ភ្នំ​ពេញ: ក្រុម​គ្រួ​សារ​ប៊ី​ចេង បាន​ក្លាយ​ជា​ម្ចាស់​ជើង​​ឯក​ថ្មី​​នៃ​​ពាន KMH Champions League ប្រចាំ​ឆ្នាំ​២០១៨ ក្រោយពី​បាន​ផ្តួល​ក្រុម Down Town ក្នុង​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដ៏​ស្វិត​ស្វាញ នៅ​លើ​ទីលាន KMH Park ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

ក្រុម​ទាំង​២ បានប្រកួត​គ្នា​​យ៉ាង​ស្វិ​ត​ស្វាញ ខណៈ​ដែល​ពួក​គេ​​​ត្រឹម​តែ​អាច​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ក្នុង​រយៈពេល​៩០​នាទី ក្រោយ​ពី​​កីឡាករសុខ រក្សា បាន​ជួយ​ឲ្យ​ក្រុម​​គ្រួ​សារ​ប៊ី​ចេង នាំ​មុខ​មុន​នៅនាទី ទី​២៨ មុន​នឹង​ក្រុម Down Town បានវាយ​បក​វិញ​ភ្លាម​ៗ​​ក្នុង​រយៈ​ពេល​២​នាទី​ចុងក្រោយ ដោយ​កីឡាករ​ព្រី ឌី​យ៉ា​ម៉ុង​។​

បន្ទាប់​មក គណៈ​កម្ម​ការ​នៃ​ការ​ប្រកួតនេះ​បាន​សម្រេច​បន្ថែម​​រយៈពេល​១៥នាទី​លើក​ទី​១ ដើម្បី​កាត់​សេចក្តី​រក​ក្រុម​ឈ្នះ ខណៈ​ដែលក្រុម​គ្រួ​សារ​ប៊ី​ចេង បាន​ធា​នា​ថា ពួក​គេ​​គឺ​ជា​ម្ចាស់​ជើង​ឯក​ថ្មី​ ក្រោយ​ពី​ពួក​គេ​បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី ទី​១០៥ តាម​រយៈ​កីឡាករ​វណ្ណា​រ៉ា ដើម្បី​ធ្វើ​ឲ្យ​ក្រុម Down Town ទទួល​បាន​ត្រឹម​លេខ​២​តែម្តង​។

ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួ​សារ​ប៊ី​ចេង ទទួល​បាន​​ពាន​១ និង​ទឹក​ប្រាក់​រង្វាន់​ចំនួន​១២០០០​ដុល្លារ ខណៈ​ដែល​​ទឹក​ប្រាក់​សម្រាប់​ក្រុម​ឈរ​លេខ​២​ចំនួន​៦០០០​ដុល្លារ បាន​ធ្លាក់​ទៅ​លើ​ក្រុម Down Town​។

សកម្ម​​ភាព​ប្រកួត​រវាង​កីឡាករ​នៃក្រុម​គ្រួ​សារ​ប៊ី​ចេង (ស្តាំ) និងក្រុម Down Town ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​។ រូប​ថត​ សហ​ការី

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​អា​ណា​ចក្រ​បៃ​តង បានប​ញ្ចប់​ដោយ​ឈរ​លេខ​៣ ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​ពិស្នូក​កា ក្នុង​លទ្ធផល ៨-៤ ដើម្បី​​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៣០០០​ដុល្លារ ហើយ​ទឹក​ប្រាក់​​ចំនួន​១៥០០​ដុល្លារ​បានធ្លាក់​ទៅលើ​ក្រុម​ឈរ​លេខ​៤​។

កីឡាករ​អ៊ុក ម៉ិច ទទួល​បាន​ប្រាក់​រង្វាន់​​ចំនួន​៤០០​ដុល្លារ សម្រាប់​ការ​​ជាប់​ជា​​អ្នក​ចាំ​ទី​ឆ្នើម​​ប្រចាំ​យុទ្ធ​នាការ​ ហើយ​កីឡាករ​ជា អូលី របស់​ក្រុម​​អា​ណា​ចក្រ​បៃ​តង បាន​ជាប់​ជាអ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​​គេ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​៤០០ដុល្លារ​ដូច​គ្នា​។

ក្រុម​អា​ណា​ចក្រ​បៃ​តង ក៏​បាន​ជាប់​ជា​ក្រុម​លេង​ដោយ​​យុត្តិ​ធម៌ (Fair Play) ផង​ដែរ ដើម្បី​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​៧៥០​ដុល្លារ​៕