The Phnom Penh Post Search

Search form

ក្រុម​ជនពិការ​កម្ពុជា ចេញ​ទៅ​ប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម

Content image - Phnom Penh Post
ក្រុម​អត្តពលិន​ជន​ពិការ រួម​ទាំង​គ្រូ​បង្វឹក និង​អ្នក​ដឹកនាំ​បាន​ថត​ជុំគ្នា នៅ​ព្រលាន​យន្ត​ហោះ។ រូប សហការី

ក្រុម​ជនពិការ​កម្ពុជា ចេញ​ទៅ​ប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម

ភ្នំពេញៈ ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ និង​ក្រុម​អត្តពលិក​ជនពិការ​របស់​កម្ពុជា​សរុប​ចំនួន ១០១ នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី ៩ ប្រចាំ​ឆ្នាំ ២០១៧ (ASEAN Para Games 2017) ដែល​នឹង​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី ១៧ ដល់​ថ្ងៃទី ២៣ ខែ​កញ្ញា។

លោក​យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំពិក​កម្ពុជា ត្រូវបាន​ចាត់​តាំង​ជា​នាយក​បេសកកម្ម ដឹកនាំ​ប្រតិភូ​កីឡា​ជនពិការ​កម្ពុជា សម្រាប់​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​បារ៉ា​ហ្គេម ឆ្នាំ ២០១៧ នេះ ដោយ​មាន ១១ ប្រទេស​ចូលរួម ដូចការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី ២៩ ឆ្នាំ ២០១៧ ដែល​ទើប​បាន​បញ្ចប់​ផងដែរ។

ប៉ុន្តែ​ការប្រកួត​កីឡា​ប៉ារ៉ាហ្គេម​នេះ មាន​តែ ១៦ ប្រភេទ​កីឡា​ទេ និង​មាន​វិញ្ញាសា​ប្រកួត​ចំនួន ៤៧៩ គឺ​មានន័យ​ថា មាន​មេដាយ​មាស​សរុប​ចំនួន ៤៧៩ មេដាយ ប៉ុន្តែ​ការប្រកួត​ប្រជែង​ដណ្តើម​យក​មេដាយ មាន​ភាព​តានតឹង​ដូចការ​ប្រកួត​ស៊ីហ្គេម​ដែរ ខណៈ​ការប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម នៅ​សិង្ហបុរី កាល​ពី​ឆ្នាំ ២០១៥ កម្ពុជា ដែល​បាន​បញ្ជូន​អត្តពលិក​ទៅ​ចូលរួម​ការប្រកួត​តែ ៣ ប្រភេទ​កីឡា​នោះ ដណ្តើម​បាន​មេដាយ​មាស ១ ប្រាក់ ២ និង​សំរឹទ្ធ​ចំនួន ៧។

ដោយឡែក សម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ ២០១៧ នេះ កម្ពុជា​បាន​បញ្ជូន​ក្រុម​ជនពិការ​លើ​ប្រភេទ​កីឡា​ចំនួន ១០ ដោយ​មាន​អត្តពលិក ៧៤ នាក់ រួមទាំង​ប្រតិភូ គ្រូបង្វឹក និង​គ្រូ​ជំនួយ ២៦ នាក់​ទៅ​ចូលរួម ដោយ​ក្នុង​នោះ​មាន​កីឡា​អត្តពលកម្ម បាញ់​ធ្នូ ប៊ូស្យា (Boccia) បាល់​បោះ​ជនពិការ​ភ្នែក លើក​ទម្ងន់ បាល់ទះ​អង្គុយ ហែលទឹក កីឡា​វាយកូន​ឃ្លីលើតុ ថេនភីនប៊ូលីង (Tenpin Bowling) និង​បាល់ទាត់​ជនពិការ​ចលករ​ខួរក្បាល។

បើ​ទោះបី​ជា កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ទៅ​ចូលរួម​ការប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​នេះ​ច្រើន​ជាង​ការប្រកួត​កាល​ពី​ឆ្នាំ ២០១៥ រហូត​ដល់ ៧ ប្រភេទ​កីឡា​ក៏ដោយ ប៉ុន្តែ លោក​យី សុភក្ក្រា មន្ត្រី​សម្របសម្រួល​របស់​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក ហាក់​នៅ​តែផ្តល់​ទំនុកចិត្ត​ខ្ពស់​ទៅ​លើ​តែ​ប្រភេទ​កីឡា​អត្តពលកម្ម ហែល​ទឹក និង​កីឡា​ថេនភីន​ប៊ូលីង ពិសេស​ក្រុម​អត្តពកម្ម ដែល​ឈ្នះ​បាន​ទាំង​មេដាយ មាស ប្រាក់ និង​សំរឹទ្ធ​ឲ្យ​កម្ពុជា​បាន​ច្រើន​ជាងគេ។

លោក យី សុភក្ត្រា ដែល​បាន​ដឹកនាំ​ប្រតិភូ​កីឡា​ប៉ារ៉ាហ្គេម​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី កាល​ពីព្រឹក​ថ្ងៃ​ពុធ ម្សិលមិញ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ពី​ខាងមុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា៖ «នៅក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំង ១០ ដែល​យើង​បាន​បញ្ជូន​ទៅ​ប្រកួត​លើក​នេះ យើង​មាន​ទំនុកចិត្ត​ខ្ពស់​ខ្លាំង​ទៅ​កីឡា​អត្តពលកម្ម ដែល​ធ្លាប់​បាន​ចូលរួម​ការប្រកួត​នេះ​យូរ​ណាស់​មកហើយ និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​ឲ្យ​កម្ពុជា។ បន្ទាប់​មក​កីឡា​ហែលទឹក ដែល​ទើប​ឈ្នះ​បាន​មេដាយមាស​មកពី​កូរ៉េ​ថ្មីៗ​នេះ និង​កីឡា​ថេនភីន​ប៊ូលីង ក៏ទើប​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​មកពី​កូរ៉េ​ដែរ ហើយ​អ្នក​ដែល​ដណ្តើម​បាន​មេដាយ​មាស និង​សំរឹទ្ធ​នេះ សុទ្ធតែ​ទៅ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី លើក​នេះ»។

លោក សុភ​ក្ត្រា បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា៖ «ចំណែក​ប្រភេទ​កីឡា​ផ្សេង​ទៀត ដែល​យើង​ទើប​បញ្ជូន​ទៅ​ប្រកួត​លើក​នេះ យើង​ពិបាក​រំពឹង​ដែរ ព្រោះ​ជា​កីឡា​ប្រភេទ​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំពិក​កម្ពុជា ប៉ុន្តែ​អត្តពលិក​របស់​យើង​ទាំងអស់ នឹង​ខិតខំ​ប្រឹងប្រែង​ប្រកួត ដើម្បី​ស្វែងរក​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះ»៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។