ក្រុង​មីឡេន៖ អតីត​វីរបុរស​របស់​ក្រុម​នៅ​អ៊ីតាលី Roma លោក Francesco Totti កាល​ពី​ថ្ងៃ​ចន្ទ បាន​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​ស្រី​ម្នាក់​នៅ​មន្ទីរ​ពេទ្យ ដែល​ទើប​តែ​ងើប​ពី​សន្លប់​រយៈពេល ៩ ​ខែ ក្រោយ​ពី​បាន​ស្ដាប់​ខ្សែ​អាត់​​​សំឡេង​របស់​អតីត​កីឡាករ​បាល់​ទាត់​នៃ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​។

នាង​ Ilenia Matilli ដែល​ជា​អត្តពលិក​បាល់ទាត់​វ័យ ១៩ ​ឆ្នាំ របស់​ក្រុម​នារី Lazio តែ​ជា​អ្នក​គាំទ្រ​ដ៏​ងប់ងុល​ចំពោះ​ក្រុម​គូ​ប្រជែង​​ Roma បាន​សន្លប់​កាល​ពី​ខែ​ធ្នូ ក្រោយ​ពី​បាន​ជួប​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដោយ​រថយន្ដ ដែល​បណ្ដាល​ឱ្យ​មិត្ត​របស់​នាង​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​។​

ក្រោយ​ពី​បាន​ទៅ​ជួប​នាង​ជាង ១​ ម៉ោង​កន្លះ លោក Totti បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​នាង​បាន​ញញឹម​ដាក់​ខ្ញុំ ឱប​ខ្ញុំ ហើយ​ក៏​យំ​។ ខ្ញុំ​មាន​​ក្ដី​រំភើប​ណាស់​ ដែល​បាន​ជួប​ជាមួយ​នឹង Ilenia ហើយ​យើង​នឹង​ជួប​គ្នា​ម្ដង​ទៀត ពេល​ដែល​នាង​ចេញ​ពី​មន្ទីរពេទ្យ​»​។

ឪពុក​របស់​អ្នក​ជំងឺ លោក Stefano Matilli បាន​និយាយ​ប្រាប់​កាសែត Corriere Della- Sera ថា​៖ «​ខ្ញុំ​ត្រូវ​អរគុណ​ចំពោះ​មិត្ត​ម្នាក់​របស់​កូន​ស្រី​ខ្ញុំ ដែល​ចេះ​កើត​គំនិត​ឲ្យ​ទាក់ទង​ទៅ​លោក Totti និង​សុំ​ឱ្យ​គាត់​ផ្ញើ​សារ​ជា​សំឡេង​។ លោក Totti ព្រម​ធ្វើ​តាម​យើង​ភ្លាមៗ​តែ​ម្ដង។ អ្នក​អាច​ឃើញ​ហើយ​ថា គាត់​ជា​មនុស្ស​ចិត្ត​ល្អ ១ ​រូប ពេល​និយាយ​ជាមួយ​គាត់​នៅ​ថ្ងៃ​នេះ​ឯ​មន្ទីរ​ពេទ្យ ហាក់​បី​ដូច​ជា​និយាយ​ជាមួយ​បង​ប្អូន​ប្រុស​ម្នាក់​អ៊ីចឹង​»​។

តែ​យ៉ាង​ណា​កីឡាការិនី Ilenia នៅ​មិន​អាច​និយាយ​បាន​នៅ​ឡើយ​ទេ តែ​នាង​ធ្វើ​សញ្ញា​នូវ​អ្វី​ដែល​យល់​ និង​ចង់​ប្រាប់​តាមរយៈ​ការ​សរសេរ​នៅ​លើ​ថេប្ល៊ិត (tablet )​។​

ជាមួយ​គ្នា​នេះ​ដែរ ការ​ទៅ​សួរ​សុខ​ទុក្ខ​នោះ លោក Totti បាន​និយាយ​ទៅ​កាន់ Ilenia ថា​៖ «​កុំ​ចុះ​ចាញ់​ឱ្យ​សោះ។ អ្នក​ប្រាកដ​ជា​ធ្វើ​បាន​។ ប្រឹង​ឡើង ហើយ​ជា​សះស្បើយ​ឲ្យ​បាន​ឆាប់​។ ខ្ញុំ​នឹង​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​នៅ​ផ្ទះ ពេល​អ្នក​អាច​និយាយ​ និង​ដើរ​បាន​»​។

Totti គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ឈ្នះ​ជយលាភី World Cup 2006 ជាមួយ​ក្រុម​អ៊ីតាលី ហើយ​រូប​លោក​បាន​ចំណាយ​ពេល​រហូត​​​​ដល់​ទៅ ២៥ ​ឆ្នាំ ក្នុង​នាម​ជា​កីឡាករ​ម្នាក់​របស់​ក្រុម Roma មុន​នឹង​សម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើង​ទាត់បាល់​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០១៧៕ AFP/VN