ភ្នំពេញ៖ ក្រសួង​ទេសចរណ៍​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) និង​អាជ្ញាធរ​ពាក់ព័ន្ធ ជម្នះ​ប្រារព​ខួប​ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្ដរជាតិ​អង្គរ​ខេត្ត​សៀមរាប លើក​ទី​២៥ ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​អាទិត្យ ​ទី ៦ ខែ ធ្នូ ឆ្នាំ ​២០២០ ខាង​មុខ​នេះ បើ​ទោះ​បី​ការ​រៀបចំ​រង​សម្ពាធ​ខ្លាំង ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​ នា​ថ្ងៃ​ទី ​២៤ ខែ ​តុលា ឆ្នាំ ​២០២០ លោក វ៉ាត់ ចំរើន ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​ NOCC ​បញ្ជាក់​ថា៖ «​​ដោយសារ​ឆ្នាំ ​២០២០ គឺ​ជា​ខួប​ ២៥ ឆ្នាំ នៃ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍ ហេតុនេះ​ទោះ​​ការ​រៀបចំ​ក្នុង​កម្រិត​តូច​ក៏​ដោយ ​ក៏​ត្រូវ​តែ​រៀបចំ​ឱ្យ​បាន​ដែរ ដោយ​ត្រូវ​​​សម្រប​សម្រួល​អនាម័យ ព្រម​ទាំង​ការពារ​សុវត្ថិភាព និង​ធ្វើ​ការ​គ្រប់គ្រង​ជា​​​ពិសេស​។ យើង​សហការ​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​​អនុញ្ញាត​ឱ្យ​ការ​រៀបចំ​នោះ​ដំណើរការ​ទៅ​​តាម​លក្ខណៈ​ដែល​គ្រប់គ្រង​មនុស្ស​ចូលរួម​បាន​»​។

លោក​អគ្គលេខាធិការ​បាន​​បន្ត​ថា៖ ​«យើង​ខិតខំ​រៀបចំ​ក្នុង​កម្រិត​តូច​ ដោយ​មិន​ចង់​ឱ្យ​វា​​បាត់ ព្រោះ​​យើង​​​​ប្រារព្ធ ២៤ ឆ្នាំ​​មក​ហើយ​។ យើង​ដឹង​ហើយ​ថា ​កាល​ពី​​លើក​ទី១ ឆ្នាំ ១៩៩៦ ​រត់​ម៉ារ៉ាតុង នៅ​សៀមរាប មាន​តែ​ខ្មែរ និង​បរទេស​ជាង ៣០០ ​នាក់​ប៉ុណ្ណោះ​ចូល​រួម តែ​ជា​បន្តបន្ទាប់​អ្នក​ចូលរួម​ឡើង​ដល់​ខ្ទង់​ម៉ឺន​មក​ពី​ទូទាំង​ពិភពលោក​»​​។

ហេតុ​អ្វី​បាន​ជា​​យើង​មិន​លុប​ចោល​កម្មវិធី​នេះ អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​​កូវីដ​ដូច​នេះ? លោក​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ដដែល​បាន​ធ្វើ​ការ​ពន្យល់​ថា​៖​ «ក្រសួង​សុខាភិបាល​អនុញ្ញាត​សម្រាប់​តែ​ព្រឹត្តិការណ៍ ដែល​គ្រប់គ្រង​មនុស្ស​ចូលរួម​បាន​។ ព្រឹត្តិការណ៍​​របស់​ជាតិ ដូច​ជា​បុណ្យ​អុំ​ទូក គឺ​​មិន​អាច​គ្រប់គ្រង​បាន​ទេ ដោយសារ​មាន​មនុស្ស​មក​ពី​ប្រភព​ផ្សេង​ៗគ្នា តែ​សម្រាប់​ការ​រត់​ប្រណាំង​ យើង​មាន​ការ​ចុះ​ឈ្មោះ​ត្រឹមត្រូវ ដូច្នេះ​យើង​​ដឹង​ពី​អត្តសញ្ញាណ​របស់​អ្នក​ចូលរួម ហើយ​ពិសេស​ក៏​មាន​ការ​ចូលរួម​ត្រួត​ពិនិត្យ​អនាម័យ​សុខភាព​តាម​បច្ចេកទេស​របស់​ជំនាញ​សុខាភិបាល​ផង​ដែរ​»​។

ការ​ត្រៀម​រៀបចំ​ទិវា​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​​នេះ ​​ក៏​ទទួល​បាន​ថវិកា​ពី​សប្បុរស​ជន​ផង​ដែរ សម្រាប់​ជួយ​អង្គការ​នានា​។​

លោក សែម ផល្លា នាយក​គ្រប់គ្រង​កម្មវិធី​ឱ្យ​ដឹង​ថា​៖​ «​ឆ្នាំ​នេះ ​យើង​ក៏​មាន​កម្មវិធី​ប្រមូល​ថវិកា​ពី​សប្បរស​ជន ដើម្បី​ប្រគល់​​ជូន​ទៅ​អង្គការ​ដៃ​គូ​មនុស្សធម៌ ​ដូច​មុនៗ​ដែរ​។​ កាល​ពី​ឆ្នាំ ​២០១៩ យើង​ទទួល​បាន​ថវិកា​សរុប​ $ ១៤៤,៦១១ ​ដើម្បី​​​​ជូន​ទៅ​ដល់​អង្គការ​ដៃ​គូ​មនុស្ស​ធម៌ ក្នុង​នោះ​មាន​ជូន​ទៅ​កាក​បាទ​ក្រហម​កម្ពុជា ចំនួន $១០ ០០០ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា $​៥ ០០០ អង្គការ Cambodia Trust $​៣ ៦០០ អង្គការ Handicap International Belgium $៣ ០០០ មន្ទីរ​ពេទ្យ​កុមារ​អង្គរ $១១១ ២១១ និង​អង្គការ​បេះដូង​មាស ដែល​មាន​អង្គការ​បុត្រសម្ព័ន្ធ​ចំនួន ៥ នូវ​ថវិកា $១១ ៨០០​»។​

ទាក់ទង​នឹង​សុវត្ថិភាព​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ ១៩ លោក​នាយក​​បញ្ជាក់​ថា៖ «​យើង​ពិនិត្យ​គ្រប់​អត្តពលិក​ចូលរួម ពោល​គឺ​មាន​អត្តសញ្ញាណ​ច្បាស់​លាស់​អាច​ត្រួត​ពិនិត្យ និង​តាមដាន​បាន​ឧទាហរណ៍​ដូច​កីឡា​បាល់ទាត់​អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា​អ៊ីចឹង​កាល​មុន​លក់​សំបុត្រ​មិន​បាច់​អត្តសញ្ញាណ តែ​ពេល​នេះ ត្រូវ​កំណត់​អត្តសញ្ញាណ​។ ចំណែក​ម៉ារ៉ាតុង​របស់​យើង​ក៏​អ៊ីចឹង​ដែរ ត្រូវ​មាន​វិធានការ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​របស់​ក្រសួង​សុខាភិបាល​»។

លោក​បាន​សម្ដែង​ការ​សោកស្ដាយ​ ដែល​ព្រឹត្តិការណ៍ដ៏​ធំ​ធ្លាប់​មាន​អ្នក​ចូលរួម​រាប់​ម៉ឺន​នាក់ តែ​ពេល​នេះ​ត្រូវ​រៀបចំ​ក្នុង​ទ្រង់ទ្រាយ​តូច​ ​ប៉ុន្តែ​យ៉ាង​ណា​នៅ​រក្សា​ខួប​ទី ២៥ ​ឆ្នាំ​បែប​នេះ​បាន គឺ​ជា​និរន្តរភាព​ល្អ​ ១ ​កម្រិត​ហើយ៕​