ភ្នំពេញ: ក្រសួង​អប់រំ យុវជន និង​កីឡា​ព្រម​ទាំង​អគ្គនាយកដ្ឋាន​កីឡា និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​បង្កើន​នូវ​ចំនួន​ប្រភេទ​កីឡា​ដែល​គ្រោង​នឹងដាក់​ប្រមូលផ្តុំ​ជា​ក្រុម​ជម្រើស​ជាតិ​នៅ​ឆ្នាំ​ ២០១៩ ​នេះ ប៉ុន្តែ​នៅក្នុង​ចំនួន​ប្រភេទ​កីឡា​ដែល​បាន​សម្រេច​ជា​បឋម​នោះ នៅ​មិន​ទាន់​មាន​ឈ្មោះ​ប្រភេទ​កីឡា​បាល់ទាត់​នៅ​ឡើយ​ទេ​។

បើ​តាម​តារាង​កំណត់​ចំនួន​ប្រមូលផ្តុំ អនុរក្ស គ្រូបង្វឹក គ្រូជំនួយ អត្តពលិក កីឡាករ កីឡាការិនី​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​នេះ​ដែល​បាន​ចែក​ជូន​ដល់​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​អនុវិស័យ​អប់រំ​កាយ និង​កីឡា​ឆ្នាំ​ ២០១៧-២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​ ២០១៩ កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ប្រភេទ​កីឡា​ទាំង​ ៣៥ ​នោះ​មាន​ប្រភេទ​កីឡា​ថ្មី​ចំនួន​ ៤ ដែល​ទើបត្រូវ​បាន​ដាក់​ឲ្យ​ប្រមូលផ្តុំ​ជា​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​នេះ​។

ប្រភេទ​កីឡា​ថ្មី​ទាំង​ ៤ ​នោះ​មាន​កីឡា​ជឺជីតស៊ូ និង​ម៉ូតូ​ទឹក​ដែល​ទើប​បាន​ឈ្នះ​មេដាយមាស​ឲ្យ​កម្ពុជា​នៅក្នុង​ការប្រកួត​កីឡា​អាស៊ី​នៅ​ឥណ្ឌូនេស៊ី​កាលពី​ឆ្នាំ​ ២០១៧ រួមជាមួយ​កីឡា​បាញ់​កាំភ្លើង និង​កីឡា​រាំ ប៉ុន្តែ​នៅក្នុង​ប្រភេទ​កីឡា​ចំនួន​ ៣០ ​ទៀត​ដែល​ធ្លាប់​ប្រមូលផ្តុំ​កន្លង​មក​នោះ​គឺ​គ្មាន​បាល់ទាត់​ទេ​។ យ៉ាងណា​ក៏ដោយ​លោក ប៉ុន សុខ នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​អះអាង​ថា តារាង​កំណត់​ចំនួន​ប្រមូលផ្តុំ អនុរក្ស គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្តពលិក​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​នេះ​នៅ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ​ទេ គឺ​អាច​មាន​ការប្រែប្រួល ឬ​មាន​ការផ្លាស់ប្តូរ​ទៀត​។

លោក ប៉ុន សុខ បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​៖ «​តារាង​កំណត់​ចំនួន​ប្រមូលផ្តុំ អនុរក្ស គ្រូបង្វឹក គ្រូជំនួយ និង​អត្តពលិក​ក្រុម​ជម្រើស​ជាតិ​នេះ​មិន​ទាន់​ជា​ផ្លូវការ​ទេ គឺ​បញ្ជី​ឈ្មោះ​នេះ​គ្រាន់​តែ​ជា​ការប្រជុំ​ជាបឋម​ដោយ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ​ទេ អ៊ីចឹង​អ្វីៗ​វា​អាច​នឹង​មាន​ការប្រែប្រួល​ខ្លះ​ទៀត​»​។

លោក​បាន​បន្ថែម​ថា​៖ «​បញ្ជី​ឈ្មោះ​នៃ​ការប្រមូលផ្តុំ​របស់​សហព័ន្ធ​កីឡា​ជាតិ ឆ្នាំ​ ២០១៩ ដែល​យើង​បាន​ចែកជូន​នៅក្នុង​កិច្ចប្រជុំ​កន្លង​មក​នេះ​ស្ថិត​នៅ​ក្នុង​ផែនការ​នៅ​ឡើយ​ទេ គឺ​វា​គ្រាន់តែ​ជា​ការប្រជុំ​របស់​គណៈកម្មការ ដើម្បី​លើក​ទិសដៅ​ហើយ​នៅពេល​នេះ​យើង​កំពុង​តែ​ពន្លឿន​លើ​ការងារ​នេះ​ដើម្បី​ឈាន​ទៅ​ដល់​ការសម្រេច​ជា​ផ្លូវការ​»​។

ចំពោះ​ការមិន​ទាន់​មាន​ឈ្មោះ​ប្រភេទ​កីឡា​បាល់ទាត់​នៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ការប្រកួត​ផ្តុំ​នៅ​ឆ្នាំ​នេះ​លោក​ ប៉ុន សុខ បាន​បង្ហើប​ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជា​អ្នក​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង ប៉ុន្តែ​បញ្ហា​នេះ​នៅ​មិន​ទាន់​បាន​សម្រេច​ច្បាស់ការ​នៅ​ឡើយ​ទេ គឺ​នៅ​រង់ចាំ​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​សិន​។

ចំណែក​លោក កែវ សារ៉េត អគ្គលេខាធិការ និង​លោក ម៉ៃ តុលា អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​លើ​បញ្ហា​នេះ​ដូច​គ្នា​កាលពី​ថ្ងៃ​អង្គារ​។

ដោយឡែក​ចំពោះ​ប្រភេទ​កីឡា​ចំនួន​ ៣០ ​ទៀត​ដែល​មាន​ឈ្មោះ​នៅក្នុង​តារាង​កំណត់​ចំនួន​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ជា​បឋម​នៅពេល​នេះ​រួមមាន​ប៉េតង់ តេក្វាន់ដូ (WTF) ចំបាប់ ប្រដាល់​គុន​ខ្មែរ សីដក់ វាយ​កូន​បាល់ ប្រដាល់​សកល ជិះសេះ បាល់ទះ (​ក្នុង សាល និង​ឆ្នេរ​ខ្សាច់​) បាល់បោះ អត្តពលកម្ម ហែល​ទឹក វូស៊ូ កាយសម្ព័ន្ធ ប្រណាំង​ទោចក្រយាន គុនដាវ សូហ្វតិន្នីស វាយ​កូន​ឃ្លី​លើ​តុ វាយ​សី ទ្រីយ៉ាត្លុង ការ៉ាតេ ទូក​ប្រពៃណី និង​អន្តរជាតិ យូដូ ទូកក្តោង វាយកូនគោល វ៉ូវីណាម គុនល្បុក្កតោ តេក្វាន់ដូ (ITF) សូរីនហ្សិកាំប៉ូ និង​អុកចត្រង្គ​។

គួរ​បញ្ជាក់​ថា​ការប្រមូលផ្តុំ អនុរក្ស គ្រូបង្វឹក គ្រូជំនួយ អត្តពលិក កីឡាករ កីឡាការិនី​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​មាន​រយៈពេល​​ ៦ ​ខែ​ដូច​ការប្រមូលផ្តុំ​កាលពី​ឆ្នាំ​ ២០១៨ ​ដែរ​គឺ​ការប្រមូលផ្តុំ​លើក​នេះ​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​ ២៦ ខែ​មេសា​នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា​៕