ភ្នំពេញ: នៅទីបំផុតក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានរកឃើញជ័យជម្នះយ៉ាងធំរបស់ខ្លួនហើយ បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Rolling FC ក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីលើកពានរង្វាន់ Tiger Street Football Festival 2019 ទូទាំងប្រទេសជាលើកដំបូង ដើម្បីបំពេញការខកចិត្តកាលពីឆ្នាំមុននោះ។
គេនៅចាំបានថា ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្លាប់បានចាញ់ ក្នុងវគ្គផ្តាច់ព្រ័ត្រសម្រាប់ការប្រកួត Tiger Street Football នេះកាលពីឆ្នាំ ២០១៨ ម្តងហើយ ប៉ុន្តែការប្រកួតរដូវកាលទី ៧ ឆ្នាំ ២០១៩ នេះក្រុមខេត្តព្រះសីហនុធ្វើបានយ៉ាងល្អទាំងការប្រកួតជម្រុះនៅតាមមណ្ឌល និងការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រទូទាំងប្រទេសដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ។
តាមរយៈការប្រកួតនៅលើទីលានមជ្ឈមណ្ឌលកោះពេជ្រនោះក្រុមខេត្តព្រះសីហនុបានឈ្នះជាបន្តបន្ទាប់មុនពេលពួកគេបានទម្លាក់ក្រុម Pisnoka ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយការឡើងទៅជួបក្រុម Rolling FC ដែលបានឈ្នះក្រុម Vandasak ២-១ ក្នុងវគ្គ ១/២ ផ្តាច់ព្រ័ត្រដែរនោះគឺខេត្តព្រះសីហនុបានយកឈ្នះលើក្រុម Rolling ២-១ ជាមួយនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត។
លទ្ធផលនេះបានជួយឲ្យក្រុមខេត្តព្រះសីហនុលើកពានជាលើកដំបូងយ៉ាងសប្បាយរីករាយបំផុតក្រោមវត្តមានប្រគល់ពានដោយផ្ទាល់ពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ បន្ថែមលើនេះម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍ប្រកួតនេះគឺស្រាបៀរ Tiger ក៏រៀបចំឲ្យក្រុមម្ចាស់ជើងឯកនេះទៅជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោករបស់ប្រេស៊ីល Ronaldinho នៅទីក្រុងរីយោក្នុងប្រទេសប្រេស៊ីលផងដែរ។
កីឡាករ ភូ គឹមសែ ប្រធានក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបាននិយាយក្រោយការប្រកួតថា៖ «នេះជាលើកដំបូងដែលពួកយើងបានលើកពាន Tiger Street ហើយវាក៏ជាឆ្នាំដ៏អស្ចារ្យផងដែរ ដែលពួកយើងនឹងបានទៅជួបផ្ទាល់ជាមួយតារាងបាល់ទាត់ Ronaldinho។ ពួកខ្ញុំរំពឹងថានឹងទទួលបានបទពិសោធ និង ដំបូន្មានល្អៗពីគាត់បន្ថែមទៀតដើម្បីមកអភិវឌ្ឍការលេងនៅក្រុមឲ្យកាន់តែបានប្រសើរឡើងថែមទៀត»។
ជាមួយនឹងការឈ្នះជើងឯកនេះក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុទទួលបានប្រាក់រង្វាន់ ១៥០០០ ដុល្លារ ឯក្រុមជើងឯករង Rolling FC បាន ៥០០០ ដុល្លារ។ ចំណែកក្រុម Vandasak បានលត់ក្រុម Pisnoka ៧-០ ដើម្បីទទួលបានលេខ ៣ អមដោយប្រាក់រង្វាន់ ២៥០០ ដុល្លារហើយ Pisnoka ក៏បានប្រាក់រង្វាន់ ១០០០ ដុល្លារផងដែរ៕