ភ្នំពេញ៖ ​ក្រុម​ប្រដាល់​គុន​ខ្មែរ ដែល​បាន​ចូលរួម​ប្រកួត​ទាំង​​កីឡា Muay និង​កីឡា Kickboxing នោះ បាន​បញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី ​៣០ នៅ​ហ្វីលីពីន​ជា​ផ្លូវ​ការ​ហើយ ប៉ុន្តែ​ពួក​គេ​មិន​អាច​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ​មាស ឬ​ប្រាក់ ដូច​​ការ​រំពឹង​ទុក​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​នោះ​ទេ។

សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ ក្រុម​គុន​ខ្មែរ​ដែល​​ប្រកួត​​កីឡា Muay ដណ្តើម​បាន​ត្រឹម​មេដាយ​សំរឹទ្ធ ​៣ ​ប៉ុណ្ណោះ ហើយ​លទ្ធផល​នេះ គឺ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​លោក​បាន​ការ​រំពឹង​ថា ក្រុម​នេះ​នឹង​នៅ​តែ​បន្ត​ឈ្នះ​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ជូន​​ជាតិ ដូច​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​២៩ នៅ​​ម៉ាឡេស៊ី ដោយ​កាល​នោះ ក្រុម​គុន​ខ្មែរ​ដណ្តើម​បាន​មេដាយ​មាស ​១ ប្រាក់ ​១ និង​សំរឹទ្ធ ​២ នៅ​ក្នុង​ចំណោម​បេក្ខភាព​ចូលរួម​ប្រកួត​ប្រជែង​ចំនួន ​៥ ​នាក់​ដូច​គ្នា។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​លើក​នេះ ​កីឡាករ​ជើង​ខ្លាំង ឃីម ឌីម៉ា ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយ​មាស និង ម៉ឺន សុភា ដែល​ជា​អ្នក​ដណ្តើម​បាន​មេដាយ​ប្រាក់ មិន​បាន​ទៅ​ចូលរួម​ប្រកួត​ស៊ីហ្គេម​លើក​នេះ​ដូច​គ្នា។

ចំណែក ឡៅ ចិត្ត្រា និង វ៉ាន់ វឿន បាន​បន្ត​ឈ្នះ​មេដាយ​សំរឹទ្ធ ដូច​កាល​ពី​ឆ្នាំ​មុន​ដដែល។

កីឡាករ​ជើង​ខ្លាំង ឡៅ ចិត្ត្រា ដែល​ប្រកួត​ក្នុង​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​នោះ បាន​យក​ឈ្នះ​កីឡាករ​ឡាវ Banxadeth Soubinh ជាមួយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៣-០ ប៉ុន្តែ​គេ​បាន​ចាញ់​កីឡាករ​ថៃ Kundam Norapat ៣-០ វិញ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ រីឯ​ វ៉ាន់ វឿន បាន​ឈ្នះ​កីឡាករ​វៀតណាម Nguyen Quanghuy ក្នុង​ការ​ប្រកួត​ទម្ងន់ ​៥៤ ​គីឡូក្រាម ប៉ុន្តែ​រូប​គេ​បាន​ទៅ​ចាញ់​កីឡាករ​ហ្វីលីពីន Lampacan Ariel Lee ៣-១ នៅ​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ​ដែរ។

ចំណែក​​មេដាយ​សំរឹទ្ធ ​១ ​ទៀត​ រក​បាន​ដោយ​កីឡាករ​វ័យ​ក្មេង ហ៊ីម គឹមរៀង នៅ​ក្នុង​ប្រភេទ​ទម្ងន់ ​៤៨ ​គីឡូក្រាម ព្រោះ គឹមរៀង ដែល​បាន​ឡើង​ទៅ​កាន់​ការ​ប្រកួត​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​ស្វ័យ​ប្រវត្តិ​នោះ គឺ​បាន​ចាញ់​កីឡាករ​​ថៃ Chitra Naruephon ជា​ឯកច្ឆន្ទ ៣-០។

ប៉ុន្តែ​កីឡាការិនី សំ ថារ័ត្ន ​បាន​ចាញ់​កីឡាការិនី​វៀតណាម Bui Yen Ly ៣-០ ក្នុង​ការ​ប្រកួត​ទម្ងន់ ​៥៤ ​គីឡូក្រាម ហើយ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ ដូច​កីឡាករ តាញ់ មករា ផង​ដែរ ព្រោះ មករា បាន​ចាញ់​កីឡាករ​ឡាវ Ketnouvong Kay ជាមួយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៣-១ ក្នុង​វគ្គ ​៨ នាក់​ចុង​ក្រោយ​ដ៏​គួរ​ឲ្យ​សោកស្តាយ។

ដោយ​ឡែក​​ក្រុម​ប្រដាល់​គុន​ខ្មែរ ដែល​ប្រកួត​កីឡា Kickboxing គឺ​មិន​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​ចន្ទ​នោះ​ទេ ខណៈ​ពួក​គេ​សុទ្ធ​តែ​បាន​ធ្លាក់នៅ​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ជម្រុះ ​៨ ​នាក់​ដំបូង​នោះ។

នៅ​ក្នុង​ការ​ប្រកួត​នេះ​ជើង​ខ្លាំង ឡៅ ចន្ទ្រា បាន​ឈ្នះ​មេដាយ​សំរឹទ្ធ លើ​ទម្ងន់​ក្រោម ​៦៩ ​គ.ក្រ ខណៈ​រូប​គេ​បាន​ចាញ់​​ថៃ Klinming Sarayut ៣-០ ក្នុង​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​បាន​ឈ្នះ​កីឡាករ​វៀតណាម Hoang Van Toan ៣-០ នៅ​វគ្គ​​ជម្រុះ ​៨ នាក់​ដំបូង​នោះ។

ចំណែក​កីឡាករ​ជើង​ខ្លាំង​ស្រករ​ក្រោយ ខេម ចាន់ ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ក្នុង​ទម្ងន់​​​ក្រោម ​៥៤ ​គីឡូក្រាម។ ខេម ចាន់ បាន​ចាញ់​កីឡាករ​ហ្វីលីពីន Balangui Jomar ៣-០ នៅ​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​កីឡាករ​ឡាវ Chansady Soutsakhone ក្នុង​វគ្គ​ជម្រុះ ​៨ នាក់។

ជាមួយ​គ្នា​នេះ​កីឡាករ សុខ សាវិន ​​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ លើ​ទម្ងន់​ក្រោម​ ៦០ ​គីឡូក្រាម បន្ទាប់​ពី​រូប​គេ​បាន​ចាញ់​កីឡាករ​ឡាវ Taipanyavong Soukan នៅ​វគ្គ​ ១/២ ផ្តាច់ព្រ័ត្រ ៣-០ និង​ឈ្នះ​កីឡាករ​វៀតណាម Duong Danh Hoat ២-១ នៅ​វគ្គ​ជម្រុះ​ ៨ នាក់​នោះ។ ប៉ុន្តែ​ ផល សោភ័ណ្ឌ និង ហ៊ីម សេរី បាន​ចាញ់​វៀតណាម និង​ហ្វីលីពីន ៣-០ ក្នុង​វគ្គ​ជម្រុះ​ ៨ នាក់​ ហើយ​មិន​ដណ្តើម​បាន​មេដាយ​ដូច​គ្នា៕