ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ពង្រឹងសមត្ថភាព កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ដើម្បីត្រៀមការប្រកួតជម្រុះជុំទី ២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅក្រៅទឹកដី នាថ្ងៃទី ១០ ខែ តុលា ខាងមុខនេះ។
កីឡាករចំនួន ២៥ នាក់ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគ្រូបង្គោលលោក Felix Dalmas បានសម្រេចកោះហៅឲ្យចូលក្រុមជម្រើសជាតិកម្ពុជាលើកនេះ ហើយកីឡាករមានបទពិសោធ ២ នាក់ គឺ ប្រាក់ មុន្នីឧត្តម ដែលទើបជាពីរបួស និង ធារី ចន្ថាប៊ីន ក៏ត្រូវបានកោះហៅឲ្យចូលរួមផងដែរ បន្ទាប់ពីអ្នកទាំង ២ បានខ្ទាតចេញពីបញ្ជីឈ្មោះក្រុមជម្រើសជាតិក្នុងការប្រមូលផ្តុំនៃការប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង និងក្រុមបារ៉ែន កន្លងមកនេះ។
ចំណែកកីឡាករ កាន់ ពិសាល របស់ក្លិប ក្រសួងការពារជាតិ សួន សុវណ្ណ របស់ក្រុមព្រះខ័នរាជស្វាយរៀង និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់ក្លិបបឹងកេត ក៏ត្រូវបានកោះហៅឲ្យចូលជម្រើសជាតិជាថ្មីផងដែរ ប៉ុន្តែអ្នកចាំទី សាវែង សំណាង របស់ភ្នំពេញក្រោន និង អ៊ិន សូដាវីដ របស់ក្លិបវិសាខា ដែលធ្លាប់ជាប់ក្នុងបញ្ជីឈ្មោះ ២៣ នាក់ចុងក្រោយនៃក្រុមជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗនេះ គឺគ្មានឈ្មោះ ក្នុងការប្រមូលផ្តុំលើកនេះទេ។
ចំពោះកីឡាករ ២១ នាក់ទៀត ដែលបន្តមានឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជាដដែល នោះរួមមាន សេត រ៉ស៊ីប, ទេស សម្បត្តិ របស់បឹងកេត រ៉ឹង ប៊ុនហៀង របស់ក្រសួងការពារជាតិ គួច សុកុម្ភៈ, ស៊ូ យ៉ាទី, គួច ដានី, សុះ ស៊ូហាណា របស់ណាហ្គាវើល អ៊ន ចាន់ប៉ូលីន, សឿត បារាំង, យ៉ើ សាហ្វី, យ៉ើ មូស្លីម របស់ភ្នំពេញក្រោន កីឡាករ ហូយ ផល្លីន, សារ៉េត គ្រីយ៉ា, សឿយ វិសាល របស់ក្លិបព្រះខ័នរាជស្វាយរៀង ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខផេង, កែវ សុខសិលា, អ៊ុក សុវណ្ណ របស់វិសាខា សៀង ចន្ធា របស់សាលាកីឡាបាល់ទាត់ជាតិបាទី និងកីឡាករ ដាវ នីម របស់ក្រុមគិរីវង់សុខសែនជ័យ។
ជាមួយនឹងការប្រមូលផ្តុំនេះ ក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្តើមហ្វឹកហាត់ថ្ងៃទី ១ នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន កាលពីថ្ងៃអង្គារម្សិលមិញ ហើយនៅថ្ងៃទី ៣ និងទី ៥ ខែ តុលា ក៏ពួកគេបន្តហ្វឹកហាត់នៅកីឡដ្ឋាននេះដែរ ខណៈថ្ងៃទី ២ និងទី ៤ ខែតុលា ក្រុមកម្ពុជា អាចមកហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិ មុនពេលពួកគេធ្វើដំណើរទៅហ្វឹកហាត់បន្ថែមទៀត នៅប្រទេស អ៊ីរ៉ង់។
យ៉ាងណាក៏ដោយ មន្រ្តីព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ឲ្យដឹងថា នៅក្នុងចំណោមកីឡាករទាំង ២៦ នាក់ ដែលត្រូវបានប្រមូលផ្តុំហ្វឹកហាត់ នៅពេលនេះ នឹងត្រូវជម្រុះចោលវិញ ៣ នាក់ ដែលអាចនឹងប្រកាសនៅថ្ងៃទី ៥ ខែ តុលា គឺទុកតែ ២៣ នាក់ប៉ុណ្ណោះ សម្រាប់ធ្វើដំណើរទៅប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅឯពហុកីឡដ្ឋាន Azadi Stadium ក្នុងក្រុង Tehran ប្រទេស អ៊ីរ៉ង់ នៅយប់ម៉ោង ៨:៣០ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតក្នុងទឹកដីខ្លួនឯង ២ លើកកន្លងមកនេះ ក្រុមកម្ពុជា បានស្មើ ១-១ ជាមួយក្រុមហុងកុង និងចាញ់ក្រុមជម្រើសជាតិបារ៉ែន ១-០ ហើយការជួបក្រុមអ៊ីរ៉ង់លើកនេះ វាជាការប្រកួតដ៏លំបាកមួយសម្រាប់កម្ពុជា ព្រោះក្រុមអ៊ីរ៉ង់ ទើបប្រកួតបាន ១ លើកនោះ គឺបានយកឈ្នះក្រុមម្ចាស់ផ្ទះហុងកុង រហូតដល់ ២-០ និងកំពុងឈរនៅលេខ ២ ប្រចាំពូល C មាន ៣ ពិន្ទុ បន្ទាប់ពីក្រុមបារ៉ែន ដែលមាន ៤ ពិន្ទុ ជាមួយការឈ្នះ ១ និងស្មើ ១ ប្រកួត៕