ទីក្រុងភើសៈ កីឡាការិនីវាយកូនបាល់ជាប់លេខ ១ ពិភពលោក Ashleigh Barty បានរីករាយនឹងរដូវកាលផ្លាស់ប្ដូរអាជីព និងពិតជាស្រេកឃ្លានក្នុងការបញ្ចប់រដូវកាលនេះ ជាមួយការជួយឲ្យប្រទេស អូស្ត្រាលី បានពានរង្វាន់ Fed Cup ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៤៥ ឆ្នាំ។
ម្ចាស់ជើងឯក ៧ សម័យកាលរូបនេះ មិនធ្លាប់បានស្គាល់រសជាតិជោគជ័យនៅក្នុងការប្រកួតនេះទេចាប់តាំងពីថ្ងៃដែលកីឡាការិនី Evonne Goolagong សម្រេចបាននៅក្នុងឆ្នាំ ១៩៧៤ ដោយរូបនាងនឹងត្រូវប៉ះជាមួយអ្នកឈ្នះ ២ជំនាន់សញ្ជាតិនៅលើទីលានប្រកួត Perth Arena ប្រទេស អូស្ត្រាលី ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
វានឹងក្លាយជាវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Fed Cup ចុងក្រោយដែលត្រូវលេងក្រោមទម្រង់លេងបច្ចុប្បន្ន ហើយនៅឆ្នាំក្រោយនឹងមានការផ្លាស់ប្តូរដោយមានប្រទេសចំនួន ១២ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែលរយៈពេល ៦ ថ្ងៃ នៅទីក្រុងប៊ុយដាប៉ែស ប្រទេស ហុងគ្រី។
កីឡាការិនី Barty ទើបនឹងបានគ្រងដំណែងជាម្ចាស់ជើងឯកពានរង្វាន់ WTA Finals នៅទីក្រុង Shenzhen ប្រទេស ចិន កាលពីថ្ងៃអាទិត្យ។
កីឡាការិនី Barty បាននិយាយថា៖ «នេះគឺជាសប្តាហ៍វិលជុំមួយសម្រាប់ឆ្នាំនេះដែលខ្ញុំចង់កំណត់គោលដៅបញ្ចប់ការលេងប្រចាំឆ្នាំនេះ ហើយការលេងក្នុងនាមជាក្រុមមួយសម្រាប់ប្រទេសរបស់អ្នកគឺពិតជាពិសេស ហើយខ្ញុំបាននិងកំពុងទន្ទឹងរង់ចាំវាជាយូរមកហើយ»។
កីឡាការិនីរូបនេះបានបន្ថែមថា៖ «យើងទាំងអស់គ្នាពិតជាស្រេកឃ្លាននឹងការប្រកួតនេះដែលយើងបានចំណាយពេលប្រហែល ២ ឬ ៣ ឆ្នាំ ដើម្បីបានឡើងដល់ទីតាំងនេះ ហើយឥឡូវវានឹងកើតឡើងនៅចុងសប្ដាហ៍នេះហើយ»៕ AFP/SN