ភ្នំពេញ៖ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​បើក​ឆាក​ប្រចាំ​ពូល ​A នៃ​យុទ្ធនាការ​ប្រកួត​ស៊ីហ្គេម ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន នៅ​ពហុកីឡដ្ឋាន Rizal Memorial នា​យប់​ម៉ោង ​៧ (ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​ចន្ទ​នេះ ហើយ​ក្រុម​មីយ៉ាន់ម៉ា ក៏​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​រសៀល​ថ្ងៃ​នេះ​ផង​ដែរ។

ទោះ​យ៉ាង​ណា​ក៏​ដោយ នៅ​មុន​ការ​ប្រកួត​ចាប់​ផ្តើម​ក្រុម​កម្ពុជា បាន​ជួប​នៅ​រឿង​ដ៏​សង្វេគ​មួយ ដោយ​ពួក​គេ​បាន​នាំ​គ្នា​ដេក​រដូក​រណែល​គួរ​ឲ្យ​អាណិត នៅ​លើ​កម្រាល​ព្រំជិត ​៥ ម៉ោង ដើម្បី​រង់ចាំ​​បន្ទប់​ដេក នៅ​ឯ​សណ្ឋាគារ​ហើយ​ទង្វើ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​មួយ​ចំនួន ផ្ទុះ​ការ​រិះ​គន់​ដល់​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ ខណៈ​អ្នក​ខ្លះ​គិត​ថា អាច​ជា​ចេតនា​អ្វី​មួយ​របស់​ម្ចាស់​ផ្ទះ មុន​ពេល​ក្រុម​ទាំង ​២ ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា នៅ​លើ​វាល​ស្មៅ​នា​យប់​ថ្ងៃ​ចន្ទ​នេះ។​

ជុំវិញ​បញ្ហា​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​នាយក​បេសកកម្ម​ការ​ប្រកួត​ស៊ីហ្គេម​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អាទិត្យ​​ថា៖ ​«រឿង​នេះ​បាន​កើត​ឡើង​នៅ​ពេល​ក្រុម​កម្ពុជា​យើង​ទៅ​ដល់ នៅ​ថ្ងៃទី ​២៣ ខែ​វិច្ឆិកា ហើយ​រឿង​នេះ មិន​មែន​មាន​តែ​យើង​ទេ ព្រោះ​ឃើញ​​មាន​ការ​ចុះ​កាសែត​ក្នុង​នោះ​មាន​ក្រុម​ទីម័រ​ខាងកើត និង​ក្រុម​មីយ៉ាន់ម៉ា ជា​ដើម គឺ​មាន​បញ្ហា​ដូច​គ្នា​នេះ​ទាំង​អស់ ប៉ុន្តែ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​នេះ ម្ចាស់​ផ្ទះ​បាន​ធ្វើ​ការ​សុំទោស​ទៅ​ដល់​ក្រុម ដែល​បាន​ទៅ​ដល់​មុន​ទាំង​នោះ»។

លោក​​បាន​បន្ថែម​ថា៖​ «​យើង​បាន​តាម​ដាន និង​បង្ខំ​ពួក​គេ​ឲ្យ​​មក​​ទទួល​​ក្រុម​កម្ពុជា​យើង ប៉ុន្តែ​នៅ​តែ​មាន​ការ​យឺត ហើយ​ការ​ពិត​កំហុស​នេះ ​មក​ពី​ម្ចាស់​ផ្ទះ​ហ្វីលីពីន ព្រោះ​ម្ចាស់​ផ្ទះ​អត់​បាន​និយាយ​ជាមួយ​ម្ចាស់​សណ្ឋាគារ។ ​ខាង​សណ្ឋាគារ មាន​ការ​កំណត់​របស់​គេ ​ឲ្យ​ check in នៅ​ម៉ោង ​២ ហើយ​យើង​ទៅ​ដល់​ម៉ោង ​៥ ​ភ្លឺ និង​ចេញ​​ពី​ព្រលាន ​២ ម៉ោង​ទៀត អ៊ីចឹង​ពេល​ដល់​​​សណ្ឋាគារ​ត្រូវ​រង់ចាំ ​៤ ទៅ ​៥ ម៉ោង ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ក្រុម​យើង តែ​ឥឡូវ​នេះ យើង​បាន​សម្រួល​អស់​វិញ​ហើយ»។

នៅ​ក្នុង​សន្និសីទ​កាសែត​ស្តីពី​ការ​ប្រកួត​នេះ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ ទាំង​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រុម​មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និង គ្រូ​បង្វឹក​ក្រុម​ទីម័រ​ខាង​កើត សុទ្ធ​តែ​បាន​អះអាង​ពី​ការ​ត្រៀម​ខ្លួន​បាន​ល្អ សម្រាប់​ប្រកួត​ប្រជែង​ក្នុង​ពូល ​A នេះ ពិសេស​គ្រូ​បង្វឹក​ក្រុម​ម៉ាឡេស៊ី ដែល​ហាក់​មាន​រំពឹង​ខ្ពស់​ជាង​គេ ក្នុង​ការ​ឆ្លង​ផុត​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​នេះ។

ជាមួយ​គ្នា​នេះ លោក Felix Dalmas គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ ​«យើង​បាន​ត្រៀម​ខ្លួន​រួចរាល់ សម្រាប់​ការ​ប្រកួត​នៅ​ទី​នេះ​ជាមួយ​ក្រុម​ផ្សេងៗ​ទៀត នៅ​ក្នុង​តំបន់។ ថ្វី​ដ្បិត​តែ​មាន​​ការ​រអាក់​រអួល​ជា​ច្រើន​ចំពោះ​ក្រុម​កម្ពុជា​យើង តាំង​ពី​មក​ដល់​ទី​នេះ​ពិត​មែន តែ​ក្រុម​យើង​អាច​ព្យាយាម​សម្របសម្រួល​ខ្លួន ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​បាន​ល្អ»។

ចំណែក​លោក Goran Milojevic គ្រូ​បង្វឹក​ក្រុមហ្វីលីពីន បាន​និយាយ​ថា៖ ​«ជា​ដំបូង ខ្ញុំ​សូម​ស្វាគមន៍​ក្រុម​ផ្សេងៗ ដែល​បាន​មក​កាន់​ប្រទេស ​ហ្វីលីពីន ហើយ​ខ្ញុំ​គិត​ថា ការ​ប្រកួត​បាល់​ទាត់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ និង​មាន​ភាព​ជក់​ចិត្ត​ក្នុង​ការ​ទស្សនា ខណៈ​​គោល​បំណង​របស់​ខ្ញុំ គឺ​ចង់​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ»។

គួរ​បញ្ជាក់​ថា សហព័ន្ធ​កីឡា​បាល់​ទាត់ហ្វីលីពីនបាន​សម្រេច​កោះ​ហៅ​កីឡាករ​កូន​កាត់ និង​កីឡាករ ដែល​ធំធាត់​នៅ​បរទេស​រហូត​ដល់ ​១០ ​នាក់ ដាក់​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ចុង​ក្រោយ​​ទាំង ​២០ ​នាក់ សម្រាប់​ត្រៀម​​ការ​ប្រកួត​ស៊ីហ្គេម​នេះ ហើយ​ការ​ជួប​ក្រុម​កម្ពុជា​នៅ​ថ្ងៃ​នេះ វា​ជា​ពេល​វេលា ដែល​ក្រុម​មួយ​នេះ​ត្រូវ​ប្រើ​គ្រប់​វិធីសាស្រ្ត​ក្នុង​ការ​យក​ឈ្នះ​ក្រុម​កម្ពុជា ដើម្បី​ផ្គាប់​ចិត្ត​ដល់​អ្នក​គាំទ្រ ប៉ុន្តែ​កម្ពុជា​ក៏​ចង់​ទទួល​បាន​លទ្ធផល​ល្អ ដើម្បី​ជា​មោទនភាព​ដល់​ប្រជាជន​កម្ពុជា​ដូច​គ្នា៕