ភ្នំពេញៈ នៅ​ទីបំផុត​អារម្មណ៍​ខកចិត្ត​បាន​កើត​មានឡើង​ចំពោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២ ​ឆ្នាំ​ជាថ្មី​ម្តង​ទៀត ហើយ​ពួកគេ​បាន​បន្សល់ទុក​នៅ​ត្រឹម​ការ «​អរគុណ​» ទៅ​ដល់​អ្នកគាំទ្រ​កម្ពុជា បន្ទាប់​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ​មិន​អាច​យក​ឈ្នះ​លើ​ក្រុម​ U22 ​វៀតណាម ដើម្បី​លុប​បំបាត់​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ចំពោះ​ការចាញ់​ក្រុម​វៀតណាម​សម្រាប់​ការប្រកួត​គ្រប់​កម្រិត​អាយុ​នោះ​។

សម្រាប់​ការប្រកួត​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​ ៣ ពានរង្វាន់ AFF U22 Championship 2019 ជាមួយ​ក្រុម​ U22 ​វៀតណាម​នៅ​ពហុកីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃ​អង្គារ ក្រុម​ U22 ​កម្ពុជា​បាន​ចាញ់​ក្រុម​ U22 ​វៀតណាម ១-០ ប៉ុន្តែ​ពួកគេ​បាន​បង្ហាញ​ការលេង​យ៉ាង​ស្វិតស្វាញ​។

កីឡាករ ស៊ិន សុផាណាត់, ស៊ិន កក្កដា និង យ៉ើ សាហ្វី សុទ្ធតែ​ទទួល​បាន​ឱកាស​មាស​ក្នុង​ការស៊ុត​បាល់​សំដៅ​ទី​ក្រុម​វៀតណាម​យ៉ាង​ស្អាត​នៅ​តង់​ទី​ ១ ប៉ុន្តែ​ការស៊ុត​របស់​ពួកគេ​ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នកចាំទី និង​ខ្សែការពារ​របស់​ក្រុម​វៀតណាម​។ នៅ​នាទី​ទី​ ៥៣ ខ្សែប្រយុទ្ធ សៀង ចន្ធា បាន​អូស​បាល់​រំលង​ខ្សែការពារ​ក្រុម​វៀតណាម​យ៉ាង​លឿន ប៉ុន្តែ​ការសម្រេច​ឆ្កឹះ​បាល់​ឲ្យ​ផុត​ដៃ​អ្នក​ចាំទី​វៀតណាម​គឺ​គេ​មិន​បាន​សម្រេច​ដោយ​បាន​បន្សល់ទុក​នូវ​ត្រឹម​ការសោកស្តាយ​សម្រាប់​អ្នកគាំទ្រ​។

ប៉ុន្តែ​នៅក្នុង​រយៈពេល​ ៣០ ​នាទី​ចុងក្រោយ​ក្រុម​វៀតណាម​បាន​បង្ហាញ​ការលេង​យ៉ាង​ល្អ និង​បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​កម្ពុជា​វិញ​។ បើ​ទោះបី​ជា​អ្នកចាំទី សាវែង សំណាង ដែល​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ជំនួស ហ៊ុល គឹមហ៊ុយ បាន​ជួយ​សង្គ្រោះ​ភាព​ភិតភ័យ​របស់​កម្ពុជា​ជាច្រើន​លើក ប៉ុន្តែ​រូបគេ​មិន​អាច​សង្គ្រោះ​គ្រាប់​បាល់​ដែល​តែ​ត​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែ​បម្រើ​ទើប​ដាក់​ឲ្យ​ចូល​លេង Le Xuan Tu បាន​នោះ​ទេ​។

ការរបូត​មួយ​គ្រាប់​នៅ​នាទី ​ទី​ ៨៥ ​នេះ​បាន​បង្ខំ​ឲ្យ​ក្រុម​កម្ពុជា បើក​ការវាយលុក​ទៅ​លើ​ក្រុម​វៀតណាម​ជាថ្មី​ហើយ​ការ​ស៊ុត​បាល់​សំដៅ​ទី​យ៉ាង​ល្អ​របស់​ ណារ៉ុង កក្កដា គួរ​ណាស់​អាច​ជួយ​ឲ្យ​កម្ពុជា​តាម​ស្មើ ប៉ុន្តែ​អ្នក​ចាំទី​ក្រុម​វៀតណាម នៅតែ​សង្គ្រោះ​បាន​។ ការទទួល​បាន​ត្រឹម​លេខ​ ៤ ដោយ​បាន​ចាញ់ ១-០ នេះ វា​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្រុម​កម្ពុជា​នៅ​តែ​មិន​អាច​កែប្រែ​ប្រវត្តិសាស្ត្រ ចំពោះ​ការយក​ឈ្នះ​លើ​ក្រុម​វៀតណាម ព្រោះ​តាម​ប្រវត្តិ ក្រុម​កម្ពុជា​គ្រប់​កម្រិត​អាយុ​មិន​ដែល​ឈ្នះ​ក្រុម​វៀតណាម​ទេ ចំណែក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ ធ្លាប់​បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​វៀតណាម​រហូត​ដល់​ ៨ ​លើក​។

បន្ថែម​លើ​នេះ​ក្រុម​កម្ពុជា​ក៏​មិន​បាន​បំបែក​កំណត់ត្រា​ថ្មី​ក្នុង​ការទទួល​បាន​ត្រឹម​លេខ​ ៣ ក្នុង​ពាន AFF Championship នេះ​ផង​ដែរ​ព្រោះ​កន្លង​មក​ក្រុម​ U16 ​កម្ពុជា​បាន​លេខ​ ៤ ពាន AFF U16 Championship 2016 ក្រោយ​ចាញ់​ក្រុម​ U16 ​វៀតណាម ១-០ នៅ​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ និង​បាន​ចាញ់​ក្រុម​ថៃ ៣-០ ក្នុង​ប្រកួត​ដណ្តើម​យក​លេខ​ ៣​។ ចំណែក​ក្រុម​ U16 ​នារី​កម្ពុជា​បាន​លេខ​ ៤ នៃ​ពាន AFF U16 Girls'' Championship 2017 ដែរ​ក្រោយ​ចាញ់​ថៃ ៦-០ ​ក្នុង​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ និង​ចាញ់​ក្រុម​នារី​មីយ៉ាន់ម៉ា ៣-១ ក្នុង​ការប្រកួត​ដណ្តើម​យក​លេខ​ ៣ និង​លេខ​ ៤​។

យ៉ាងណា​ក៏ដោយ​អ្នកគាំទ្រ​មាន​ការពេញចិត្ត​ទៅ​លើ​ទម្រង់​លេង​របស់​ក្រុម​ U22 ​កម្ពុជា​ដែល​មាន​ការរីកចម្រើន ហើយ​នៅ​ក្រោយ​ការប្រកួត​បាន​បញ្ចប់​សមាជិក​ក្រុម​ U22 ​កម្ពុជា​ទាំងអស់​បាន Live វីដេអូ​មួយ ដើម្បី​អរគុណ​ដល់​អ្នក​ទស្សនា​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ដល់​ពួកគេ​។ នៅក្នុង​នោះ​ដែរ​ខ្សែការពារ លី វ៉ាហេទ និង អ៊ុក សុវណ្ណ បាន​ធ្វើការ​ប្តេជ្ញាចិត្ត​ដូច​គ្នា​ថា​៖ «​ពួកយើង​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត និង​លេង​ឲ្យ​បាន​ល្អ​ជាង​នេះ​សម្រាប់​ការប្រកួត​លើក​ក្រោយៗ​»​។

ចំណែក​ការប្រកួត​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ U22 ថៃ និង​ឥណ្ឌូនេស៊ី​កាលពី​យប់​ម្សិលមិញ​នោះ​ដែរ​ក្រុម​ឥណ្ឌូនេស៊ី​បាន​យក​ឈ្នះ ២-១ ដើម្បី​លើក​ពាន​ប្រចាំ​ឆ្នាំ​នេះ​៕