ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាបានត្រឹមបង្កើតកំណត់ត្រា ចំពោះការបានឱកាសឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប៉ុន្តែក្រុមដ៏កម្សត់មួយនេះ មិនអាចដណ្តើមបានមេដាយជូនជាតិ ដើម្បីបំពេញការរង់ចាំអស់រយៈពេល ៥៨ ឆ្នាំ របស់កម្ពុជាដដែល ខណៈពួកគេបានចាញ់ក្រុមមីយ៉ាន់ម៉ាក្នុងការប្រកួតដណ្តើមយកលេខ ៣ ឬមេដាយសំរឹទ្ធដ៏គួរឲ្យសោកស្តាយកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។
សម្រាប់ការប្រកួតដ៏គួរឲ្យទាក់ទាញនៅពហុកីឡដ្ឋាន Riza Memorial កាលពីថ្ងៃអង្គារម្សិលមិញនោះ ខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា បានជាប់ឈ្មោះជាកីឡាករ ដែលរកបានគ្រាប់បាល់លឿនបំផុតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខណៈរូបគេបានស៊ុតទម្លុះសំណាញ់ទីក្រុមមីយ៉ាន់ម៉ា នៅត្រឹម ២០ វិនាទី ក្នុងនាទីទី ១ នោះ។
គ្រាប់បាល់របស់ សៀង ចន្ធា បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានការពេញចិត្តយ៉ាងខ្លាំង និងមានការជឿជាក់ថា កម្ពុជាអាចនឹងយកឈ្នះមីយ៉ាន់ម៉ា ដើម្បីលុបបំបាត់ការខកចិត្តចំពោះការចាញ់មីយ៉ាន់ម៉ា ២-១ នៅក្នុងវគ្គជម្រុះនឹងឈានទៅរកការឈ្នះបានមេដាយសំរឹទ្ធជាប្រវត្តិសាស្រ្ត នៅក្នុងការប្រកួតស៊ីហ្គេមលើកនេះ។
ប៉ុន្តែទំនុកចិត្តទាំងនេះ ត្រូវបានរលាយបាត់ទៅវិញ នៅពេលខ្សែប្រយុទ្ធ Aung Kaung Mann បានតែតបាល់បញ្ចូលទី តាមស្មើឲ្យក្រុមមីយ៉ាន់ម៉ាវិញ នៅនាទីទី ៩ ហើយកីឡាករ Myat Kaung Khant បានបន្ថែម ១ គ្រាប់ទៀត តាមរយៈការស៊ុតបាល់ហ្វ្រីឃីកបញ្ចូលទីយ៉ាងស្អាត នៅនាទីទី ៣៥ នោះ។
យ៉ាងណាក៏ដោយខ្សែប្រយុទ្ធ កែវ សុខផេង បានកែប្រែស្ថានភាពឲ្យវិលមករកភាពល្អប្រសើរវិញ ខណៈរូបគេបានស៊ុតបាល់ហ្វ្រីឃីកបញ្ចូលទីបានយ៉ាងល្អ ដើម្បីជួយកម្ពុជាតាមស្មើក្រុមមីយ៉ាន់ម៉ាវិញនៅនាទីទី ៧១ នោះ ប៉ុន្តែ សុខផេង ក៏ជាអ្នកបញ្ចប់ជោគវាសនារបស់ក្រុមកម្ពុជាផងដែរ។
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបាននិយាយក្នុងសន្និសីទ ក្រោយការប្រកួតថា៖ «បើទោះបីជាយើងទទួលបានលទ្ធផលមិនដូចអ្វីដែលយើងចង់បាន ប៉ុន្តែខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះកូនក្រុមរបស់ខ្ញុំ ព្រោះពួកគេប្រឹងប្រែងលេងបានល្អដោយបានបង្កើតឱកាសផងដែរ គ្រាន់តែយើងធ្វើមិនបានសម្រេច ប៉ុន្តែបាល់ទាត់វាតែងតែកើតមានរឿងបែបនេះ»។
ការស្មើគ្នា ២-២ ក្នុងការប្រកួត ៩០ នាទីនោះ បានធ្វើឲ្យក្រុមកម្ពុជា និងមីយ៉ាន់ម៉ា ឈានទៅដល់ការទាត់បាល់ប៉េណាល់ទី ដើម្បីកាត់សេចក្តីការឈ្នះ-ចាញ់ ខណៈការប្រកួតមិនតម្រូវឲ្យមានការប្រកួតថែមនាទីទី ១៥ នាទី ២ ដងនោះ ហើយនៅក្នុងដំណាក់កាលដ៏រន្ធត់នោះ កីឡាករ អ៊ីន សូដាវីដ, យ៉ើ មូស្លីម, ម៉ៅ ពិសិដ្ឋ និង សេត រ៉ស៊ីប សុទ្ធតែស៊ុតបានសម្រេច ដើម្បីប្រដេញតាមពីក្រោយការស៊ុតបញ្ចូលទីយ៉ាងល្អរបស់កីឡាករមីយ៉ាន់ម៉ា។
ប៉ុន្តែ កែវ សុខផេង ដែលជាអ្នកស៊ុតគ្រាប់បាល់ទី ៥ ចុងក្រោយនោះ បានស៊ុតបាល់នោះទៅប៉ះបង្គោលទី ហើយការធ្វើមិនបានសម្រេចនេះ ធ្វើឲ្យ សុខផេង បោកខ្លួនទៅលើទីលាន និងយំដូចកូនក្មេង សម្តែងការសោកស្តាយចំពោះគ្រាប់បាល់បរាជ័យរបស់គេ ព្រោះការស៊ុតមិនចូលនេះ ជួយឲ្យមីយ៉ាន់ម៉ា ឈ្នះកម្ពុជា ៥-៤ និងជាអ្នកឈ្នះបានមេដាយសំរឹទ្ធ លើវិញ្ញាសាប្រកួតបាល់ទាត់បុរសនេះ។
យ៉ាងណាក៏ដោយ លោក Felix Dalmas បានបញ្ជាក់ថា៖ «ខ្ញុំដឹងថា ក្រុមកម្ពុជា ពិតជាចង់បំបែកនូវកំណត់ត្រា និងឈ្នះបានមេដាយត្រឡប់ទៅវិញ គឺគ្មានអ្នកណាចង់ចាញ់នោះទេ។ តែទោះបីជាយ៉ាងណា ខ្ញុំនៅសរសើរទៅដល់ការប្រឹងប្រែង និងឆន្ទៈលេងដ៏មោះមុតរបស់កូនក្រុមខ្ញុំ ហើយខ្ញុំមើលឃើញថា ទៅថ្ងៃអនាគតក្រុមមួយនេះនឹងមានការរីកចម្រើនជាងនេះថែមទៀត ហើយយើងក៏នឹងអាចយកឈ្នះក្រុមមីយ៉ាន់ម៉ា វិញផងដែរ បើសិនជាក្រុមទាំង ២ នេះមានពេលជួបគ្នាម្តងទៀត»៕