ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានទទួលស្គាល់កីឡាទំនើប Esports ជាផ្លូវការហើយ ខណៈសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាមួយនេះបានចាប់ផ្តើមធ្វើសកម្មភាព និងចេញទៅប្រកួតនៅលើឆាកអន្តរជាតិតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដែលមានលោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានជាប្រធាន និងមានលោក ជី សីលា ជាអនុប្រធាននោះបានប្រឹងប្រែងឲ្យមានសក្តានុពលដោយចំណាយថវិកាផ្ទាល់ខ្លួនក្នុងសកម្មភាពមួយរយៈកន្លងមក ហើយលទ្ធផលកីឡាមួយនេះត្រូវបានគេឃើញថា កំពុងរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជាក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះសម្រាប់ការប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីននាឆ្នាំ ២០១៩ នេះក្រុម Esports ក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ចូលរួមប្រកួតប្រជែងជាលើកដំបូងផងដែរ។ លោក លន់ សាមឌី មន្ត្រី NOCC និងជាអគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានថ្លែងថា៖ «ក្រោយពេលដែលក្រសួងអប់រំ យុវជន និងកីឡា ទទួលស្គាល់តាមសេចក្តីប្រកាសរបស់ក្រសួងលេខ ៥៨៥ ចុះថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៩ នេះគឺស្របទៅនឹងភាពរីកចម្រើនរបស់Esports សម្រាប់ SEA Games 2019»។
លោក សាមឌី បានប្រាប់បន្តថា៖ «សមាសភាពកីឡាករ ឬក្រុមដែលទៅចូលរួមការប្រកួតស៊ីហ្គេមឆ្នាំ ២០១៩ នេះគឺមិនទាន់ប្រកាសបាននៅឡើយ ដោយត្រូវរង់ចាំការប្រកួតជម្រុះក្នុងប្រទេស និងលទ្ធផលប្រកួតក្នុងព្រឹត្តិការណ៍ Mobile Legends: Bang Bang Southeast Asia Cup 2019 (MSC) នៅហ្វីលីពីនមួយទៀតដែលគ្រោងបញ្ចប់ត្រឹមខែកញ្ញា ឆ្នាំ ២០១៩ គឺមុននឹងស៊ីហ្គេមនៅខែវិច្ឆិកា ខណៈម្ចាស់ផ្ទះហ្វីលីពីនដាក់ Esports ចំនួន ៦ វិញ្ញាសា ប៉ុន្តែយើងមិនទាន់ដឹងថា Esports កម្ពុជានឹងជ្រើសរើសវិញ្ញាសាប៉ុន្មានឲ្យចូលរួមនៅឡើយទេ ព្រោះយើងរង់ចាំលទ្ធផលវគ្គជម្រុះថ្នាក់ជាតិ»។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការកាលពីចុងឆ្នាំ ២០១៤ ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប៉ុន្តែសហព័ន្ធនេះបានធ្វើសកម្មភាពរបស់ខ្លួន និងរៀបចំការប្រកួតជម្រុះថ្នាក់ជាតិជាច្រើនលើកដើម្បីស្វែងរកក្រុមមានចំណាត់ថ្នាក់ល្អ ដើម្បីមានសមត្ថភាពទៅចូលរួមការប្រកួតស៊ីហ្គេមនៅហ្វីលីពីនឆ្នាំ ២០១៩ នេះ។
កីឡា Esports ត្រូវបានអនុញ្ញាតឲ្យវិស័យឯកជនចូលរួមលើកស្ទួយ និងឧបត្ថម្ភ ហើយកន្លងមកមានក្រុមហ៊ុន GENTEC WORK Co., Ltd បានជួយរៀបចំការប្រកួតដើម្បីអភិវឌ្ឍ Mobile Legends នេះព្រោះវាជាវិញ្ញាសាដែលត្រូវបានគណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមនៅហ្វីលីពីនបានដាក់បញ្ចូលក្នុងកម្មវិធីរួចហើយ។
លោក សាមឌី បានបញ្ជាក់ថា៖ «ទោះបីយ៉ាងណាក្រុមដែលទទួលបានលេខ ១ នៅក្នុងការប្រកួតនេះដែលមានគ្នា ៥ នាក់នឹងមានឱកាសទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្នុងឆ្នាំ ២០១៩ នេះ នៅឯប្រទេសហ្វីលីពីនតំណាងឲ្យកម្ពុជាហើយក្រុមផ្សេងទៀតនឹងជ្រើសតាមលទ្ធផលដែលយើងធ្វើតេស្ត»៕