ភ្នំពេញៈ ក្រុម​កីឡាករ កីឡាការិនី​គុនដាវ​កម្ពុជា​បាន​រួមគ្នា​ដណ្តើម​បាន​មេដាយ​ចំនួន​ ៥ ពី​ការប្រកួត​កីឡា​គុនដាវ​ជ្រើសរើស​ជើងឯក​សាកលវិទ្យាល័យ​អាស៊ីអាគ្នេយ៍​លើក​ទី​ ៤ ឆ្នាំ​ ២០២០ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ហើយ​ប្រតិភូ​កីឡា​កម្ពុជា​ ១ ​ក្រុម​នេះ​ទើបតែ​បាន​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ ក្រោយ​បញ្ចប់​ការប្រកួត​ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ៨ ខែមីនា នេះ​។

លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​៖ «​មេដាយមាស​ទាំង​ ៥ ដែល​ក្រុម​អត្តពលិក​គុនដាវ​កម្ពុជា​ដណ្តើមបាន​ពី​ការប្រកួត​ជើងឯក​សាកលវិទ្យាល័យ​អាស៊ាន​នេះ​គឺ​មាន​មេដាយមាស​ ១ ប្រាក់​ ១ និង​មេដាយ​សំរឹទ្ធ​ ៣»​។

តាមរយៈ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នោះ​កីឡាការិនី ឆាយ លីនលី ជា​អ្នក​ដណ្តើម​បាន​មេដាយមាស​ ១ លើ​វិញ្ញាសា​នារី​ឯកត្តជន​ដាវ​តូច ហើយ​កីឡាការិនី យី លីហ្សា ដណ្តើមបាន​មេដាយប្រាក់​ ១ លើ​វិញ្ញាសា​នារី​ឯកត្តជន​ដាវ​តូច​។ ចំណែក​កីឡាការិនី សន និច ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ ១ លើ​វិញ្ញាសា​នារី​ឯកត្តជន​ដាវ​តូច និង​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ ១ ​ទៀត​លើ​វិញ្ញាសា​នារី​ឯកត្តជន​ដាវ​ធំ ខណៈ​មេដាយ​សំរឹទ្ធ​ ១ ​ទៀត​រក​បាន​ដោយ​កីឡាករ ថុង តាំងជីន នៅលើ​វិញ្ញាសា​បុរស​ឯកត្តជន​ដាវ​តូច​។

លោក សុខ អាង បាន​ប្រាប់​បន្តថា​៖ «​ជាមួយ​លទ្ធផល​នេះ​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា​ទទួល​ស្គាល់​ថា ពិតជា​មានការ​រីកចម្រើន គឺ​យើង​កើន​ចំនួន​មេដាយ ជាពិសេស​មេដាយមាស​ ១ ​ក្នុង​វិញ្ញាសា​ឯកត្តជន​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុនៗ​។ ចំពោះ​ការប្រកួត​សាកលវិទ្យាល័យ​អាស៊ីអាគ្នេយ៍​នេះ​យើង​ក៏​ទទួលស្គាល់​ដែរ​ថា ចំនួន​អត្តពលិក​ចូលរួម​លើក​នេះ​មាន​ការថយចុះ​បើទោះជា​មាន​ប្រទេស​ ៦ ចូលរួម​ក៏ដោយ​»​។

លោក​បាន​បន្ថែមថា​៖ «​ការថយចុះ​នេះ​ដោយសារ​មាន​បញ្ហា​ជំងឺ COVID-19 ដែល​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​។ ទោះជា​យ៉ាងណា​ក្រុម​អត្តពលិក​កម្ពុជា​យើង​ក៏​ធ្វើការ​ណែនាំ និង​រៀបចំ​ជា​អាល់កុល ម៉ាស់ និង​ថ្នាំសង្កូវ សម្រាប់​ពួកគាត់​ក្នុង​ការការពារ​ខ្លួន ហើយ​មាន​ការណែនាំ​ពី​ប្រធាន​សហព័ន្ធ ដោយ​លោក​បាន​ស្នើសុំ​លោកជំទាវ​វេជ្ជបណ្ឌិត សុខា សុធានី ធ្វើការ​តាមដាន និង​យកចិត្ត​ទុកដាក់​ជាប្រចាំ​»​។

តាម​របាយការណ៍​សកម្មភាព​របស់​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា​បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី​ ៤ ​ហើយ​ដែល​ក្រុម​គុនដាវ​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រាប់​ចូលរួម​ការប្រកួត​ជើងឯក​សាកលវិទ្យាល័យ​អាស៊ាន​នេះ​តាំងពី​ឆ្នាំ​ ២០១៧​មក​។

លោក សុខ អាង បាន​និយាយ​ថា សម្រាប់​ការចូលរួម​លើក​ទី​ ១ កាល​ឆ្នាំ​ ២០១៧ យើង​ទទួលបាន​មេដាយ​សំរឹទ្ធ ២ ប៉ុណ្ណោះ ប៉ុន្តែ​ការចូលរួម​ក្នុង​ឆ្នាំ​បន្ទាប់ យើង​ទទួលបាន​មេដាយ​កើនឡើង​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ ហើយ​គិតដល់​ឆ្នាំ​ ២០២០ ​នេះ​យើង​ទទួលបាន​មេដាយ​សរុប​ចំនួន​ ១១ ក្នុង​នោះ​មាន​មាស​ ២ ប្រាក់​ ៣ និង​សំរឹទ្ធ​ ៦៕