ភ្នំពេញៈ ក្រុម​កីឡា​បាល់​ទះ​អង្គុយជន​ពិការ​​កម្ពុជា ​បាន​បាត់​បង់​ឱកាស​ទាំង​ស្រុង ក្នុង​ការ​ឡើង​ទៅ​កាន់វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ការ​​ប្រកួត​​​ជម្រុះ​កីឡា​បាល់​ទះអង្គុយ​ជន​ពិការ​ជើង​ឯក​ពិភព​លោក ឆ្នាំ​ ២០១៨ នៅ​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់​ពី​ក្រុមមួយ​នេះ បាន​ចាញ់​​ក្រុម​ឡេតូនី ក្នុងការ​ប្រកួត​ជម្រុះ​លើក​ចុង​ក្រោយ​​ ៣-១ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

នៅ​ក្នុងការប្រកួត​ដ៏​សំខាន់ ដើម្បី​ប្រជែង​យក​កៅ​អី​ទៅ​កាន់​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ទី​ក្រុង Jeju ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ព្រឹក​មិញ​នេះ ក្រុម​បាល់​ទះ​អង្គុយជន​ពិការ​កម្ពុជា ដែល​មាន​មាឌតូចៗ​ជា​គូ​ប្រជែង​នោះ បាន​បង្ហាញពី​ការ​ប្រកួត​យ៉ាង​ល្អ ដើម្បី​យក​ឈ្នះ​ក្រុម​ឡេតូនី ជាមួយ​គ្រាប់​បាល់ ២៥-១៨ នៅ​ក្នុង​សិតទី​ ១។

យ៉ាង​ណា​ក៏​ដោយ ​សម្រាប់​ការ​ប្រកួត​នៅ​សិត​ទី ​២ ទី ​៣ និងសិតទី​ ៤ ក្រុមបាល់​ទះអង្គុយ​ជន​ពិការ​​ឡេតូនី បាន​កែ​ប្រែ​ការ​ប្រកួត​របស់​ពួក​គេ ​បាន​​​ប្រកួត​យ៉ាង​ល្អ ដើម្បី​វាយ​បក​មក​លើ​ក្រុម​ក្រុម​កម្ពុជា និង​បាន​យក​ឈ្នះ​ក្រុម​កម្ពុជា​៣ សិតជាប់ៗ​គ្នាតែ​ម្តង ជាមួយ​គ្រាប់​បាល់ ២៥-២២ ២៥-១៧ និង ២៨-២៦។

ការ​យក​ឈ្នះ​ក្រុម​កម្ពុជា ៣-១ តាម​រយៈ​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​នេះ បាន​ជួយ​ឲ្យក្រុម​ឡេតូនី ឈរ​នៅ​លេខ​ ២ ​ប្រចាំ​ពូល​ A នឹង​បាន​ឡើង​ទៅ​កាន់​ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ប្រចាំ​ពូល​នេះ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​កូរ៉េខាង​ត្បូង ដែល​ទទួល​បាន​លេខ ​១ ​ប្រចាំ​ពូល ​A នេះ ដោយ​ក្រុម​ទាំង ​២ ​នេះ អាច​នឹង​ត្រូវ​ជួប​​ក្រុម​ក្រូ​អាស៊ី និង​ក្រុម​ថៃ។

ក្រុម​បាល់​ទះអង្គុយ​ជន​ពិការ​ឡេតូនី ​ត្រូវ​ឡើង​ទៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រចាំ​ពូលAជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​កូរ៉េខាងត្បូង។រូប សហការី

ផ្ទុយ​ពី​នេះ​ក្រុម​បាល់​ទះអង្គុយ​ជន​ពិការ​កម្ពុជា ​បាន​បាត់​បង់​ឱកាស ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​ហើយ គឺ​ក្រុមតំណាង​ឲ្យ​កម្ពុជា​មួយ​នេះ នៅ​សល់​ត្រឹម​ឱកាស​ ប្រកួត​ប្រជែង​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ៥ និង​លេខ ​៦ ​ប្រចាំ​ព្រឹត្តិការណ៍​ជើងឯក​ពិភព​លោក​នេះ នៅ​ថ្ងៃ​ទី​ ១ ខែមេសា ដោយ​កម្ពុជា អាច​នឹង​ត្រូវ​ជួប​ក្រុមម៉ុងហ្គោលី ព្រោះ​ម៉ុងហ្គោលី នៅ​មិន​ទាន់​រក​ឃើញ​ការ​ឈ្នះ​របស់​ខ្លួន ក្នុងការ​ប្រកួត​ជម្រុះ​ប្រចាំ​នៅ​ពូល ​B នៅ​ឡើយ​ទេ។

តាម​រយៈ​ការ​ប្រកួត​កន្លង​មក​នេះ ក្រុមម៉ុងហ្គោលី បាន​ចាញ់​ក្រុម​ថៃ ៣-០ ប៉ុន្តែ​ថៃ បាន​ទៅ​ចាញ់​ក្រុម​ក្រូអាស៊ី ៣-០ វិញ ក្នុងការ​ប្រកួត​លើក​ទី​២​ចុង​ក្រោយ​របស់​ពួក​គេ កាល​ពី​ម្សិល​មិញ។ ម៉ុងហ្គោលី នឹង​ត្រូវ​ប្រកួត​ជម្រុះ​លើក​ចុង​ក្រោយ​របស់​ខ្លួន ជាមួយ​ក្រុម​ក្រូអាស៊ី នៅ​ថ្ងៃ​សុក្រ ដែល​គេ​មិន​សង្ឃឹម​ថា ម៉ុងហ្គោលី អាច​យក​ឈ្នះក្រុម​ក្រូអាស៊ី ក្នុងការ​ប្រកួត​លើក​ចុងក្រោយ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ទាំង ​៣​ ឈរ​នៅ​ពូល ​B នេះ មាន​លទ្ធផល​ឈ្នះ ​១ និង​ចាញ់​ ១ ​ប្រកួត​ដូច​គ្នា​នោះ​ទេ៕