ភ្នំពេញៈ កីឡាការិនី​ស្នូកឃ័រ និង​ប៊ីយ៉ា​ជម្រើស​ជាតិ​កម្ពុជា ស្រួង ភាវី ដែល​កំពុង​ស្នាក់នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ក្រសួង​កិច្ចការនារី​នៃ​សាធារណរដ្ឋ​កូរ៉េ​ផ្តល់​ងារ​ជា​បេក្ខនារី​ឆ្នើម​ក្នុង​គណៈកម្មាធិការ​ពហុវប្បធម៌ និង​កីឡា ប្រចាំ​កូរ៉េ​ខាង​ត្បូង ហើយ​នៅក្នុង​ខែ​កក្កដា​នេះ​ដែរ ភាវី នឹង​នាំ​សប្បុរសជន​មកពី​កូរ៉េ ដើម្បី​ចែក​សៀវភៅ និង​សម្ភារ​សិក្សា​ដល់​ក្មេង​ទីទាល់ក្រ ខ្វះ​ទីពឹង​នៅ​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។

លោក ជា វ៉ាន់សាន្ត សិស្ស​កីឡា​ហាប់គីដូ កំពុង​បំពេញ​ការងារ​នៅ​កូរ៉េ ដែល​ជា​មិត្ត​ស្និទ្ធស្នាល​របស់ ស្រួង ភាវី បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​នៅក្នុង​ពិធី​តែងតាំង​នោះ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​បាន​សម្រេច​តែងតាំង ស្រួង ភាវី ជា​ប្រធាន​គណៈកម្មាធិការ​ពហុវប្បធម៌ និង​កីឡា​គឺជា​ជន​ឆ្នើម​ទី​ ១ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ខណៈ​ប្រិយភាព​របស់​គាត់​ល្បីល្បាញ​ខ្លាំង តាមរយៈ​ការលេង​កីឡា​ស្នូកឃ័រ​នេះ​ឯង ហើយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំៗ​នៅ​កូរ៉េ គេ​និយម​គាំទ្រ ស្រួង ភាវី ខ្លាំង​ណាស់​ក្នុង​នោះ​ដែរ​សប្បុរសជន​មួយ​ចំនួន​ទៀត គេ​ជួយ​ឧបត្ថម្ភ​តាមរយៈ ស្រួង ភារី នេះ​តែ​ម្តង ដើម្បី​ការងារ​មនុស្សធម៌​»​។

ចំណែកឯ ស្រួង ភាវី បាន​ប្រាប់​តាម​ហ្វេសប៊ុក​កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​គឺជា​ស្ត្រី​ខ្មែរ​ដំបូង​គេ តំណាង​ឲ្យ​កម្ពុជា​យើង​ដែល​បាន​ទទួល​តំណែង​មួយ​នេះ​។ នៅ​ស្រុក​កូរ៉េ​នេះ​នៅពេល​ដែល​យើង​ល្បី​គឺ​មាន​ការគាំទ្រ​សព្វបែប​យ៉ាង ក្នុង​នោះ​សូម្បីតែ​ក្លិប ឬ​សមាគម​កីឡា​ស្នូកឃ័រ​ល្បីៗ​មួយ​ចំនួន​ក៏​សុំ​យើង​ថត ដើម្បី​តាំង​រូប​ប្រចាំ​ក្លិប​របស់​គេ​ដែរ​។ បន្ថែម​លើស​នេះ​មាន​ក្រុមហ៊ុន​ល្បីៗ​មួយ​ចំនួន​ទាក់ទង​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​ចុះកិច្ចសន្យា​ជាមួយ​ខ្ញុំ​ក្នុង​ការផ្សាយ​ពាណិជ្ជកម្ម​បាន​ញឹកញាប់​ផង​ដែរ​»​។

ជាមួយ​គ្នា​នេះ ស្រួង ភាវី ដែល​ជា​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា​កម្ពុជា​ផង​នោះ​បាន​សន្យា​ផ្តល់​ប្រាក់​មួយ​ចំនួន​ធំ ដើម្បី​ជួយ​លើកស្ទួយ​សហព័ន្ធ​នេះ​ឲ្យ​មាន​ការរីកចម្រើន​ដោយ​ផ្តោត​ទៅ​លើ​បង្វឹក​អត្តពលិក​ក្មេងៗ និង​ផ្តល់​ជូន​ដល់​ក្មេងៗ​ដែល​ក្រីក្រ​។

ស្រួង ភាវី បាន​បន្ថែម​ថា​៖ «​នាង​ខ្ញុំ​ពិតជា​រំភើប​ចិត្ត​ឥតឧបមា​គឺ​រក​អ្វី​មក​ប្រៀបផ្ទឹម​មិន​បាន ហើយ​ខ្ញុំ​ពិតជា​អរគុណ​ខ្លាំង​ណាស់​ដល់​បងប្អូន​រួមជាតិ​ខ្មែរ​យើង​ដែល​នៅតែ​ជួយ​គាំទ្រ លើកស្ទួយ​ធ្វើឲ្យ​នាង​ខ្ញុំ​មាន​កម្លាំងចិត្ត​ហ្វឹកហាត់​បន្ត និង​ប្រកួត​បាន​លទ្ធផល​ល្អ​។ ជាមួយ​គ្នា​នេះ​ខ្ញុំ​ជា​ស្ត្រី​ខ្មែរ​ដែល​មាន​ឱកាស​ធ្វើ​កិច្ចការ​ល្អៗ​តាម​ជំនាញ ពិសេស​ដើម្បី​បង្ហាញ​នូវ​វប្បធម៌​អត្តសញ្ញាណ​ជាតិ​យើង មិន​ប្តូរ​សញ្ជាតិ ដើម្បី​ប្រាប់​ទៅ​កាន់​ពិភពលោក​អំពី​ខ្មែរ​គឺ​នៅ​តែ​មាន​សមត្ថភាព​ខ្លាំង​ដូច​គេ​ដែរ​»​។

កីឡាការិនី ស្រួង ភាវី ធ្លាប់​ដណ្ដើម​បាន​មេដាយ និង​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​កូរ៉េ​សឹង​រាប់​ភ្លេច ពិសេស​ថ្មីៗ​នេះ​នាង​បាន​ទទួល​ជ័យជម្នះ​ម្តងទៀត​ក្នុង​ការប្រកួត​ជម្រើស​ជើងឯក​ជាតិ​នៅ​កូរ៉េ​។ នៅ​សប្តាហ៍​ទី​ ២ ក្នុង​ខែ​កកដ្កា​នេះ ស្រួង ភាវី នឹង​នាំ​សប្បុរសជន​នៅ​ប្រទេស​កូរ៉េ​មក​ជួយ​ក្មេង​ក្រីក្រ​មួយ​ចំនួន​ទៅ​តាម​កម្លាំង​សទ្ធា​ដែល​ក្នុង​នោះ​គ្រោង​ទៅ​ខេត្ត​នៅ​ជនបទ​មាន​កំពង់ចាម កំពង់ធំ កំពត និង​បាត់ដំបង​។

ស្រួង ភាវី និយាយ​ថា​៖ «​គម្រោង​ផ្តល់​ជូន​នឹង​មាន​សម្ភារ​សិក្សា​របស់​ក្មេងៗ​ និង​មាន​គោលបំណង​ស្វែងរក​ពិនិត្យ​មើល​ទីតាំង​សម្រាប់​បើក​ក្លិប​ស្នូកឃ័រ ដើម្បី​បណ្តុះបណ្តាល​ក្មេងៗ​មួយ​ចំនួន​ដែល​គ្មាន​ទីពឹង និង​មាន​ឧបនិស្ស័យ​ផ្នែក​កីឡា​ប្រភេទ​នេះ​៕