The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​កាយ​វប្បកម្ម ប្រកាស​ឈប់​ប្រកួត​តំណាង​ឲ្យ​ជាតិ

ក្រុម​កាយ​វប្បកម្ម ប្រកាស​ឈប់​ប្រកួត​តំណាង​ឲ្យ​ជាតិ

Content image - Phnom Penh Post
កីឡាករ ណុំ សុបិន្ត (​ពី​ឆ្វេង​) សំបូរ សុភណ្ឌ​,​សំបូរ នន់​,​សំបូរ ណាន និង​ ត្រឹង ចាន់ ដែល​បាន​ទៅ​ចូល​ជើងឯក​ពិភពលោក​នៅ​ថៃ​កន្លង​មក​នេះ ប៉ុន្តែ​នៅក្នុង​ចំណោម​នេះ​គឺ​បាន​តែ សំបូរ សុភណ្ឌ ម្នាក់​ទេ​ដែល​ឈ្នះ​បាន​មេដាយមាស ជូន​ជាតិ​។ រូបថត ឈន ណន

ក្រុម​កាយ​វប្បកម្ម ប្រកាស​ឈប់​ប្រកួត​តំណាង​ឲ្យ​ជាតិ

ភ្នំពេញៈ ភាពចម្រូងចម្រាស​នៃ​ការផ្តល់ប្រាក់​រង្វាន់​ទៅ​ឲ្យ​ម្ចាស់​មេដាយមាស​ពិភពលោក សំបូរ សុភណ្ឌ វា​បាន​រីក​ដាល​កាន់តែ​ធំ បើ​ទោះបី​ជា​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ធ្វើ​សន្និសីទ​កាសែត​បកស្រាយ​ទៅលើ​ការផ្តល់​ប្រាក់​រង្វាន់​ឲ្យ សំបូរ សុភណ្ឌ ត្រឹម​ ២០ ​លាន​រៀល​គឺ​ខុស​ពី​អ្នក​ទទួល​បាន​មេដាយមាស​ជើងឯក​ពិភពលោក​មុនៗ​ដែល​ទទួល​បាន​ដល់​ ១២០ ​លាន​រៀល​ក៏ដោយ​។

ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំហាត់ប្រាណ​ហៅ​កាត់​ថា CBBFF បាន​ច្រានចោល​ការ​បកស្រាយ​របស់​លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ដែល​បាន​ធ្វើនៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​ដោយ​បាន​ចេញ​សេចក្តី​ប្រកាស​ថា​៖ «​យើង​ខ្ញុំ​ជា​គណៈកម្មការ​ប្រតិបត្តិ និង​សមាជិក​នៃ​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំហាត់ប្រាណ​មិន​អាច​ទទួល​យក​បាន ចំពោះ​ការបកស្រាយ​របស់​ឯកឧត្តម អ៊ុក សិទ្ធិជាតិ នោះ​ទេ​ដែល​ថា សំបូរ សុភ័ណ្ឌ ដណ្តើម​បាន​មេដាយ​ពី​ប្រទេស​ថៃ គឺ​មាន​វិញ្ញាសា​ច្រើន​រហូត​ដល់​ទៅ​ ៥១ ហើយ​មេដាយ​ខ្លះ​ប្រកួត​ត្រឹម​ ២ ​ទៅ​ ៣ ​ប្រកួត​ក៏​ទទួល​បាន​មេដាយ​ដែរ ហេតុ​នេះ​ក្រសួង​មិន​បាន​ចាត់ទុក​មេដាយ​នេះ​ជា​មេដាយមាស​ពិភពលោក​ពេញលេញ ដើម្បី​ទទួល​បាន​ប្រាក់រង្វាន់​ ១២០ ​លាន​រៀល​»​។

នៅក្នុង​សេចក្តី​ប្រកាស​ដ៏វែងអន្លាយ​ដដែល​នោះ​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ស្តាប់​មើល​ទៅ​ហាក់​ដូចជា​ឯកឧត្តម​មិន​បាន​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ពី​របៀប​នៃ​ការប្រកួត​របស់​កីឡា​កាយវប្បកម្ម​ទេ​គឺ​ធ្វើការ​តាម​អារម្មណ៍​នឹកឃើញ​របស់​បុគ្គល​ខ្លួនឯង មិន​យល់​ពី​របៀប​ឲ្យ​ពិន្ទុ ហើយ​ហ៊ាន​វាយតម្លៃ​មេដាយមាស​ពិភពលោក​ដែល​យើង​ទទួល​បាន​ថា មិន​ពេញលេញ ចុះ​ហេតុអ្វី​បាន​ជា​ប្រទេស​ ៥០ ​ផ្សេង​ទៀត​គេ​ឲ្យ​តម្លៃ​? អ៊ីចឹង​ពួកយើង​ខ្ញុំ​សម្រេច​ចិត្ត​ថា សហព័ន្ធ​នឹង​ផ្អាក​រាល់​ការចូលរួម​ប្រកួត​ទាំង​ថ្នាក់​តំបន់​អាស៊ាន អាស៊ី និង​ពិភពលោក​មួយ​រយៈ​ពេល ដោយ​រង់ចាំ​ការដោះស្រាយ​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាមុន​សិន​»​។

បន្ថែម​លើ​បញ្ហា​នេះ​កីឡាករ សំបូរ នន់ ដែល​ជា​បងប្រុស​បង្កើត​របស់ សំបូរ សុភណ្ឌ និង​កីឡាករ ណុំ សុបិន្ត សុទ្ធ​តែ​បានប្រកាស​នៅលើ​ហ្វេសប៊ុក​របស់​ខ្លួន​ឈប់​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។ សំបូរ នួន បាន​សរសេរ​ថា​៖ «​ខ្ញុំបាទ សំបូរ នន់ ជា​អ្នក​កីឡា​កាយវប្បកម្ម​តំណាង​ជាតិ​តាំងតែ​ពី​ឆ្នាំ​ ២០១២ រហូត​មក​ដល់​បច្ចុប្បន្ន ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​ថា ខ្ញុំ​ឈប់​ប្រកួត​ជា​កីឡាករ​តំណាង​ជាតិ​ទៀត​ហើយ ពីព្រោះ​ក្រសួង​អបរំ យុវជន និង​កីឡា មិន​បាន​ឲ្យ​តម្លៃ​ដល់​កីឡា​មួយ​នេះ​សូម្បីតែ​បន្តិច​។ អរគុណ​បងប្អូន​ដែល​បាន​គ្រាំទ្រ​ខ្ញុំ​បាទ​រហូត​មក​»​។

ចំណែក​កីឡាករ ណុំ សុបិន្ត បាន​ប្រកាស​ថា​៖ «​ខ្ញុំបាទ ណុំ សុបិន្ត (Ra James ) ជា​កីឡាករ​តំណាង​ជាតិ និង​ជា​គ្រូបង្វឹក​ផ្នែក​កីឡា​កាយវប្បកម្ម សូម​ប្រកាស​ជា​សាធារណៈ​ថា ខ្ញុំ​សុំ​បញ្ចប់​នូវ​អាជីព​មួយ​នេះ ហើយ​និង​មិន​ចូលរួម​ប្រកួត​តំណាង​ជាតិ​ទៀត​នោះ​ទេ​»​។

យ៉ាងណា​ក៏ដោយ​ជុំវិញ​បញ្ហា​នេះ​លោក អ៊ុក សិទ្ធិជាតិ ធ្លាប់​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​សាមីខ្លួន​ក៏​ដូចជា​សហព័ន្ធ មិន​ដឹង​ពី​ទំហំ​ប្រាក់រង្វាន់​នេះ​ច្បាស់ គឺ​មាន​ការយល់ច្រឡំ ព្រោះ​តាម​ប្រកាស​អន្តរក្រសួង​លេខ ៧១៦ តាំងពី​ឆ្នាំ​ ២០១៥ គឺ​ប្រាក់រង្វាន់​អ្នក​ឈ្នះ​ជើងឯក​ពិភពលោក​គឺ​មេដាយមាស ២០​ ​លាន​រៀល ប្រាក់ ១៦ ​លាន​រៀល និង​សំរឹទ្ធ ១៣ ​លាន​រៀល​។ ចំណែក​ប្រភេទ​កីឡា​មួយ​ចំនួន​ដែល​ឈ្នះ​បាន​មេដាយ​ជើងឯក​ពិភពលោក​កន្លង​មក​ហើយ​ទទួល​បាន​ប្រាក់រង្វាន់​គឺ​មេដាយមាស​បាន ១២០ ​លាន​រៀល ប្រាក់ ៨០ ​លាន​រៀល និង​សំរឹទ្ធ ៦៤ ​លាន​រៀល​នោះ​គឺ​ធ្វើ​តាម​ករណី​ពិសេស ដោយ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មិនមែន​ធ្វើ​តាម​ប្រកាស​អន្តរក្រសួង ឬ​អនុក្រឹត្យ​នោះ​ទេ​គឺជា​ការលើក​ទឹកចិត្ត​បន្ថែម​របស់​រាជរដ្ឋាភិបាល​»៕

អត្ថបទគួរចាប់អារម្មណ៍