The Phnom Penh Post Search

Search form

ក្រុម​គុន​ដាវ នាំ​មេដាយ​សំរឹទ្ធ​ពី​ម៉ាឡេស៊ី មក​ដល់​ប្រទេស​កម្ពុជា

Content image - Phnom Penh Post
​ក្រុម​កីឡាការិនី​គុន​ដាវ​កម្ពុជា (ស្តាំ​ក្រោយ) ពេល​ឡើង​ទទួលមេដាយ​សំរឹទ្ធ នៅម៉ាឡេស៊ី។ សហការី

ក្រុម​គុន​ដាវ នាំ​មេដាយ​សំរឹទ្ធ​ពី​ម៉ាឡេស៊ី មក​ដល់​ប្រទេស​កម្ពុជា

ភ្នំពេញៈ កីឡា​ការី​នី​គុន​ដាវ​របស់​កម្ពុជា ៣ នាក់ បាន​នាំយក​មេដាយ​សំរឹទ្ធ ដែល​ពួកគេ​ដណ្តើម​បាន​លើ​វិញ្ញាសា​ដាវ​កាប់​ជា​ក្រុម ក្នុង​ព្រឹត្តិការណ៍ Southeast Asian Fencing Federation (SEAFF) Championships 2018 មក​ដល់​មាតុ​ភូមិ​វិញ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ម្សិលមិញ បន្ទាប់​ពី​បាន​ចូលរួម​ប្រកួត​នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី តាំង​ពី​ថ្ងៃ​ទី ២៩ ខែ​កញ្ញា និង​បាន​បញ្ចប់ កាល​ពី​ថៃ្ង​ទី ៣ ខែ​តុលា​នេះ។

លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​ប្រាប់ថា កីឡាការិនី ដែល​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ១ ក្នុង​ព្រឹត្តិការណ៍​នេះ មាន​កីឡាការិនី យី លីហ្សា,សន និច និង ឆាយ លីនលី ដែល​សុទ្ធ​តែ​ជា​កីឡាការិនី​វ័យ​កេ្មង​របស់​យើង។

លោក​បាន​បន្តថា៖ «ដោយសារ​ការប្រកួត​នេះ ជា​កម្រិត​មិន​គិតពី​អាយុ ធ្វើ​ឲ្យ​កីឡាការិនី​វ័យ​ក្មេង​របស់​យើង ជួប​ប្រកួត​ជាមួយ​កីឡាការិនី ដែល​មាន​បទ​ពិសោធ​ច្រើន និង​ល្អ ពិបាក​ទប់​ទល់ ព្រោះ​គេ​មាន​បច្ចេកទេស​ល្អ​ជាង​យើង ទាំង​លឿន និង​បច្ចេកទេស​យក​ពិន្ទុ។ ទោះ​ជា​យ៉ាង​ណា​លទ្ធផល​ដែល​យើង​បាន គឺ​មេដាយ​សំរឹទ្ធ​នេះ ជា​មោទនភាព​មួយ​ផង​ដែរ ក្នុង​លំដាប់​អន្តរជាតិ»។

ចំណែក​លោក សាន់ សុខ​សីហា គ្រូបង្វឹក​ដែល​ដឹកនាំ​ចេញទៅ​ប្រកួត​នេះ បាន​លម្អិត​ថា៖ «តាម​ពិត​មេដាយ​សំរឹទ្ធ ដែល​យើង​ទទួល​បាន​នេះ​គឺ​បាន​មក​ពី​ការ​សន្សំ​ពិន្ទុ​ឈ្នះ​ក្នុងការ​ប្រកួត​ម្នាក់ៗ ដោយ​យើង​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ធ្វើ​ឲ្យ​យើង​ទទួល​បាន​មេដាយ​សំរឹទ្ធ​នេះ បន្ទាប់​ពី​ក្រុម​កម្ពុជា​យើង​បាន​ប្រកួត​ចាញ់​ក្រុម​ហ្វីលីពីន នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ព្រឹត្តិការណ៍​នេះ​មាន ៦ ប្រទេស​ចូលរួម មាន​ប្រ៊ុយណេ កម្ពុជា​ហ្វីលីពិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​វៀតណាម»។

តាម​ការខិតខំ និង​ប្រឹងប្រែង​ខ្លាំង​របស់​សហព័ន្ធ​កីឡា​គុន​ដាវ​នេះ លោក សុខ អាង បាន​ប្រាប់​បន្ថែម​ថា៖ «កីឡា​គុន​ដាវ​នេះ មិន​សូវ​មាន​កីឡាករ កីឡាការិនី​ច្រើន​ដូច​កីឡា​ប្រភេទ​ដទៃ ហើយ​សម្ភារ​ហ្វឹកហាត់​ក៏មាន​តម្លៃ​ថ្លៃ​ទៀត។ មិន​តែ​ប៉ុណ្ណោះ​សហព័ន្ធ​របស់​យើង​ខ្សត់​ខ្សោយ​ថវិកា​សម្រាប់​ទ្រទ្រង់​ពី​សប្បុរស​ជន ប៉ុន្តែ​ការ​តាំង​ចិត្ត និង​ស្រឡាញ់ កីឡា​គុន​ដាវ គឺ​បាន​ជំរុញ​ឲ្យ​អត្តពលិក​យើង គ្រូបង្វឹក និង​ថ្នាក់​ដឹកនាំ​សហព័ន្ធ ជម្នះ​រាល់​ឧបសគ្គ​រហូត​ដល់​ដណ្ដើម​បាន​មេដាយ​ថ្នាក់​អន្តរជាតិ​ជា​បន្ត​បន្ទាប់»។

លោក​បាន​រំឭកថា តាមរយៈ​ការប្រឹងប្រែង​នេះ គឺ​កាលពី​ថ្ងៃទី ២ ដល់​ថ្ងៃ ៤ ខែ​ឧសភា ឆ្នាំ ២០១៨ កីឡា​គុន​ដាវ បាន​ឈ្នះ​មេដាយ​ចំនួន ៥ នៅ​ប្រទេស​សិង្ហបុរី ក្នុង​ព្រឹត្តិការណ៍ Asian Varsity Fencing Championship ហើយ​ក្នុង​មេដាយ​ទាំង ៥ នោះ យើង​ដណ្តើម​បាន​មេដាយ​ប្រាក់ ១ និង​សំរឹទ្ធ ៤ ដែល​លទ្ធផល​នេះ បាន​បង្ហាញ​ថា គុន​ដាវ​មាន​ភាព​ជឿន​លឿន​ជាង​មុន៕

អត្ថបទគួរចាប់អារម្មណ៍