ភ្នំពេញៈ ក្រុម​អត្តពលិក​ការ៉ាតេដូ​កម្ពុជា បាន​បង្កើត​កំណត់ត្រា​ដ៏​ល្អ​មួយ ក្នុងការ​ប្រកួត​ជ្រើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍ លើក​ទី ៧ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម តាមរយៈ​ការ​ឈ្នះ​បាន​មេដាយ​ប្រាក់ ១ និង​សំរឹទ្ធ ៣។ នេះ​បើតាម​របាយ​ការណ៍​របស់​លោក ដែក ភារក្ស បាន​ផ្ញើជូន​លោក វ៉ាត់ ចំរើន អនុ​ប្រធាន​សហព័ន្ធ​កីឡា​ការ៉ាតេដូ​កម្ពុជា កាល​ពី​ម្សិល​មិញ។

លោក វ៉ា​ត់ ចំរើន ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ផង​នោះ បាន​ថ្លែង​ប្រាប់ ភ្នំពេញប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «ជ័យជម្នះ​របស់​ក្រុម​កីឡា​ការ៉ាតេដូ ពេល​នេះ វា​ជា​របត់​ថ្មី​មួយ នៃ​ការ​រីក​ចម្រើន​ផ្នែក​កម្រិត​បច្ចេកទេស​ល្អ នៅ​ក្នុង​ការ​ប្រកួត​កម្រិត​ជើង​ឯក​ក្នុង​តំបន់»។

តាមរយៈ​ការប្រកួត​ដែល​បានធ្វើ ឡើង នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី ២៣ និង​ថ្ងៃទី ២៤ ខែ​មេសា កន្លង​មក​នេះ កីឡាការិនី លី ស៊ូ​អ៊ឹង គឺជា​អ្នក​ឈ្នះ​មេដាយ​ប្រាក់​ឲ្យ​កម្ពុជា លើ​វិញ្ញាសា​សម្តែង​កាតា​ឯកត្តជន ហើយ​នាង​ក៏បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ១ ទៀត ក្នុងការ​ប្រកួត​ប្រយុទ្ធ​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ផង​ដែរ។

ចំណែក​កីឡាករ ជ្រុ​ន វិ​រៈ​បុត្រ បានឈ្នះ​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ហើយ​កីឡាការិនី ឆាយ កៀក​យូគិ បាន​ឈ្នះ​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៥៤ គីឡូក្រាម ប៉ុន្តែ​កីឡាការិនី ឆន ស្រីភា ដែល​ប្រកួត​ក្នុង​ទម្ងន់ ៥០ គ.ក្រ មិន​ទទួល​បាន​មេដាយ​ទេ។

ឆន ស្រី​ភា បានឈ្នះ១ប្រកួត ព្រោះ​ចាប់ឆ្នោត​ឈរជើង ក្នុងការ​ប្រកួត​ជម្រុះ​ដំបូង តែ​នាង​បាន​បន្ត​ទៅ​ប្រកួត​ចាញ់​កីឡាការិនី​ម្ចាស់​ផ្ទះ​វៀតណាម និង​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត។ រីឯ​កីឡាករ និង​កីឡាការិនី​ចំនួន ១៨ នាក់​ទៀត ក៏​មិន​ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួត​នេះ​ដែរ ព្រោះ​ព្រឹត្តិការណ៍​នេះ​កម្ពុជា បាន​បញ្ជូន​អត្តពលិក​រហូត​ដល់ ២២ នាក់ ទៅ​ចូលរួម​ប្រកួត។

លោក សាយ ណូ​រ៉ា អនុប្រធាន​សហព័ន្ធ​កីឡា​ការ៉ាតេដូ​កម្ពុជា ធ្លាប់បាន​ថ្លែង​ថា សហព័ន្ធ​បាន​ជ្រើសរើស​អត្តពលិក ដែល​មាន​ទេពកោសល្យ និង​កម្រិត​បច្ចេកទេស​ខ្ពស់ ចំនួន ២២ រូប​ទៅ​ចូលរួម​ប្រកួត​នេះ។

បើទោះបី​កា​រ៉ា​តេ​ដូ​របស់​កម្ពុជា នៅមានកម្រិត​ទាប​ជាង​ប្រទេស​ដទៃ ប៉ុន្តែ​ទាំង​ថ្នាក់​ដឹកនាំ គ្រូបង្វឹក និង​អត្តពលិក បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ និង​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ប្រកួត​ប្រជែង​យក​មេដាយ ជូន​ជាតិ។

ជុំវិញ​ភាព​រីកចម្រើន​របស់​ក្រុម​កីឡា​ការ៉ាតេ​ដូ​កម្ពុជា បច្ចុប្បន្ន លោក វ៉ា​ត់ ចំរើន បាន​ថ្លែងថា នៅ​ក្នុង​អាណត្តិ ដែល​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់ ត្រូវ​សម្រេច​ចិត្ត​នាំ​គ្នា ធ្វើ​កំណែ​ទម្រង់​ទាំង​ការ​ដឹកនាំ គ្រប់គ្រង និង​ការ​ហ្វឹក​ហាត់​នោះ ការ៉ាតេដូ មាន​លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន​ជា​ប្រធាន​សហព័ន្ធ គឺ​ចាប់​ផ្តើម​មាន​សម្ទុះ​រីក​ចម្រើន និង​ដណ្តើម​បាន​មេដាយ​ពី​កម្រិត​អន្តរជាតិ​នានា​ជា​បន្ត​បន្ទាប់។ លោក​បន្ថែម​ថា៖ «ក្នុង​នាម​ថ្នាក់​ដឹកនាំ​កីឡា គឺ​សូម​អបអរសាទរ និង​គាំទ្រ​លើក​ទឹកចិត្ត​ចំពោះ​លទ្ធផល​ដ៏​ល្អ​របស់​ការ៉ាតេដូ ដែល​បាន​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​ប្រទេស​វៀតណាម លើក​នេះ»៕