ភ្នំពេញ៖ ​ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ចេញ​សេចក្តី​​ជូន​ដំណឹង​ទៅ​ដល់​ប្រធាន​សហព័ន្ធ​កីឡាជាតិ​ទាំង ៣២ ឲ្យ​ផ្អាក​ការ​ប្រមូល​ផ្តុំ ការ​បរិភោគ​អាហារ និង​ការ​ស្នាក់​នៅ​រួម​គ្នា របស់​កីឡាករ ​កីឡា​ការិនី​ថ្នាល​ទាំង ​៣២ ​ប្រភេទ​កីឡា ជា​បណ្តោះ​អាសន្ន​ក្នុង​ឆ្នាំ​ ២០២០​។

ការ​សម្រេច​ផ្អាក​ការ​ប្រមូល​ផ្តុំ ការ​បរិភោគ​អាហារ និង​ការ​ស្នាក់នៅ​រួមគ្នា របស់​កីឡាករ-កីឡាការិនី​ថ្នាល​ទាំង ៣២ ប្រភេទ​កីឡា ដែល​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​តាំង​ពី​ថ្ងៃទី ១ ខែ​មករា មក​នេះ គឺ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ដែល​កំពុង​មាន​ការ​រីក​រាលដាល​ខ្លាំង ទាំង​នៅ​លើ​សកល​លោក និង​នៅ​ក្នុង​ប្រទេស កម្ពុជា នាពេល​បច្ចុប្បន្ន​នេះ។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង ដែល​មាន​ការ​ចុះហត្ថលេខា​របស់​លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ​ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ជម្រាប​ជូន​ដល់​សម្តេច​ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី មេត្តា​ជ្រាប​ថា ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ក្រសួង​សូម​ណែនាំ​ដល់​សហព័ន្ធ​កីឡាជាតិ​ទាំង ៣២ នៃ​ប្រភេទ​កីឡា​ថ្នាល ដែល​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ ក្នុង​ឆ្នាំ ២០២០ ដូច​ខាង​ក្រោម ទី១ ផ្អាក​ការ​ប្រមូល​ផ្តុំ​ការ​បរិភោគ​អាហារ និង​ការ​ស្នាក់នៅ​រួម​គ្នា​របស់​កីឡាករ-កីឡាការិនី​ថ្នាល ជា​បណ្តោះអាសន្ន ទាំង ២ កន្លែង ចាប់​ពី​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២០ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី»។

សេចក្តី​ជូន​ដំណឹង​ដដែល​នេះ បាន​បញ្ជាក់​បន្ថែម​ថា៖ «ចំណុច​ទី២ ចំពោះ​របប​អាហារ​ប្រចាំ​ថ្ងៃ ក្រសួង​នឹង​បើក​ផ្តល់​ថវិកា​ជូន​កីឡាករ កីឡា​ការិនីថ្នាល នៅ​ពេល​បើក​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ ហើយ​ទី៣ សូម​បង្កើន​ការ​លាង​ដៃ​ជាមួយ​ទឹក​អាល់កុល ឬ​សាប៊ូ និង​សម្អាត​បរិវេណ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ប្រសើរ។ តាម​សេចក្តី​ដូច​បាន​ជម្រាប​នេះ សូម​សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី មេត្តា​ជ្រាប និង​ចូលរួម​សហការ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ព្រម​ទាំង​តាមដាន​នូវ​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​អប់រំ យុវជន និងកីឡា និង​ក្រសួង​សុខាភិបាល»។

យោង​តាម​តារាង​កំណត់​ចំនួន​ប្រមូល​ផ្តុំ អនុរក្ស គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ កីឡាការិនី​ក្រុម​កីឡា​ថ្នាល​ទាំង ​៣២ ប្រភេទ បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ផ្តុំ​ក្រុម​ថ្នាល​នេះ បាន​ធ្វើ​ចាប់​ផ្តើម​ហ្វឹកហាត់​ពី​ថ្ងៃទី ១ ខែ​មករា នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ដោយ​មាន​កីឡាករ ​២៩០ ​នាក់ កីឡាការិនី ១០៨ នាក់ គ្រូ​បង្វឹក ​៧៧ ​នាក់ អនុរក្ស ៣៤ នាក់ សរុប​ចំនួន ​៥០៩ នាក់ គឺ​គ្រោង​ធ្វើ​ការ​ប្រមូល​ផ្តុំ​ពេញ ១ ឆ្នាំ​តែ​ម្តង ប៉ុន្តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ វា​បាន​រំខាន​ដល់​ការ​ប្រមូល​ផ្តុំ​នេះ ហើយ​ក៏​មិន​ទាន់​ដឹង​ថា ក្រសួង​អប់រំ​នឹង​ប្រកាស​ពេល​វេលា​ប្រមូល​​ផ្តុំ​ជា​ថ្មី​នៅ​ថ្ងៃ​ណា​នោះ​ដែរ។

ចំណែក​ប្រភេទ​កីឡា​ទាំង ៣២ ដែល​បាន​ដាក់​ឲ្យ​ប្រមូល​ផ្តុំ​ជា​ក្រុម​ថ្នាល​នៅ​ឆ្នាំ ២០២០​នេះ រួម​មាន​បាល់ទាត់ ​(U19 និង U16) តេក្វាន់ដូ​(WT) ប៉េតង់ ហែល​ទឹក បាល់បោះ ចំ​បាប់ អត្តពលកម្ម បាល់ទះ ​(ក្នុង​សាល និង​ឆ្នេរ​ខ្សាច់) ប្រដាល់​សកល សីដក់ វាយ​កូន​បាល់ វូស៊ូ កាយសម្ព័ន្ធ ប្រណាំង​ទោចក្រយាន គុនដាវ តេក្វាន់ដូ (ITF) វាយ​កូន​ឃ្លី​លើ​តុ វាយសី សូហ្វតិន្នីស សូរីនហ្សិកាំប៉ូ ទ្រីយ៉ាត្លុង ការ៉ាតេ ទូក​ប្រពៃណី និង​អន្តរជាតិ វ៉ូវីណាម យូដូ គុន​ល្បុក្កតោ ប្រដាល់​គុន​ខ្មែរ ទូក​ក្តោង វាយ​កូន​គោល កីឡារាំ ជិះ​សេះ និង​កីឡា​ជឺជីតស៊ូ។

ជុំវិញ​ការ​ផ្អាក​ការ​ប្រមូល​ផ្តុំ​ក្រុម​ថ្នាល​នេះ​ដែរ លោក ប៉ុង សុខ នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​យ៉ាង​ច្បាស់ មុន​ពេល​ក្រសួង​អប់រំ ចេញ​សេចក្តី​ជូន​ដំណឹង​ជាសាធារណៈ​ថា៖ «នេះ​យើង​មិន​ប្រើ​ពាក្យ​រំសាយ​ទេ គឺ​ផ្អាក​ការ​ប្រមូល​ផ្តុំ​ហូប​រួម ហាត់​រួម​មួយ​រយៈ​ទៅ​តាម សភាព​ការណ៍​ជាក់​ស្តែង ជាពិសេស​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ដែល​ហាម​ការ​ជួប​ជុំ​គ្នា​ច្រើន ឬ​កាត់​បន្ថយ​ការ​ជួបជុំ។ តែ​ទោះ​ជា​យ៉ាង​ណា ខាង​ក្រសួង​អប់រំ នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ថវិកា ដែល​ជា​របប​ឧបត្ថម្ភ​ជូន​តាម​ការ​កំណត់​ដដែល»៕