ក្រុងឡុងដ៍: ប្រទេស​កូរ៉េ​ទាំង​ ២ កំពុង​តែ​ត្រៀម​បញ្ជូន​រួម​គ្នា​ជាច្រើន​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ ឆ្នាំ​ ២០២២ ទៅលើ​វិញ្ញាសា​កីឡា​បាល់បោះ យូដូ ហុកឃី និង​ទូកចែវ​។ នេះ​បើ​យោង​ទៅ​តាម​ការបញ្ជាក់​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) កាលពី​ថ្ងៃ​សុក្រ​។ IOC បញ្ជាក់​ថា​ក្រុម​រួម​គ្នា​របស់​ប្រទេស​ទាំង​ ២ នឹង​ចូលរួម​ក្នុង​ការប្រកួត​ជម្រុះ​នានា ដោយ​មាន​ការចូលរួម​ពី​សំណាក់​សហព័ន្ធ​អន្តរជាតិ​ផ្សេង​ទៀត​ជាច្រើន​។

ការសម្រេច​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ក្រោយពី​រដ្ឋមន្ត្រី​កីឡា​នៃ​ប្រទេស​ទាំង​ ២ និង​មន្ត្រី​តំណាង​ឲ្យ​គណៈកម្មាធិការ​អូឡាំពិក​របស់​កូរ៉េ​ខាង​ជើង និង​ខាងត្បូង​បាន​ជួបប្រជុំ​ជាមួយ​នឹង​លោក Thomas Bach ប្រធាន​អូឡាំពិក​អន្តរជាតិ នៅឯ​ទីស្នាក់ការ​កណ្តាល​របស់ IOC ក្នុង​ទីក្រុង Lausanne​។

ក្រុម​ដែល​ប្រកួត​លើ​កីឡា​ទាំង​ ៤ ​ប្រភេទ​នោះ​មាន​ក្រុម​កីឡា​បាល់បោះ​នារី ក្រុម​ហុកឃី​នារី ក្រុម​យូដូ​ចម្រុះ​ក្នុង​ប្រភេទ​ទម្ងន់​ចំនួន​ ៤ និង​ក្រុម​បុរស​សម្រាប់​វិញ្ញាសា​ទូក​ចែវ​ ៣ ​ប្រភេទ ទូកប្រណាំង​មាន​គ្នា​ ៤ ​នាក់​ ២ ​ប្រភេទ និង​ទូកប្រណាំង​មាន​គ្នា​ ៨ ​នាក់​។ លោក Bach បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ជឿជាក់​ថា​នេះ​គឺជា​គំរូ​ដ៏អស្ចារ្យ​មួយ​នៃ​ស្មារតី​អូឡាំពិក​»​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​ឡែក​ពី​គ្នា​មួយ IOC បាន​បញ្ជាក់​ថា​៖ «​ក្រុម​រួមគ្នា​របស់​កូរ៉េ​ទាំងនេះ​នឹង​ត្រូវ​តែ​ឆ្លងកាត់​ការប្រកួត​ជម្រុះ​សម្រាប់​សិទ្ធិ​ចូលរួម​ក្នុង​អូឡាំពិក​»​។

ប៉ុន្តែ​ប្រទេស​ទាំង​ ២ ក៏​នៅ​តែ​ត្រូវ​រង់ចាំ​ការផ្តល់​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវការ​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ IOC ក្នុង​ទីក្រុង Lausanne នា​ថ្ងៃទី​ ២៦ ដល់​ទី ​២៨ ខែ​មីនា​ផង​ដែរ​។

ចលនា​នៃ​ការបង្កើត​ក្រុម​រួម​គ្នា​នេះ​កើតឡើង​ក្រោយពី​កូរ៉េ​ទាំង​ ២ បាន​ដើរ​ជា​ក្បួន​ដង្ហែ​ក្រោម​ទង់ជាតិ​រួម​គ្នា​មួយ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង Pyeongchang ឆ្នាំ​ ២០១៨ ដែល​នៅពេល​នោះ​ពួកគេ​ក៏​បាន​បញ្ជូន​ក្រុម​កីឡា​ហុកឃី​នារី​រួម​គ្នា​ឲ្យ​ទៅ​ប្រកួត​ដែរ​។

ក្រុម​កីឡា​ហុកឃី​របស់​ពួកគេ​បាន​បង្កើត​ឲ្យ​មាន​ការចាប់​អារម្មណ៍​យ៉ាង​ល្អ​ពី​បណ្តាញ​សារព័ត៌មាន បើ​ទោះបី​ចាញ់​រាល់​ការប្រកួត​ទាំង​ ៥ ​លើក​របស់​ពួកគេ​ក្នុង​លទ្ធផល​រួម ២៨ ទល់​នឹង​​ ២ ​ក៏ដោយ​។ ក្នុង​រយៈពេល​ ១២ ​ខែ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​មាន​ការបង្កើត​ក្រុម​រួម​គ្នា​របស់​កូរ៉េ​ជា​បន្តបន្ទាប់ ក្រៅពី​គម្រោង​កីឡា​ហុកឃី​លើ​ទឹកកក​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​កីឡា​យូដូ និង​បាល់បោះ​ផង​ដែរ​។

ក្រុម​កីឡា​ប្រណាំងទូក​ផ្នែក​នារី​បាន​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​ក្នុង​វិញ្ញា​ចម្ងាយ​ ៥០០ ​ម៉ែត្រ​កាលពី​ឆ្នាំ​មុន ខណៈ​ក្រុម​កីឡា​វាយ​កូន​បាល់​នារី​ក៏​បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​ផងដែរ​៕ IS