ក្រុងលីសបោន: ក្តីសង្ឃឹមនៃការឈ្នះពានរបស់ក្រុម Porto បានចាប់ផ្ដើមជួបឧបសគ្គហើយ ក្រោយប្រកួតបានត្រឹមស្មើជាមួយក្រុមនៅបាតតារាង Desportivo Aves កាលពីថ្ងៃអង្គារ ទាំងដែលខ្លួនមានឱកាសបានបាល់ពិន័យ ១១ ម៉ែត្រ តែធ្វើមិនបានសម្រេច ហើយនេះវាជាការបើកផ្លូវឲ្យក្រុមម្ចាស់ជើងឯកចាស់ Benfica មានសិទ្ធិឡើងទៅនៅទីកំពូលតារាងនៃក្របខ័ណ្ឌ Primeira Liga របស់ព័រទុយហ្គាល់ជំនួសវិញ។
ក្រុម Porto មាន ៦៤ ពិន្ទុ ឈរទី ១ តែក្រុមគូប្រជែង Benfica អាចហក់ឡើងទៅនៅពីលើបាន ដោយសារមានគ្រាប់បាល់ច្រើនជាង បើពួកគេប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ Rio Ave នៅថ្ងៃពុធនេះ។ ការប្រកួតនេះ ក្រុម Porto បានធ្វើការសម្រុកទៅលើក្រុមម្ចាស់ផ្ទះ Aves ដែលកំពុងត្រៀមខ្លួនធ្លាក់ទៅធ្លាក់លំដាប់ទី ២ រួចហើយ តែរាល់ការស៊ុតម្ដងៗ ត្រូវបានរារាំងដោយអ្នកចាំទីរហូត ហើយអ្វីដែលគួរឲ្យស្ដាយបំផុត គឺការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Ze Luis នៅដើមវគ្គទី ១ ពោលគឺនាទីទី ១៩ ក៏ត្រូវបានអ្នកចាំទី Fabio Szymonek ជួយសង្គ្រោះបានដែរ។
នៅដើមតង់ទី ២ នាទីទី ៥០ ក្រុម Porto ក៏ត្រូវបានផ្ដល់ឲ្យបាល់ពិន័យ ១១ ម៉ែត្រ ១លើកទៀតដែរ តែអាជ្ញាកណ្ដាល បានកែប្រែការសម្រេចចិត្តរបស់ខ្លួនវិញ ក្រោយមើលវីដេអូជំនួយអាជា្ញកណ្ដាល (VAR) បង្ហាញថា មានកីឡាករស្ថិតនៅជំហរក្រៅល្បែង (offside)។
លទ្ធផលស្មើនេះ បានបញ្ចប់បរាជ័យ ៥ ដងជាប់ៗគ្នារបស់ក្រុម Aves តែជាមួយនឹងការមានតែ ១៤ ពិន្ទុ ហើយការប្រកួតនៅសល់តែ ៧ ដងទៀត នោះវាពិតជាពិបាកណាស់ ក្នុងការធ្វើឲ្យពួកគេ គេចផុតពីការធ្លាក់ពីលីកលំដាប់កំពូលមួយនេះ៕ AFP/VN