ក្រុងឡុងដ៍ៈ ក្រុម​ចចក​ខ្មៅ (Wolves) បាន​ធ្វើ​រឿង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ខណៈ​ពួកគេ​បាន​ទម្លាក់​ក្រុម Manchester United ឲ្យ​ដើរ​ចេញ​ពី​ក្របខ័ណ្ឌ FA Cup កាលពី​ថ្ងៃ​សៅរ៍​នោះ ហើយ​លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្រុម​បណ្ដោះអាសន្ន​របស់ Man United បាន​សារភាព​ថា​ក្រុម​របស់​លោក​ពិតជា​លេង​មិន​បាន​ល្អ​មែន ទើប​ធ្វើឲ្យ​ក្រុម Wolves អាច​មាន​ឱកាស​យក​ឈ្នះ ២-១ ក្នុង​ការប្រកួត​វគ្គ​ ៨ ​ក្រុម​នោះ​។

យ៉ាងណា​ក៏ដោយ​អ្នកចាត់ការ​ក្រុម Man United លោក Solskjaer នៅ​តែ​មាន​សុទិដិ្ឋនិយម​ថា Man United នឹង​មាន​ឱកាស​ច្រើន​សម្រាប់​ការប្រកួត​លើក​ក្រោយៗ​ទៀត ខណៈ​ពួកគេ​មាន​បំណង​ក្លាយ​ជា​ក្រុម Top4 ក្នុង​ក្របខ័ណ្ឌ Premier League នឹង​សម្លឹង​ឆ្ពោះ​ទៅ​រក​ការប្រកួត Champions League ក្នុង​វគ្គ​ ៨ ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម Barcelona​។

ក្រុម Man United បាន​រងភាពអាម៉ាស់​យ៉ាង​ខ្លាំង​ដោយសារ​ក្រុម Wolves បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​ ២ ​គ្រាប់​នៅក្នុង​តង់​ទី​ ២ ​ដោយ​កីឡាករ Raul Jimernez នៅ​នាទី​ទី​ ៧០ និង​កីឡាករ Diogo Jota នៅ​នាទី​ទី​ ៧៦ មុន​ពេល​ខ្សែប្រយុទ្ធ Marcus Rashford របស់​ក្រុម Man United រក​បាន​ ១ ​គ្រាប់​វិញ​នៅ​នាទី​ទី​ ៩០​។

លោក Solskjaer បាន​ដឹកនាំ​ក្រុម Man United ឲ្យ​បរាជ័យ​ចំនួន​ ២ ​លើក​ជាប់​គ្នា​ក្នុង​ការប្រកួត​ចំនួន​ ១៨ ​លើក​ចាប់​តាំងពី​លោក​បាន​ចូល​មក​ដឹកនាំ​ជំនួស​លោក Jose Mourinho កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៨ ប៉ុន្តែ​លោក​បាន​ដឹកនាំ​ក្រុម Man United ឡើង​មក​ដល់​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League មុន​ពេល Man United បាន​ធ្លាក់​ក្នុង​វគ្គ​ ៨ ​ក្រុម​នៃ​ពាន FA Cup នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការប្រកួត​ថ្ងៃ​នេះ​យើង​មាន​ទម្រង់​លេង​ដ៏អាក្រក់​បំផុត ដែល​យើង​មិន​ធ្លាប់​ឃើញ​តាំងពី​ខ្ញុំ​មាន​វត្តមាន​នៅ​ទីនេះ​។ វា​ជា​ការបោះ​ជំហាន​ថយក្រោយ​ដ៏ធំ​មួយ ដោយសារ​ខ្វះ​ការសង្គ្រោះ​បាល់ និង​ការរារាំង​ការ​បណ្ដើរ​បាល់​ពី​ខ្សែប្រយុទ្ធ​របស់​គេ ព្រម​ទាំង​គ្មាន​ឱកាស​គ្រប់គ្រង​បាល់​ឡើង​វិញ​ផងដែរ​។ ទោះ​យ៉ាង​ណា​យើង​មាន​អារម្មណ៍​សប្បាយចិត្ត​ជា​ទីបំផុត​ក្នុង​ការប្រកួត​លើក​នេះ ហើយ​យើង​មិន​ដែល​ដាក់​សម្ពាធ​លើ​អ្នក​ចាំទី ឬ​ខ្សែការពារ​របស់​ក្រុម​យើង​ឡើយ​»​។

ចំណែក​គ្រូបង្វឹក​របស់​ក្រុម Wolves គឺ​លោក Nuno Espirito Santo មាន​ការសប្បាយ​ចិត្ត​ជា​ខ្លាំង​ក្រោយ​ពី​ក្រុម​របស់​លោក​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ FA Cup ជា​លើកដំបូង​ក្នុង​រយៈពេល​ ២១ ​ឆ្នាំ​មក​នេះ​។

លោក Santo និយាយ​ថា​៖ «​ជ័យជម្នះ​នេះ​ពិត​វា​មាន​ន័យ​ខ្លាំង​ណាស់ សម្រាប់​យើង ព្រោះ FA Cup នេះ​យើង​បាន​ខកខាន​ប្រកួត​យក​ពាន​រង្វាន់​ជាយូរ​ឆ្នាំ​ហើយ​។ ​យើង​លេង​បាន​ល្អ​ថែម​ទៀត ហើយ​យើង​ទទួល​បាន​ជោគជ័យ ដោយ​មាន​ការគាំទ្រ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​»៕ SN