ភ្នំពេញ៖ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បាន​អះអាង​ថា កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ជាង ១ ០០០ នាក់ នឹង​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹកនាំ​ក្នុង​ការ​ផ្តល់​ជូន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ដំបូង ដើម្បី​បង្កើន​ទំនុក​ចិត្ត​ក្នុង​ការ​ចេញ​ទៅ​ហ្វឹកហាត់ និង​ការ​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​អន្ដរជាតិ​ធំៗ​នានា។

នាយ​បេសកកម្ម​ស៊ីហ្គេម មាន​បទពិសោធ​តាំង​ពី​ឆ្នាំ ២០០៩ លោក វ៉ាត់ ចំរើន លោក​បាន​ថ្លែង​ថា៖ «វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ប៉ះពាល់​ខ្លាំង​ដល់​សម្មភាព​កីឡា ដែល​ធ្វើ​ឱ្យ​បាត់បង់​ពេលវេលា​ច្រើន ហើយ​គម្រោង​ហ្វឹកហាត់ និង​ព្រឹត្តិការណ៍​ប្រកួត​មួយ​ចំនួន ត្រូវ​បាន​លុបចោល​នៅ​ក្នុង​អំឡុង​ពេល​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២១ នេះ។ ហេតុ​នេះ​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ (IOC) បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​នីមួយៗ ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ឱ្យ​អាទិភាព​លើ​ក្រុម​អត្តពលិក ហើយ​ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី​ក៏​បាន​មាន​ប្រសាសន៍​ក្នុង​ការ​ផ្ដល់​វ៉ាក់សាំង​ដល់​កីឡាករ កីឡាការិនី​ផង​ដែរ»។

លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផង​នោះ បាន​ប្រាប់​បន្ថែម​ថា៖ «ពេល​នេះ CAMSOC របស់​យើង គឺ​បាន​ទទួល​អនុសាសន៍​ណែនាំ និង​បាន​ទទួល​សញ្ញា​ភ្លើង​ខៀវ​ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ថា នឹង​ផ្ដល់​នូវ​ការ​ចាក់​វ៉ាក់សាំង​ដំបូង​នេះ​ជូន​ដល់​កីឡាករ កីឡាការិនី​របស់​យើង​ជាង ១ ពាន់​នាក់ ក្នុង​កម្រិត​នៃ​ក្រុម​ជម្រើស​ជាតិ រួម​ទាំង​គ្រូ​បង្វឹក និង​អនុរក្ស​ដែល​ជា​មនុស្ស​សំខាន់ ព្រោះ​ពួក​គាត់​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាច្រើន​នៅ​ខាង​ក្រៅ និង​ឆ្លង​ប្រទេស​ទៀត​ផង»។

«ក្រុម​អត្តពលិក និង​ថ្នាក់​ដឹកនាំ ដែល​មាន​អាទិភាព​ត្រូវ​ទទួល​វ៉ាក់សាំង​ខាង​លើ គឺ​ជា​ក្រុម​ពិសេស​ដែល​ត្រូវ​បំពេញ​បេសកកម្ម​សំខាន់ៗ នៅ​ក្នុង​ឆ្នាំ ២០២១ ដូចជា​ក្រុម​ត្រូវ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិក​នា​ខែ​កក្កដា នៅ​ប្រទេស​ជប៉ុន, ក្រុម​ត្រៀម​ចេញ​ទៅ​ហាត់​នៅ​ប្រទេស​ចិន កូរ៉េ និង​ជប៉ុន ព្រមទាំង​ក្រុម​ធំ ដែល​មាន​ប្រតិភូ និង​អត្តពលិក​ត្រូវ​ចូល​រួម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី៣១ នៅ​ប្រទេស​វៀតណាម នា​ចុង​ឆ្នាំ ២០២១ នេះ»។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖ «បើ​សិន​យើង​ធ្វើ​ការចាក់​វ៉ាក់សាំង​ឱ្យ​ហើយ​ពេល​នេះ គឺ​យើង​មាន​ទំនុក​ចិត្ត​ក្នុង​ខ្លួន ព្រោះ​ការ​ទទួល​វ៉ាក់សាំង​នេះ គឺជា​ប្រការ​មួយ ដែល​ជំរុញ​ទឹក​ចិត្ត​ឱ្យ​កីឡាករ កីឡាការិនី និង​មន្ត្រី​មាន​ទំនុក​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​កម្លាំងកាយ និង​កម្លាំងចិត្ត ព្រម​ទាំង​បច្ចេកទេស។ ហេតុនេះ ក្រុម​អត្តពលិក​ជម្រើស​ជាតិ​របស់​យើង សូម​អរគុណ​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ក៏​ដូចជា​សម្ដេច​ពិជ័យ​សេនា ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ចំពោះ​សុខុមាលភាព​កីឡាករ កីឡាការិនី​ក្រុម​ជម្រើសជាតិ​យើង ហើយ​ពេលវេលា និង​ការ​កំណត់​ចាក់​វ៉ាក់សាំង​អាស្រ័យ​លើ​ក្រុម​ការងារ​របស់​ក្រសួង​សុខាភិបាល»៕