទួល​បាន​​​តម្លៃ​ខ្លួន​តិចតួច ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​​ពន្យល់​ថា​ ​នេះ​ជា​កាតព្វកិច្ច​របស់​កីឡាករ​ដែល​ត្រូវ​ចូលរួម​ការ​​ប្រកួត​ជ្រើសរើស​ជើងឯក ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ព្រោះ ​១ ឆ្នាំ ​មាន​តែ​ម្តង​ទេ​»។​

កីឡាករ​រូប​នេះ បាន​ទទួល​ស្គាល់​ថា៖​ «​ខ្ញុំ​ពិត​ជា​ខកខាន​ចូលរួម​ការ​ប្រកួត​ថ្នាក់​​ជាតិ​នេះ អស់​រយៈពេល ​១២ ​ឆ្នាំ​មក​​ហើយ​ ហើយ​​ខ្ញុំ​នៅ​ចាំ​បាន​ថា​ ធ្លាប់​ចូលរួម​ប្រកួត​បាន​​ម្តង​កាល​ពី​ឆ្នាំ ​២០០៧​ ដោយ​ខ្ញុំ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​១ ​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​ ដោយ​កាល​នោះ​ ខ្ញុំ​បាន​យក​ឈ្នះ សេង​ រតនា ​មក​ពី​ខេត្ត​សៀមរាប នៅ​វគ្គ​ផ្តាច់ព្រ័ត្រ»​។​

បច្ចុប្បន្ន​ កែវ រំចង់ ទទួល​បាន​ក្របខ័ណ្ឌ​ជា​ប៉ូលិស​តាមរយៈ​សមាគម​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​។ ​ប្រវត្តិ​ស្ថិតិ​ប្រកួត​របស់​ កែវ ​រំចង់ ​គឺ​ល្អ​ផ្តាច់​គេ​ក្នុង​ចំណោម​កីឡាករ​ខ្មែរ​ដូច​គ្នា​ដោយ​ឆ្លង​កាត់​ការ​ប្រកួត​បាន​ចំនួន ​១៦៤ ​ដង ​ចាញ់​តែ ​១២​ ​និង​ស្មើ ​៤ ​ដង ​ក្រៅ​ពី​នេះ​ឈ្នះ​ទាំង​អស់​។ ​រយៈពេល​ជាង​ ១០ ​ឆ្នាំ​មក​នេះ កែវ​ រំចង់ ​ដណ្តើម​បាន​​ខ្សែ​ក្រវាត់​ចំនួន ​៤​ គឺ​ខ្សែ​ក្រវាត់​អាស៊ី​អឺរ៉ុប​នៅ​បារាំង ចំនួន ​២​ ព្រម​ទាំង​ខ្សែ​ក្រវាត់​ Khmer Fighter និង​ខ្សែ​ក្រវាត់​នៅ​សង្វៀន​បាយ័ន។​

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ និង​អគ្គ​នាយកដ្ឋាន​កីឡា​នឹង​បើក​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ ​រយៈពេល ​៥ ​ថ្ងៃ​ប៉ុណ្ណោះ​ គឺ​ចាប់​ពី​ថ្ងៃទី ​៧ ​ដល់​ថ្ងៃទី ​១១​ ខែ ​តុលា​ ឆ្នាំ ​២០១៩​ ដោយ​កំណត់​ឲ្យ​សមាគម​ ឬ​ក្លិប​ ឬ​តំណាង​មក​ពី​ខេត្ត-រាជធានី ​ជ្រើសរើស​យក​កីឡាករ​មក​ចូលរួម​បាន​តែ​ម្នាក់ ​ក្នុង ​១ ​ប្រភេទ​ទម្ងន់​។ ​ជាមួយ​គ្នា​នេះ​ ទម្ងន់ ៧១ គីឡូក្រាម ​ស្រប​គ្នា​ជាមួយ​ កែវ​ រំចង់​ នៅ​​មិន​ទាន់​ដឹង​ថា ​មាន​កីឡាករ​​ណា​ខ្លាំង​ហ៊ាន​ដាក់​ពាក្យ​ចូល​រួម​ប៉ះ​​ជាមួយ រំចង់ ឬ​ក៏​អត់​ទេ​។​

លោក ​តែម ​ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ស្វាគមន៍​ការ​ចូលរួម​ប្រកួត​របស់​កីឡាករ​ឆ្នើមៗ​ ពិសេស​ដូច​ជា កែវ​ រំចង់​។ ​ឥឡូវ​​នេះ​យើង​​មិន​ទាន់​ដឹង​ថា​ ទម្ងន់ ​៧១ ​គីឡូក្រាម​នេះ​ ​ប្រតិភូ​មក​ពី​ខេត្ត​ ឬ​សមាគម​មួយ​ចំនួន​ មាន​កីឡាករ​ ដែល​មាន​សមត្ថភាព​ល្អ ​ប៉ះ​ជាមួយ​ កែវ​ រំចង់​ ឬ​អត់ ​គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​។​ ទោះ​ជា​យ៉ាង​ណា​ កីឡាករ​​ស្ថិត​ក្នុង​ទម្ងន់ ៧១ គីឡូក្រាម មាន​​មិន​ច្រើន​ដូច​ទម្ងន់​ក្រោម​នេះ​ទេ»​៕​