ភ្នំពេញៈ បើ​ទោះ​បីជា​ព្រឹត្តិការណ៍ និង​សកម្មភាព​កីឡា នៅ​លើ​ពិភព​លោក ត្រូវ​បាន​ផ្អាក​ស្ទើរតែ​ទាំង​ស្រុង ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​ឆ្លងកូវីដ​ ១៩ ប៉ុន្តែ​ក្រុម​អត្តពលិក គុនដាវ​កម្ពុជា ដែល​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើការ​រំសាយ​ពី​ការ​ប្រមូល​ផ្តុំ​ ហើយ​ឲ្យ​​វិល​ទៅ​សម្រាក​នៅ​តាម​គេហដ្ឋាន​រៀងៗ ខ្លួន​នោះ បាន​និង​កំពុងធ្វើ​ការ​ហ្វឹកហាត់ នៅ​តាម​ផ្ទះរៀងៗ​ខ្លួន ដោយ​រំពឹង​ថា ពួកគេ អាច​នឹង​មាន​ឱកាស​បាន​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​គុនដាវ​ជើង​ឯក​អាស៊ាន (SEA Fencing Championship) នៅ​ប្រទេស​វៀតណាម នា​អំឡុង​ខែ​ កញ្ញា ឆ្នាំ​ ២០២០។

អគ្គលេខាធិការ​សហព័ន្ធ​កីឡាគុន​ដាវ​កម្ពុជា លោក សុខ អាង ​បាន​ប្រាប់​ថា ការ​ហ្វឹកហាត់ ទៅ​តាម​កម្មវិធី​បាន​ដាក់​ឲ្យ​ នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​នេះ វាជា​ជម្រើស​តែ​មួយគត់ ដែល​អាច ជួយ​ឲ្យ​អត្តពលិក​រក្សា​បាន​នៅ​គុណ​ផល​ល្អ និងមាន​លទ្ធភាព​អាច​ដណ្តើម​បាន​មេដាយ​ជូន ជាតិ​នៅ​ក្នុង​ការ​ប្រកួត SEA​ Fencing Championship នៅ​ពេល​ណា​​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ អាច​នឹង​ស្ងប់​ស្ងាត់​ទៅ​វិញ​នោះ។​

លោក សុខ ​អាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «អត្តពលិក​គុនដាវ ​បាន​ហ្វឹក​ហាត់​តាម​ផ្ទះ ​ជា​លក្ខណៈ​ឯកជន​ត្រៀម​ខ្លួន​ពង្រឹង​នូវ​សមត្ថភាព ព្រម​ទាំង​រក្សា​ឲ្យ​បាននូវ​កម្រិត​បច្ចេកទេស ព្រោះ​ស្ថាន​ភាព​នៃ​ជំងឺ​កូវីដ១៩ អាច​នឹង​ធូរ​ស្រាល ហើយ​កម្មវិធី នឹង​បើក​ការ​ប្រកួត​ឡើង​វិញ​បាន ​អ៊ីចឹង​អត្តពលិក​របស់​យើង មាន​សមត្ថភាព​គ្រប់​គ្រាន់​ ដើម្បី​ចូលរួម ដោយ​រំពឹង​មាន​លទ្ធភាព​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ​បាន»។

លោក សុខ ​អាង ​បន្ត​ថា៖ «អ្វី​ដែល​សំខាន់​នោះ​ គឺ​ការ​ហ្វឹក​ហាត់​ទាំង​បច្ចេកទេស និង​កលល្បិច ដែល​នេះ​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​កីឡា​គ្រប់​ប្រភេទ​ទាំងអស់ ហើយ​អ្វី​ដែល​សំខាន់​នៅ​ក្នុង​ការ​ប្រកួត​​កីឡាគុន​ដាវ គឺ​កលល្បិច​តែ​ម្ដង ​ហេតុនេះ​ទោះ​បី​ការ​ប្រមូល​ផ្ដុំ​របស់​ក្រសួង​អប់រំ យុវជន ​និង​កីឡា ប្រកាស​ផ្អាក ប៉ុន្តែ​​ភ្លាម​នោះ ​ខ្ញុំ​បាន​ពិភាក្សា​នឹង​គ្រូបង្វឹក ដើម្បី​រក្សា​គុណផល​របស់​អត្តពលិក​ជម្រើស​ជាតិ​ កុំឲ្យ​ធ្លាក់​ចុះពេក​ គឺ​រក្សា​សមត្ថភាព​ឲ្យ​នៅ​ក្នុង​កម្រិត​មូលដ្ឋាន​គ្រឹះមួយ បើ​មិន​រីក​ចម្រើន​ទៅ​មុខ ​ក៏​នៅ​ដដែល​ដែរ»។

យ៉ាង​ណា​ក៏​ដោយ លោក​ សុខ អាង បាន​ទទួល​ស្គាល់​ថា៖ «អ្វីៗ​សុទ្ធ​តែ​លំបាក ព្រោះ​ការ​ហ្វឹកហាត់​នៅ​ផ្ទះ​ដោយ​ខ្លួនឯង ​វា​មិន​ដូច​ហាត់​ជាមួយ​គ្រូ​នោះ​ទេ។​ តែ​បើ​ពួក​គេ​មានឆន្ទៈ​ពិត​ប្រាកដ​នោះ​ ពួក​គេ​មិន​ធ្លាក់​ចុះ​ខ្លាំង​ឡើយ​ ហើយ​ការ​ហ្វឹកហាត់​នោះ ​សហព័ន្ធ ​មិន​សូវ​បារម្ភ​ឡើយ ដោយសារ​សហព័ន្ធ បាន​ផ្ដល់​ឲ្យ​ពួកគាត់​នូវ​កម្មវិធី​ជា​មូលដ្ឋាន​គ្រឹះមួយ​ដែល​អាច​ថែរក្សា​កាយសម្បទា​របស់​គាត់​បាន​យ៉ាងល្អ​និង​ធ្វើ​ឲ្យ​មាន​ភាព​ស៊ាំ​ក្នុង​ចលនា​ហ្វឹក​ហាត់»។

បន្ថែម​ទៅ​លើ​​យុទ្ធ​សាស្ត្រ​ត្រៀម​ការ​ប្រកួត SEA Fencing Championship ​នៅ​ប្រទេស​ វៀតណាម នា​ខែ​កញ្ញា ​ឆ្នាំ​ ២០២០ លោក សុខ អាង ​បាន​បង្ហើប​ថា បើ​ជំងឺ​កូវីដ​ ១៩ អាច​នឹង​ស្ងប់​ស្ងាត់​ ឬ​​គ្រប់គ្រង​បាន​ ឬ​អាច​និយាយ​ថា​ ធូរស្រាល​នោះ សហព័ន្ធ​នឹងបញ្ជូន​កីឡាករ-កីឡាការិនី​ទាំង​អស់ ​ដើម្បី​ត្រៀម​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ។

លោក​បន្ថែម​ថា៖ «បើសិន​វៀតណាម ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ ហាណូយ​ យើង​បញ្ជូន​ត្រឹម​ ៣ ​នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ប្រកួតនេះ គ្រោង​​ធ្វើ​នៅ​ សៃហ្គោន (ព្រៃនគរ) អ៊ីចឹង​សហព័ន្ធ​ នឹង​បញ្ជូន​ចំនួន​ជាង​ ១០ នាក់​ទៅ​ចូល​រួម ព្រោះ​ការ​ចំណាយ​សោហ៊ុយ​តិច ដោយ​សហព័ន្ធ​ នឹង​រ៉ាប់​រង​ទាំងស្រុង។ តែទោះ​ជា​យ៉ាង​ណា​ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត ASIAN Varsity Fencing Championship នៅ​ប្រទេស​ សិង្ហបុរី នា​ខែ​មិថុនា ​ឆ្នាំ​ ២០២០ យើង​មិន​បាន​ត្រៀម​ទេ»៕