ភ្នំពេញ៖ អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានទទួលរួចហើយនូវអនុក្រឹត្យពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បង្កើតស្ថាប័នជានាយកដ្ឋានចំនួន ២ ទៀត ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា បន្ថែមលើស្ថាប័ននាយកដ្ឋានចំនួន ៤ ដែលមានស្រាប់។
នៅក្នុងអង្គប្រជុំបិទទ្វារមួយ កាលពីដើមសប្តាហ៍នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហើបថា នាយកដ្ឋានចំនួន ២ ទៀត ដែលនឹងត្រូវបង្កើតនោះ គឺនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងមជ្ឈមណ្ឌលជាតិ ព័ត៌មានវិទ្យា និងស្ថិតិកីឡា។
ការបង្កើតឲ្យមានស្ថាប័ន ២ ថ្មីនេះ វានឹងធ្វើមាននាយកដ្ឋានចំណុះឲ្យអគ្គនាយកដ្ឋានកីឡាចំនួន ៦ ខណៈ ៤ នាយកដ្ឋានមានស្រាប់នៅពេលនេះ ទី១ នាយកដ្ឋានអប់រំកាយ និងកីឡា ដែលមានលោក ហ៊ុន សាមុត ជាប្រធាន ទី២ នាយកដ្ឋានសិស្សនិស្សិត មានលោក ដួង មាសចំរើន ជាប្រធាន ទី៣ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មានលោក ប៉ុន សុខ ជានាយក និងទី៤ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានលោក ធម្ម អង្គារ៉ា ជានាយក។
ប៉ុន្តែចំពោះសមាសភាព ដែលជាថ្នាក់ដឹកនាំនាយកដ្ឋានថ្មីទាំង ២ នៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ ខណៈដែលប្រភពក្រៅផ្លូវការភាគច្រើនល្បីថា ចេញពីក្រសួងអប់រំ ហើយនាយកដ្ឋានថ្មីទាំង ២ នេះ គឺជាសេនាធិការដ៏ចាំបាច់ក្នុងការរួមចំណែករៀបចំសកម្មភាពកីឡា ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្នុងអគ្គនាយកដ្ឋានកីឡា មិនអាចសុំសម្ភាសបានទេ ប៉ុន្តែលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឆ្លើយតបភ្នំពេញប៉ុស្តិ៍ថា ក្រសួងទទួលបានការបង្កើតនាយកដ្ឋានបន្ថែម ២ ទៀតមែន តាមអនុក្រឹត្យលេខ ៤៦ អនុក្របក ចុះថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ចំណុះឲ្យអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ ខណៈដែលមន្ត្រីក្នុងនាយកដ្ឋានទាំង ២ នឹងផ្លាស់ប្តូរចេញពីក្នុងនាយកដ្ឋានទាំង ៤ ចំណុះឲ្យអគ្គនាយកដ្ឋានកីឡា ដែលមានស្រាប់។
យោងតាមអនុក្រឹត្យ ដែលមានការចុះហត្ថលេខារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ គឺនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា មានតួនាទីរៀបចំ គ្រប់គ្រងព្រឹត្តិការណ៍កីឡា និងការប្រកួត, សិក្សា ស្រាវជ្រាវ វាយតម្លៃ និងរៀបចំយន្តការការប្រកួតកីឡា និងព្រឹត្តិការណ៍កីឡាទាំងជាតិ និងអន្តរជាតិ, រៀបចំគោលការណ៍ និងលិខិតបទដ្ឋាន គតិយុត្តនៃការប្រកួត និងព្រឹត្តិការណ៍កីឡា, រៀបចំផែនការប្រកួត និងព្រឹត្តិការណ៍កីឡា ព្រមទាំងសហការជាមួយអង្គការសង្គមជីវកីឡា អង្គការសង្គមកីឡា និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡា។
បន្ថែមលើនេះ នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ត្រូវរៀបចំតាមដាន វាយតម្លៃ ត្រួតពិនិត្យ និងកត់ត្រាគុណផលកីឡា ទុកដាក់ជូនគណៈកម្មការបច្ចេកទេសជ្រើសរើសកីឡាករកម្រិតខ្ពស់ ដើម្បីពិនិត្យ និងសម្រេច, សិក្សារៀបចំយុទ្ធសាស្រ្ត និងស្វែងរកចលនូបត្ថម្ភ, ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារ តាមកាលកំណត់ជូនថ្នាក់ដឹកនាំក្រសួង និងទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាប្រគល់ជូន។
ចំណែកមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា មានតួនាទីប្រមូលទិន្នន័យព័ត៌មានពាក់ព័ន្ធនឹងការហ្វឹកហាត់ ការប្រកួតគុណផលកីឡា និងសុខភាពរបស់កីឡាករ, រៀបចំកម្មវិធីប្រព័ន្ធព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ ដើម្បីស្រង់ស្ថិតិគ្រប់គ្រងព័ត៌មានពាក់ព័ន្ធការហ្វឹកហាត់កីឡា ដើម្បីសុខភាព, រៀបចំផ្សព្វផ្សាយព័ត៌មាន ដែលទទួលបានពីបណ្តាញផ្សព្វផ្សាយផ្សេងៗ ឲ្យបានទូលំទូលាយ, រៀបចំកម្មវិធីវិទ្យាសាស្ត្រកុំព្យូទ័រ ដើម្បីចូលរួមក្នុងការហ្វឹកហាត់ និងប្រកួតលក្ខណៈជាតិ និងអន្តរជាតិ, ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារតាមកាលកំណត់ជូនថ្នាក់ដឹកនាំក្រសួង និងទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានកីឡាប្រគល់ជូន៕