ភ្នំពេញ៖ កីឡាករ វ៉ាន់ វឿន, អេ ណារ័ត្ន, ខេម ចាន់ និង អ៊ូច ធារិទ្ធ ដែល​គេ​ស្គាល់​ថា ជា​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម មាន​ឈ្មោះ​ល្បី ហើយ​ធ្លាប់​ឈ្នះ​ពាន និង​ខ្សែ​ក្រវាត់​យក​មក​គ្រប់គ្រង​ដូច​គ្នា​នោះ គឺ​ហាក់​មាន​ការ​ញញើត​គ្នា​នៅ​ពេល​អ្នក​ទាំង ៤ ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នៅ​សង្វៀន​ថោន នា​យប់​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ។

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម វ៉ាន់ វឿន ដែល​ជា​កីឡាករ​មាន​ចិត្ត​ធំ និង​មាន​របៀប​ប្រកួត​វ៉ៃ​សម្រុក​ខ្លាំង ហើយ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​នោះ បាន​និយាយ​ថា៖ «សម្រាប់​កីឡាករ​ទាំង ៣ នាក់​នេះ ខ្ញុំ​ធ្លាប់​ប្រកួត​ជាមួយ​គ្នា និង​ដឹង​ពី​សមត្ថភាប​គ្នា ប៉ុន្តែ​មិន​អាច​និយាយ​ថា សង្ឃឹម​ឈ្នះ​ច្រើន​បាន​ទេ គឺ​អាស្រ័យ​លើ​ពេល​ប្រកួត តើ​គួរ​ចេញ​អាវុធ ឬ​ក្បាច់​អ្វី​ផ្ទាល់​នៅ​លើ​សង្វៀន។ មួយ​វិញ​ទៀត ការ​ឈ្នះ ឬ​ចាញ់​ជាមួយ​គ្នា​កន្លង​មក គឺ​ពិត​ជា​មាន​លក្ខណៈ​តឹងតែង​ស្វិតស្វាញ​ណាស់»។

វ៉ាន់ វឿន បន្ថែម​ថា៖ «ចំពោះ អេ ណារ័ត្ន ខ្ញុំ​ធ្លាប់​ជួប ៣ លើក និង​ឈ្នះ​ទាំង ៣ លើក រីឯ ​ខេម ចាន់ ជួប​គ្នា ៤ លើក ខ្ញុំ​ឈ្នះ ៣ និង​ចាញ់ ១ លើក ចំណែក អ៊ូច ធារិទ្ធ ខ្ញុំ​ធ្លាប់​ជួប​ប្រកួត​ម្តង​ចាញ់​គាត់ ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម ៥០ ភាគរយ​ប៉ុណ្ណោះ គឺ​ចាំ​មើល​ស្ថានភាព​ប្រកួត​ជាក់​ស្តែង​ថា ​តើ​យើង​អាច​លេង​យុទ្ធសាស្ត្រ​ណា ហើយ​អ្នក​ទាំង ៣ នេះ សុទ្ធតែ​លំបាក​ឈ្នះ​ដូចគ្នា»។

ចំណែក​កីឡាករ ខេម ចាន់ ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ធ្លាប់​ល្បីល្បាញ​ជា កីឡាករ​ប្រកួត​ចាញ់​តិច​បំផុត ដោយ​ធ្លាប់​ឈ្នះ មេដាយ សំរឹទ្ធ នៅ​ស៊ីហ្គេម និង​ធ្លាប់​គ្រង​តំណែង​ជើងឯក​ជាតិ​ចំនួន ៣ ឆ្នាំ​ជាប់ៗ​គ្នា ប៉ុន្តែ​ក្នុង​ប្រកួត​ជ្រើសរើស​ជើងឯក​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ ចាន់ បាន​ចាញ់​កីឡាករ កាន់ ម៉េងហុង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​បោះបង់​ការ​ប្រកួត ព្រោះ​ឈឺ​ជើង ហើយ ខេម ចាន់ ក៏​ទើប​ចាញ់ វ៉ាន់ វឿន ក្នុង​ទឹក​ទី៣ នៅ​លើ​សង្វៀន CNC កាល​សប្តាហ៍​មុន​ផង​ដែរ។

សម្រាប់​ការ​ប្រកួត​លើក​នេះ ខេម ចាន់ បាន​ប្រាប់​ថា៖ «ខ្ញុំ​មិន​ហ៊ាន​សង្ឃឹម​ឈ្នះ​ច្រើន​ទេ​ព្រោះ​ពួក​គេ ពិត​ជា​លំបាក​ប្រកួត​ណាស់ ដោយ​បទពិសោធ​ល្អ​ដូច​គ្នា។ ចំពោះ អេ ណារ័ត្ន និង អ៊ូច ធារិទ្ធ ខ្ញុំ​មិន​សូវ​បារម្ភ​ទេ ប៉ុន្តែ វ៉ាន់ វឿន ពិត​ជា​លំបាក​ឈ្នះ ដោយសារ​គាត់​មាន​ក្បាច់​គេច​រហ័ស និង​វាយ​បក​លឿន ហេតុ​នេះ ខ្ញុំ​សង្ឃឹម​ឈ្នះ​បាន​ប្រាក់​រង្វាន់​នេះ​ត្រឹម ៥០ ភាគរយ​ប៉ុណ្ណោះ»។

ចំណែក អ៊ូច ធារិទ្ធ មាន​បទពិសោធ​ប្រហាក់ប្រហែល វ៉ាន់ វឿន ប៉ុន្តែ​ធ្លាប់​ឈ្នះ វឿន ដោយ​ពិន្ទុ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រាក់​រង្វាន់​នៅ​សង្វៀន​ថោន​នេះ ហើយ​គេ​ធ្លាប់​ឈ្នះ​ជើងឯក​ប្រដាល់​សកល​ថ្នាក់​ជាតិ ៣ ឆ្នាំ​មក​ហើយ។ ធារិទ្ធ និយាយ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង ៣ នេះ វ៉ាន់ វឿន ខ្ញុំ​ធ្លាប់​ឈ្នះ​មែន ប៉ុន្តែ​ពិត​ជា​លំបាក​ប្រកួត​ណាស់ ហើយ​ការ​ប្រកួត​លើក​នេះ ខ្ញុំ​មិន​ហ៊ាន​គិត​ថា ឈ្នះ​ច្រើន​ទេ គឺ​រំពឹង​ត្រឹម ៥០ ភាគរយ»។

ដោយ​ឡែក អេ ណារ័ត្ន មិន​អាច​ទាក់ទង​បាន​ទេ ប៉ុន្តែ​តាមរយៈ​គណៈកម្មការ​ផ្គូផ្គង លោក ជួប វុត្ថា ដែល​ជួប​សម្ភាស អេ ណារ័ត្ន ក្នុង​ពេល​ផ្គូផ្គង បាន​អះអាង​ថា៖ «អេ ណារ័ត្ន មិន​ខ្លាច​ញញើត​ទេ គឺ​គេ​ឡើង​ប្រកួត​ដឹង​តែ​វ៉ៃ និង​ហ៊ាន​តតាំង​ចំពោះ​ជើង​ខ្លាំង​ទាំង ៣ នាក់​នេះ ប៉ុន្តែ​ឈ្នះ ​ឬ​ចាញ់ មិន​ទាន់​ហ៊ាន​កំណត់​មុន​បាន​ឡើយ ព្រោះ​តាមរយៈ​បទពិសោធ អេ ណារ័ត្ន នៅ​ខ្ចី​វស្សា​ជាង​គេ»៕