ភ្នំពេញៈ ក្រុមកីឡាករ កីឡាការិនីទាំង ៩៤ នាក់ របស់អង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ បានទទួលជោគជ័យយ៉ាងធំធេងបំផុត គឺការដណ្តើមបានមេដាយសរុបចំនួន ៤៦ នៅក្នុងការប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ ឆ្នាំ ២០១៩ (The 18th World Police and Fire Games) នៅប្រទេស ចិន ហើយប្រតិភូកីឡាមួយក្រុមនេះ បាននាំយកមហាជ័យជម្នះនេះ មកដល់មាតុប្រទេសវិញ កាលពីថ្ងៃចន្ទ។
ប្រធានអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ លោក ជា ប៊ុនហេង បានចាត់ទុកការឈ្នះបានមេដាយមាស ១៨ ប្រាក់ ១៧ និងសំរឹទ្ធ ១១ សរុបចំនួន ៤៦ មេដាយ ពីការប្រកួតកីឡានគរបាលពិភពលោក ជាលើកដំបូងនេះថា ជាការបង្កើត «ប្រវត្តិសាស្រ្ត» ដ៏ធំបំផុតសម្រាប់កងកម្លាំងនគរបាលជាតិ។
លោក ជា ប៊ុនហេង បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «មុនការប្រកួត ខ្ញុំដេកមិនលក់ទេ គឺខ្លាចដណ្តើមមិនបានមេដាយ ព្រោះសម្តេចក្រឡាហោម ស ខេង បានចំណាយថវិកាជិត ១០ ម៉ឺនដុល្លារ សម្រាប់ចំណាយលើការបញ្ជូនក្រុមកីឡានគរបាលជាតិ ទៅចូលរួមការប្រកួតនេះ ប៉ុន្តែវាពិតជារំភើបខ្លាំងបំផុត នៅពេលក្រុមប្រណាំងទូកនាគរបស់យើង ដណ្តើមបានមេដាយមាស នៅថ្ងៃប្រកួតបើកឆាកនោះ»។
បន្ថែមទៅលើការដណ្តើមបានមេដាយមាស ១ លើការប្រណាំងទូកនាគ សម្រាប់ការប្រកួតបើកឆាកនេះ អត្តពលិកកីឡានគរបាលជាតិ ដែលលេងនៅលើ ប្រភេទកីឡាចំនួន ១២ ទៀត គឺពួកគេបន្តដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ ជាបន្តបន្ទាប់នៅគ្រប់ប្រភេទកីឡាទាំងអស់តែម្តង ហើយក្នុងនោះក្រុម ការ៉ាតេដណ្តើមបានមេដាយមាសច្រើនជាងគេ គឺបាន ៧ និង មេដាយប្រាក់ ២ ទៀត។
ចំណែកក្រុមតេក្វាន់ដូ ដណ្តើមបានមេដាយមាស ៣ ប្រាក់ ១ សំរឹទ្ធ ២ ក្រុមចំបាប់ បានមាស ២ ប្រាក់ ៣ សំរឹទ្ធ ២ កីឡាជូជីតស៊ូ បានមាស ២ សំរឹទ្ធ ១ កីឡាហែលទឹក បានមាស ១ ប្រាក់ ២ សំរឹទ្ធ ២ ការប្រកួតកាច់ដៃ របស់ក្រុមចំបាប់បានមាស ១ ប្រាក់ ២ សំរឹទ្ធ ១ កីឡាអត្តពលិក បានមាស ១ ប្រាក់ ២ ក្រុមយូដូ បានប្រាក់ ៣ សំរឹទ្ធ ១ ក្រុមវាយសី និងទ្រីយ៉ាត្លុង បានមេដាយប្រាក់ ១ ដូចគ្នា ហើយវាយកូនឃ្លីលើតុ និងក្រុមបាល់ឱប បានមេដាយសំរឹទ្ធ ១ ដូចគ្នាដែរ។
លោក ជា ប៊ុនហេង បានថ្លែងសង្កត់ធ្ងន់ថា៖ «ជ័យជម្នះដែលយើងទទួលបានលើកនេះ វាជាមហាកិត្តិយស និងជាការបង្កើតប្រវត្តិសាស្រ្តដ៏អស្ចារ្យ របស់កីឡានគរបាលជាតិកម្ពុជា។ ការប្រកួត ដែលធ្វើឡើង ២ ឆ្នាំនេះ គឺបានធ្វើអស់រយៈពេល ៣៤ ឆ្នាំ មកហើយ ហើយយើងទើបតែបានចូលរួមជាលើកទី១ នេះទេ ប៉ុន្តែយើងឈ្នះបានមេដាយរហូតដល់ ៤៦ ហើយនេះជាមោទនភាពខ្ពស់របស់អង្គភាពកីឡានគរបាលជាតិរបស់ យើង»។
ការឈ្នះបានមេដាយសរុប ៤៦ លើកនេះ ក៏បានក្លាយជាការបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត ចំពោះការឈ្នះបានត្រឹមមេដាយប្រាក់ ១ និងសំរឹទ្ធ ១ សម្រាប់ការចូលរួម កាលពីជំនាន់មុនផងដែរ។
លោក ជា ប៊ុនហេង បញ្ជាក់ថា៖ «រៀមច្បងរបស់យើងបានប្រាប់ថា កាលពីជំនាន់មុន ចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ កីឡារបស់ប៉ូលិស ធ្លាប់ចេញទៅប្រកួតដែរ គឺគ្នា ៤០ ទៅ ៥០ នាក់ ដណ្តើមបានមេដាយតែ ២ គត់ ហើយតាំងពីជំនាន់នោះ មកដល់ឥឡូវនេះ គឺយើងបានចូលរួមជាលើកទី១ លើកនេះ ហើយយើងដណ្តើមបានមេដាយច្រើនមែនទែន អ៊ីចឹងយើងបានបំបែកប្រវត្តិសាស្រ្តដែលមិនធ្លាប់មានពីមុនមក»។
ជាមួយគ្នានេះ លោក ប៊ុនហេង បានអះអាងថា លោកនឹងធ្វើការស្នើសុំគោលការណ៍ទៅថ្នាក់លើរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចូលអ្នកដែលទើបឈ្នះបានមេដាយពីការប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ ឆ្នាំ ២០១៩ ទៅក្នុងក្របខ័ណ្ឌប៉ូលិស៕