ក្រុង​ប៉ារីស៖ Lionel Messi ស៊ុត​បាន ១ គ្រាប់​ដែរ ពេល​ក្រុម Barcelona (Barca) ឈ្នះ​ក្រុម​មិន​សូវ​ខ្លាំង Dynamo Kiev ទាំង​លំបាក ២-១ សម្រាប់​ការ​ប្រកួត​នៅ Champions League កាល​ពី​យប់​ថ្ងៃ​ពុធ ស្រប​ពេល​ក្រុម Juventus ឈ្នះ Ferencvaros ស្រួល​ៗ តែ Manchester United (United) និង Paris Saint-Germain (PSG) ចាញ់​ដូច​គ្នា​។

ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី ១៥០​ ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​នេះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​​ Messi មិន​ភ្លាត់​ក្នុង​ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ ឱ្យ​ក្រុម​នាំ​មុខ​យ៉ាង​លឿន ត្រឹម​នាទីទី ​៥ ខណៈ​ក្រោយ​មក Gerard Pique តែត​បន្ថែម ១ ​គ្រាប់​ទៀត នៅ​វគ្គ​ទី ២ មុន​នឹង Viktor Tsygankov ​បន្ថយ​មក​ត្រឹម ១ គ្រាប់​វិញ​​ ហើយ​លទ្ធផល​ ២-១ ហ្នឹង​ បន្ត​រហូត​ដល់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Camp Nou​ ចប់​ជា​ផ្លូវ​ការ​។

លទ្ធផល​នេះ​ធ្វើ​ឱ្យ​ក្រុម Barca ដែល​មិន​ឈ្នះ​សោះ ៤ ប្រកួត នៅ​ក្របខ័ណ្ឌ La Liga ឈរ​ទី ១ ក្នុង​ពូល G ​ក្រោយ​មាន​ជ័យជម្នះ​ទាំង ៣ ប្រកួត ពោល​គឺ​នាំ​មុខ ៣ ពិន្ទុ​លើ​ក្រុម​លេខ ២ Juventus ដែល​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ Ferencvaros ៤-១ សម្រាប់​ការ​ប្រកួត​ក្នុង​ពេល​ដំណាល​គ្នា​នេះ​។

គ្រូ​បង្វឹក​របស់​ Barca លោក Ronald Koeman បាន​និយាយ​ថា​៖ «​យើង​រីករាយ ព្រោះ​យើង​ឈ្នះ​។ តែ​យើង​ត្រូវ​តែ​លេង​ឱ្យ​ល្អ​ជាង​ថ្ងៃ​នេះ​ទៀត សម្រាប់​ប្រកួត​បន្ទាប់​។ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ជាង​នេះ ជា​ពិសេស​ពេល​បាត់​បាល់​​»​។

ចំណែក​ការ​ប្រកួត​នៅ​ពូល H ក្រុម​លំដាប់​កំពូល​ទាំង ២ បរាជ័យ​ ក្នុង​លទ្ធផល ២-១ ដូចគ្នា ដោយ​ក្រុម​ United ចាញ់​ Istanbul Basaksehir នៅ​តួក​គី ខណៈ PSG ​វិល​ពី​​ផ្ទះ​របស់​ក្រុម RB Leipzig នៅ​អាល្លឺម៉ង់​​វិញ ​ដោយ​គ្មាន​ពិន្ទុ​។

គ្រូ​បង្វឹក​របស់​ក្រុម United លោក Ole Gunnar Solskjaer បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា​៖ «​មិន​មាន​អ្វី​ត្រូវ​និយាយ​​ទេ ពេល​មិន​អាច​យក ៣ ​ពិន្ទុ​បាន នៅ Champions League​។ យើង​មិន​ទាន់​ល្អ​គ្រប់គ្រាន់​។ វា​មិន​ងាយ​ស្រួល​ទេ ក្នុង​ការ​គិត​ពី​ភាព​វិជ្ជមាន ខណៈ​ដែល​បាន​ចាញ់​តាម​វិធី ដែល​យើង​បាន​អនុវត្ត​»​។​

មិន​ខុស​គ្នា​ដែរ អ្នក​ចាត់​ការ​ក្រុម​ PSG លោក Thomas Tuchel បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​លទ្ធផល​ដែល​ក្រុម​លោក​ទទួល​បាន ជា​ពិសេស​ស្ដាយ​ត្រង់​ក្រុម​លោក​ជា​អ្នក​នាំ​មុខ​មុន​ទៀត ដោយ​លោក​បាន​ប្រាប់​ទូរទស្សន៍ RMC Sport ថា​៖ «​វា​ជា​រឿង​ពិបាក​។ ប្រហែល​ជា​កំហុស​របស់​យើង ព្រោះ​យើង​មិន​អាច​បន្ថែម​គ្រាប់​ទី២ បាន​ ហើយ​ក្រោយ​មក បង្ក​ឱ្យ​មាន​បាល់​ពិន័យ ១១ ម៉ែត្រ​ទៀត​»​។​

លោក Tuchel បន្ថែម​ទៀត​ថា​៖ «​ហើយ​រឹត​តែ​យ៉ាប់​ទៀត​នោះ គឺ​យើង​ត្រូវ​ពិន័យ​កាត​ក្រហម​ទៀត ដូច្នេះ​យើង​ត្រូវ​លេង ១០ ទល់ ១១​។ មាន​បញ្ហា​ជា​ច្រើន ដែល​ផ្ទុយ​ពី​ការ​គិត​របស់​យើង​»​។

United នៅ​តែ​ឈរ​ទី ១ ក្នុង​ពូល H បើ​ទោះ​បរាជ័យ​នៅ​ប្រកួត​ទី ៣ នេះ​ និង​មាន​ ៦ ពិន្ទុ​ស្មើ​ក្រុម​លេខ ២​ RB Leipzig ក៏​ដោយ ខណៈ​​​ PSG នៅ​ទី ៣ ដោយ​មាន​ ៣ ពិន្ទុ​ដូច​គ្នា​នឹង​ក្រុម​បាត​តារាង​ Istanbul Basaksehir​៕ AFP/VN