The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​កម្ពុជា ចាប់ឆ្នោត​ប៉ះ​ពូលមរណៈនៅ FIFA World Cup

ក្រុម​កម្ពុជា ចាប់ឆ្នោត​ប៉ះ​ពូលមរណៈនៅ FIFA World Cup

Content image - Phnom Penh Post
លទ្ធផងនៃការចាប់ឆ្នោតរបស់ពូលទាំង ៨ ដែលកម្ពុជាស្ថិតក្នុងពូលមរណៈ។ សហការី

ក្រុម​កម្ពុជា ចាប់ឆ្នោត​ប៉ះ​ពូលមរណៈនៅ FIFA World Cup

ភ្នំពេញក្រុម​បាល់​ទាត់​ជម្រើសជាតិ​កម្ពុជា ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​មានការ​ពិបាក​ខ្លាំង ក្នុង​ការ​​ស្វែង​រក​ការ​ឈ្នះ សម្រាប់​ការ​ប្រកួត​ជម្រុះជុំ​ទី​២ ពាន​រង្វាន់ FIFA World Cup Qatar 2022 & AFC Asian Cup 2023 នៅ​ប្រ​ទេស កាតា ខណៈ​ក្រុម​ដ៏​កម្សត់មួយនេះ បាន​ចាប់​ឆ្នោតឈរ​នៅ​ក្នុង​​ពូល​ C ដែលជា​ពូល​មរណៈ ព្រោះ​ត្រូវ​​ប៉ះ​សុទ្ធតែ​ក្រុមខ្លាំង ​ដែល​មាន​សមត្ថ​ភាព និងឈរ​នៅ​ចំណាត់​ថ្នាក់​ពិភព​លោកខ្ពស់​ជាងខ្លួន នោះ។

តាម​រយៈ​ការចាប់​ឆ្នោត​បែង​ចែក​ពូល ដែល​ត្រូវធ្វើ​ឡើង នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ី (AFC) ស្ថិត​នៅ​ក្រុងកូឡាឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​រសៀល​ម៉ោង​ ៤:៣០ ថ្ងៃ​ពុធ​នេះ ក្រុម​កម្ពុជា ដែល​ស្ថិតក្នុង Pot ទី​៥ ​ត្រូវបាន​​ចាប់​ឆ្នោត​ប៉ះ​ក្រុម​ហុងកុង មក​​ពី​ Pot ទី​៤ ក្រុមបា​រ៉ែ​ន មក​​ពី​ Pot ទី​៣ ក្រុម​អ៊ីរ៉ាក់​ មក​ពី Pot ទី​២ និង​ក្រុម​អ៊ីរ៉ង់ មក​ពី Pot ទី​១​។

តាម​លទ្ធផលការ​​ចាប់​ឆ្នោត​នេះ ​ត្រូវបាន​គេ​មើល​ឃើញ​ថា ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាច​នឹង​ក្លាយជា​ក្រុម ដែល​មាន​ការពិបាក​ខ្លាំងបំផុត នៅ​រាល់​ការ​ប្រកួត​មួយ​លើកៗ​របស់​ខ្លួន ព្រោះ​ក្រុម​ទាំង​ ៤​ នេះ សុទ្ធតែ​មានសមត្ថ​ភាពខ្ពស់​ជាង​ខ្លួន ពិសេស​ក្រុម​អ៊ីរ៉ង និង​អ៊ីរ៉ាក់ ដែល​កំពុង​ឈរ​នៅ​លេខ​ ២០ និង​លេខ​ ៧៧ នៃ​ចំណាត់​ថ្នាក់ពិភពលោក ខណៈក្រុមប៉ារ៉ែន ឈរ​នៅ​លេខ​ ១១០ ​និង​ក្រុម​ហុងកុង ឈរ​នៅ​លេខ​ ១៤១ គឺ​ល្អជាង​ក្រុមកម្ពុជា ដែល​ឈរ​នៅ​លេខ​ ១៦៩។

យ៉ាង​ណា​ក៏​ដោយ ការ​លេងជាមួយ​ក្រុម​ខ្លាំងៗ ​វា​នឹង​​ផ្តល់​​ផល​​ប្រយោជន៍​ឲ្យ​ក្រុម​កម្ពុជា ផង​ដែរ គឺ​បទពិសោធ និង​បច្ចេក​ទេស​ថ្មីៗ ក្នុងការ​យក​មក​​អភិវឌ្ឍ​ខ្លួន​ឲ្យកាន់​តែ​​ប្រសើរ ឡើង សម្រាប់​ត្រៀមឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា ខណៈ​ការ​ប្រកួត​ជម្រុះ ពាន​រង្វាន់ FIFA World Cup Qatar 2022 នេះត្រូវ​ធ្វើ​ នៅ​ចុង​ឆ្នាំ​ ២០១៩ និង​ដើម​ឆ្នាំ​២០២០។

សម្រាប់​ការ​ប្រកួត​ជើង​ទី​១ ក្រុម​កម្ពុជា នឹង​ត្រូវស្វាគមន៍ក្រុម​ហុង​កុង នៅ​ថ្ងៃ​ទី ​៥ ខែ កញ្ញា មុន​ជួបក្រុមប៉ារ៉ែន នៅ​ថ្ងៃទី ​​១០ ខែ កញ្ញា ហើយ​នៅ​ថ្ងៃទី​ ១០ ខែ តុលា កម្ពុជា ត្រូវ​ទៅជួប​ក្រុមអ៊ីរ៉ង់ រួច​ទើប​វិល​មក​ជួបក្រុម​អ៊ីរ៉ាក់ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​វិញ នៅ​ថ្ងៃទី​ ១៥ ខែ តុលា ដដែលនោះ។ ចំណែកការ​ប្រកួត​ជើង​ទី​២ កម្ពុជា ​ត្រូវ​ទៅ​ជួប​ក្រុមហុងកុង នៅ​ថ្ងៃទី​ ១៩ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ រួច​បន្ត​ទៅ​ជួប​ក្រុមបារ៉ែន នៅ​ថ្ងៃទី​ ២៦ ខែ មីនា ឆ្នាំ​ ២០២០ និងស្វាគមន៍​ក្រុម​អ៊ីរ៉ង់ នៅ​ថ្ងៃ​ទី ​៣១ ខែដដែលនេះ ហើយ​ចុង​ក្រោយ ​​ត្រូវ​ប្រកួតជាមួយ​ក្រុមអ៊ីរ៉ាក់ នៅ​ថ្ងៃទី​៤ ខែ មិថុនា ឆ្នាំ ​២០២០។

គួរ​បញ្ជាក់ថា សម្រាប់​ការ​ប្រកួតជុំ​ទី​២ ពាន​រង្វាន់ FIFA World Cup Qatar 2022 & AFC Asian Cup 2023 ​គឺ​មានការ​បែង​ចែក​ការ​ប្រកួត​ជា ៨​ ពូល ហើយ​តាម​ការ​ចាប់​ឆ្នោត​នោះ ​ក្រុម​ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ​បាន​ឈរ​នៅ​ពូល​ G ជាមួយ​នឹង​ក្រុម​អារ៉ាប់រួម ខណៈ​មីយ៉ាន់ម៉ា ឈរ​នៅពូល​​ F ជាមួយ​ជប៉ុន ខណៈការ​ប្រកួតនេះ​គេ​យក​ក្រុម​លេខ​ ១ តាម​ពូលនីមួយៗ និងក្រុមលេខ​ ២​ ល្អ ចំនួន​ ៤ ​ក្រុម សរុប​ ១២​ ក្រុម សម្រាប់​ឡើង​ទៅ​លេង​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣៕

អត្ថបទគួរចាប់អារម្មណ៍