ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី៣២ ឆ្នាំ ២០២៣ និង​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា (NPCC) បាន​សម្រេច​ដាក់​ប្រភេទ​កីឡា​ជនពិការ​ចំនួន ៨ ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១១ ឆ្នាំ ២០២១ ដែល​ត្រូវ​ធ្វើ​ពីថ្ងៃ​ទី ១៧ ដល់ទី ២៣ ខែធ្នូ គឺ​បន្ទាប់​ពី​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣១ ឆ្នាំ ២០២១ នៅ​ប្រទេស​វៀតណាម។

លោក យី វាសនា អគ្គលេខាធិការ NPCC បាន​ប្រាប់​ថា៖ «ក្នុង​នាម​ខ្ញុំ​អគ្គលេខាធិការ​តំណាង​ឱ្យ​កីឡា​ជនពិការ​កម្ពុជា​បាន​ចូលរួម​ប្រជុំ​ជាច្រើន​លើក​ច្រើនសា ជាមួយ​ថ្នាក់ជាតិ និង​អន្តរជាតិ ហើយ​គិត​មក​ដល់​ពេល​នេះ កម្ពុជា​យើង​សម្រេច​ជ្រើស​យក​កីឡា​តែ ៨ ប្រភេទ​ប៉ុណ្ណោះ ក្នុង​ចំណោម​ម្ចាស់​ផ្ទះ​វៀតណាម​ដាក់​ឱ្យ​ប្រកួត​ចំនួន ១១ ប្រភេទ ហើយ​កម្ពុជា​ក៏​ខកខាន​ប្រភេទ​កីឡា​មាន​សក្តានុពល ២ ផង​ដែរ គឺ​បាល់ទះ​អង្គុយ និង​បាល់បោះ​ជិះរទេះ ដែល​វៀតណាម​ម្ចាស់​ផ្ទះ​គ្មាន»។

លោក យី វាសនា ដែលជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី៣២ ឆ្នាំ ២០២៣ (CAMSOC) ផង​នោះ បាន​បន្ថែម​ថា កីឡា​ជនពិការ​កម្ពុជា​បាន​ឆ្លង​ទៅ​គណៈកម្មាធិការ និង​ភាគី​ពាក់ព័ន្ធ​រួច​ហើយ​នូវ​កីឡា​ចំនួន ៨ ប្រភេទ មាន​អត្តពលកម្ម ហែល​ទឹក បាញ់​ធ្នូ វាយ​កូនឃ្លី​លើ​តុ បុស្យា បាល់បោះ​ជនពិការ​ភ្នែក វាយសី និង​លើក​ទម្ងន់។

ទាក់ទង​ទៅ​នឹង​ការ​ត្រៀម​ខ្លួន​ហ្វឹកហាត់ ត្រៀម​ចូលរួម​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​នេះ លោក យី វាសនា បាន​បញ្ជាក់​ថា៖ «យើង​មាន​បញ្ហា​លំបាក​ដូចគ្នា ព្រោះ​ការ​ហ្វឹកហាត់​ក្នុង​សម័យ​យើង​មាន​បញ្ហា​កូវីដ ១៩ តាមរយៈ​អនឡាញ​នេះ ពិត​ជា​មិន​បាន​ល្អ ឬ​មាន​កម្រិត​បច្ចេកទេស​ថយចុះ​ក៏​អាច​ថា​បាន ប៉ុន្តែ​យើង​ប្រឹងប្រែង​ខ្លាំង​ព្រម​ទាំង​បាន​លើក​ទឹកចិត្ត និង​អប់រំ​ណែនាំ​ដល់​អត្ត​ពលិក​របស់​យើង​បាន​ល្អ​ជា​ប្រចាំ»។

អគ្គលេខាធិការ​រង CAMSOC រូប​នេះ​បន្ថែម​ថា៖ «បច្ចុប្បន្ន យើង​កាន់តែ​ខិតខំ​បង្កើន​គុណ​ផល​ហ្វឹកហាត់​ដល់​អត្តពលិក ដោយ​បាន​អំពាវនាវ ដាស់​តឿន ដល់​កីឡាករ កីឡាការិនី​គ្រូបង្វឹក គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​ឱ្យ​ប្រឹង​អស់​ពី​លទ្ធភាព ព្រោះ ៨ ប្រភេទ​កីឡា​នេះ កំពុង​ហ្វឹកហ្វឺន​មាន​សក្តានុពល​គួរ​ឱ្យ​មាន​ទំនុក​ចិត្ត»។

ចំណែក​លោក សុខ ជា នាយក​រដ្ឋបាល​អង្គការ​ជនពិការ​កម្ពុជា​បាន​ប្រាប់​ថា៖ «តាម​ផែនការ​របស់​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១១ ឆ្នាំ ២០២១ បាន​សម្រេច គឺ​យើង​មាន​ប្រភេទ​កីឡា ៨ ប្រភេទ ហើយ​យើង​រំពឹង​ខ្ពស់​ក្នុង​ការ​ដណ្តើម​យក​មេដាយ​ជូន​ជាតិ។ ជាមួយ​គ្នា​នេះ យើង​បាន​ឯកភាព​តាម​ការ​ស្នើសុំ​របស់​ក្រុមប្រឹក្សាភិបាល ដែល​ប៉ារ៉ាហ្គេម លើក​នេះ មិន​បាន​ដាក់​បញ្ចូល​ប្រភេទ​កីឡា​បាល់ទះ​អង្គុយ និង​បាល់​បោះ​ជិះរទេះ ព្រោះ​ម្ចាស់​ផ្ទះ វៀតណាម គ្មាន​ប្រភេទ​កីឡា​នេះ ទើប​គេ​មិន​ដាក់​ចូល»។

តាម​លោក យី វាសនា បាន​ឱ្យ​ដឹង​ទៀត​ថា កម្ពុជា​បាន​ត្រៀម​អត្តពលិក​ជា​ជនពិការ​ចំនួន ៧៧ នាក់ ឱ្យ​ទៅ​ចូលរួម​ការ​ប្រកួត​ប៉ារ៉ាហ្គេម​លើក​ទី១១ នៅ​ប្រទេស​វៀតណាម ចុង​ឆ្នាំ ២០២១ នេះ ខណៈ​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​លក្ខណៈ​អន្តរជាតិ​ចំនួន ១៥ លើក ដោយ​គិត​តាំង​ពី​ឆ្នាំ ១៩៩៩ រហូត​មក​ដល់​បច្ចុប្បន្ន ក្រុមកីឡា​ជនពិការ​កម្ពុជា​ដណ្តើម​បាន​មេដាយ​រាល់​លើក ដោយ​សរុប​មាន​ចំនួន ១៥៩ មេដាយ ក្នុង​នោះ​មេដាយ​មាស ២២ ប្រាក់ ៧៨ និង​សំរឹទ្ធ ៥៩ គ្រឿង៕