ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបាននិងកំពុងគិតគូរ លើការជួយឧបត្ថម្ភទៅដល់ក្រុមអត្តពលិកកីឡាចំបាប់កម្ពុជាទាំងលើការហ្វឹកហាត់ និងការចេញទៅ ប្រកួតនៅលើឆាកអន្តរជាតិ ហើយអ្នកដែលអាចដណ្តើមបានមេដាយ មាស ពីការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ដែលត្រូវធ្វើនៅកម្ពុជា ក៏អាចនឹងទទួលបាននូវការជួយទំនុកបម្រុងដ៏ពិសេសពីក្រសួងមួយនេះផងដែរ។
លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា៖ «ខាងក្រសួងសេដ្ឋកិច្ច មានផែនការក្នុងការជួយដល់ក្រុមចំបាប់ ប៉ុន្តែយើងនូវមិនទាន់សម្រេចពីតម្រូវការ ឬការជួយឧបត្ថម្ភទៅដល់កីឡាករ ក៏ដូចជាការរៀបចំការប្រកួតប្រជែង និងហ្វឹកហាត់ មានចំនួនប៉ុន្មានទេ ពីព្រោះខ្ញុំត្រូវដាក់ជូនឯកឧត្តមបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជ្រាបផងដែរ។ ទោះយ៉ាងណា ចំពោះថវិកានេះ យើងនឹងខិតខំយ៉ាងណា ដើម្បីចូលរួមបំពេញតម្រូវការនៃការហាត់ ក៏ដូចជាការចេញទៅប្រកួត នៅក្រៅប្រទេសរបស់ក្រុមចំបាប់»។
ការលើកឡើងរបស់លោក ងី តាយី ត្រូវបានធ្វើឡើង នៅពេលដែល ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យរូបនេះ បាននាំយកប្រាក់រង្វាន់ទៅជូនដល់អត្តពលិកចំបាប់ ដែលដណ្តើមបានមេដាយឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៨ នៅវិទ្យាស្ថានខេមអេដ កាលពីថ្ងៃអាទិត្យមុន។
ជាមួយគ្នានេះ លោក ងី តាយី ដែលកាន់ផ្នែកកីឡាចំបាប់ និងបាល់ទាត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានគិតគូរពីការជួយឧបត្ថម្ភដល់ការហ្វឹកហាត់របស់ក្រុមចំបាប់ សម្រាប់ដំណើរឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំបានជជែកជាមួយលោកសាស្ត្រាចារ្យ Casey Barnett ម្ចាស់វិទ្យាស្ថានខេមអេដ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រួចហើយ សម្រាប់ទិសដៅជួយចំបាប់ក្នុងការប្រកួតស៊ីហ្គេម គ្រាន់តែយើងមិនទាន់បានលម្អិតពីផែនការឲ្យបានច្បាស់លាស់ ព្រោះស៊ីហ្គេម ឆ្នាំ ២០២៣ ធ្វើនៅស្រុកយើង អ៊ីចឹងកីឡានេះ នឹងមានសក្តានុពលជាវិជ្ជមានមួយក្នុងការដណ្តើមបានមេដាយជូនប្រទេសជាតិយើង»។
បន្ថែមលើនេះ លោក ងី តាយី ក៏គ្រោងនឹងជួយសម្រួលដល់អត្តពលិក ដែលអាចដណ្តើមបានមេដាយមាស ពីស៊ីហ្គេម នៅឆ្នាំ ២០២៣ ឲ្យមានក្របខ័ណ្ឌ នៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។
លោកបានបង្ហើបថា៖ «យើងមិនទាន់ហ៊ានថាអ្វីឲ្យច្បាស់លើការទទួលបានក្របខ័ណ្ឌនេះទេ តែយើងគិតថា ត្រូវមានអីជាការលើកទឹកចិត្ត ព្រោះគាត់បានមេដាយមកតំណាងឲ្យប្រទេសជាតិយើង គឺធំណាស់ អ៊ីចឹងខ្ញុំគិតថា (ការចូលក្របខ័ណ្ឌនេះ) មិនជាបញ្ហានោះទេ ចំពោះអ្នកមានមេដាយនៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣»៕