ភ្នំពេញ៖ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង ​៣៥ ​ប្រភេទ​កីឡា ដែល​បាន​ត្រឹម​ហ្វឹកហាត់​ជា​លក្ខណៈ​ឯកជន​កម្តៅ​សាច់​ដុំ​នៅ​តាម​គេហដ្ឋាន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាល​ដាល​ដោយ​ជំងឺ​កូវីដ ១៩ ​នោះ នឹង​ត្រូវ​វិល​​មក​កាន់​ការ​ហ្វឹកហាត់​ជុំ​គ្នា នៅ​ថ្ងៃទី ១ ខែ​កក្កដា ឆ្នាំ ​២០២០ ខាង​មុខ​នេះ។

ការ​អាច​វិល​មក​កាន់​ការ​ហ្វឹក​ហាត់​ជុំ​គ្នា​របស់​ក្រុម​ជម្រើស​ជាតិ​នេះ គឺ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​​ហ្វឹកហាត់​កីឡា​គ្រប់​កម្រិត ទាំង​ជម្រើសជាតិឡើង​វិញ បន្ទាប់​ពី​បាន​ផ្អាក អស់​រយៈពេល ​៣ ខែ ​ដោយសារ​វិបត្តិ​ការ​រីក​រាល​ដាល​នៃ​​ជំងឺ​កូវីដ ១៩។

យោង​តាម​លិខិត​ស្នើ​សុំ​ទៅ​ ក្រសួង​អប់រំ ​របស់ ​លោក ​ប៉ុន ​សុខ ​នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ ចុះ​ថ្ងៃ​ទី ​១២​ ខែ​មិថុនា​ ឆ្នាំ ​២០២០​ ហើយ​ត្រូវ​បាន​លោក​បណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន ជា​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ បាន​ចេញ​សេចក្តី​យល់​ព្រម​ ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​នៃ​ក្រុម​ជម្រើស​ជាតិ​នោះ គឺ​ក្រុម​ជម្រើស​ជាតិ​ទាំង ​៣៥ ​ប្រភេទ​កីឡា នឹង​ចាប់​ផ្តើម​ហ្វឹកហាត់​ពី​​ថ្ងៃទី ​១ ខែ​កក្កដា ដល់​ថ្ងៃទី ​៣១ ខែធ្នូ ឆ្នាំ ​២០២០។

លោក​ ប៉ុន ​សុខ ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​​ឲ្យ​ដឹង​ថា​៖ «​ការ​ប្រមូល​ផ្តុំ ​ឆ្នាំ ​២០២០ នេះ​ មាន ​៣៤ ​ប្រភេទ​កីឡា និង​បន្ថែម​ក្រុម​កីឡាជន​ពិការ​ទៀត ​សរុប​ទាំង​អស់​មាន​ចំនួន ៥១៦ ​នាក់ ​ក្នុង​នោះ​មាន​កីឡាករ ​២៨៥ ​នាក់ ​កីឡាការិនី ​១០១ ​នាក់ គ្រូ​បង្វឹក​ ​៩៣​ នាក់ និង​​អនុរក្ស ​៣៧ ​នាក់​ ហើយ​ការ​ប្រមូល​ផ្តុំ​នេះ​មាន​រយៈពេល ៦ ​ខែ ដោយ​ចាប់​ពី​ថ្ងៃទី ​១ ខែកក្កដា ដល់​ថ្ងៃទី ​៣១ ខែធ្នូ ឆ្នាំ ​២០២០»។

លោក​ ប៉ុន ​សុខ ​បាន​​ឲ្យ​ដឹង​ទៀត​ថា​ ប្រភេទ​កីឡា​ទាំង ​៣៥ ​ប្រភេទ​នេះ ត្រូវ​បាន​បែង​ចែក​ជា ៥​ ផ្នែក​ផ្សេង​គ្នា ទី​១ ​ប្រភេទ​កីឡា​មាន​សក្តានុពល​ មាន ​១០ ​ប្រភេទ​ ដូច​ជា​​កីឡា​តេក្វាន់ដូ (WT)​ ប៉េតង់ ចំបាប់ សីដក់ ​ជឺជីតស៊ូ ​ ប្រដាល់​សកល គុនល្បុក្កតោ ប្រដាល់​គុន​ខ្មែរ ​ ​ សូហ្វតិន្នីស និង​​ម៉ូតូ​ទឹក​ រីឯ​ទី២ ប្រភេទ​កីឡា​មាន​ប្រជាប្រិយ​មាន បាល់ទះ និង​បាល់បោះ ចំណែក​កីឡា​​អត្តពលកម្ម​ និង​ហែល​ទឹក​ ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​ចាំបាច់។

ចំណែក​ទី​៤ ជាប្រភេទ​កីឡា​ ដែល​កំពុង​អភិវឌ្ឍ ​និង​ជំរុញ​​​ដណ្តើម​មេដាយ​ក្នុង​នោះ​មាន​វាយ​កូន​បាល់​ វូស៊ូ ​កាយ​សម្ព័ន្ធ ​ប្រណាំង​កង់​ គុនដាវ ​ជិះសេះ វាយ​កូនឃ្លី​លើ​តុ​ វាយសី ​ទ្រីយ៉ាត្លុង​ កីឡាការ៉ាតេ​ ទូក​ប្រពៃណី និង​អន្តរជាតិ​ យូដូ​ ទូក​ក្តោង​ វាយ​កូនហ្គោល​ បាញ់​កាំភ្លើង​ និង​កីឡារាំ​ ហើយ​ទី​៥ ជា​ប្រភេទ​កីឡា​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ មាន ​វ៉ូវីណាម​ តេក្វាន់ដូ (ITF) ​សូរិនហ្ស៊ីកាំប៉ូ​​ អុក​ចត្រង្គ និង​ក្រុម​កីឡា​ជន​ពិការ។​

ជុំវិញ​ការ​ប្រមូល​ផ្តុំ​នេះ ​លោក ​វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​​បាន​ថ្លែង​​ថា​៖ «​ក្រសួង អប់រំ​ ខិតខំ​រៀបចំ ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ឡើង​វិញ​ គឺ​ស្រប​ពេល​ ដែល​ស្ថានភាព​ជំងឺ​ឆ្លង​កូវីដ ​១៩ ​ថមថយ ​យើង​គ្រប់គ្រង​បាន»។

លោក វ៉ាត់ ចំរើន ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី ​៣២ ឆ្នាំ ​២០២៣ ផង​នោះ បាន​បន្ថែម​ថា៖ ​«​​​ការ​​ប្រមូល​ផ្តុំ​រយៈពេល ​៦ ​ខែ​នេះ ​គឺ​ទាន់​ពេល​វេលា ដើម្បី​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​នានា​ ទៅ​តាម​កម្ម​វិធី​របស់​ខ្សែ​បណ្តោយ​នៃ​សហព័ន្ធ​អន្តរជាតិ​ ជា​ពិសេស​គឺ ​គោលដៅ​ចម្បងៗ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​លើកទី ៣១ ឆ្នាំ ២០២១​ នៅ​ប្រទេស​វៀតណាម​ និង​កីឡា​ស៊ីហ្គេម​លើកទី ៣២​ ឆ្នាំ ២០២៣​ ដែល​​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិសាស្ត្រ»​៕