ភ្នំពេញ៖ ក្រោម​​កិច្ច​សហការ​រវាង​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ​និង​ដៃ​គូ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​អន្តរជាតិ ជា​ពិសេស​ប្រទេស​រុស្ស៊ី កូរ៉េ​ ចិន​ និង​ប្រ​ទេស​ជប៉ុន ​​នោះ កម្ពុជា​តែង​តែ​ទទួល​បាន​សម្ភារ​ហ្វឹក​ហាត់​នៃ​​កីឡា​ប្រ​ភេទ​នេះ ​ជា​បន្ត​បន្ទាប់ ដែល​មាន​តម្លៃថ្លៃ​ ​ខណៈ​ដែល​កម្ពុជា​យើង មាន​លទ្ធភាព​​ធន​ធាន​ស្តួច​ស្តើងក្នុង​ការ​បំពាក់​ជូន​ក្រុម​ជម្រើស​ជាតិ​។​​

ជាក់ស្តែង កាល​ពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​ជប៉ុន ដែល​​ជា​មិត្ត ​បាន​ផ្តល់​ជូន​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ​នូវ​​សម្ភារ​ហ្វឹកហាត់​ចំនួន ​៦ ​ប្រភេទ ​ដែល​មាន​តម្លៃជា​ទឹក​ប្រាក់​ជាង​ ១​ ម៉ឺន​ដុល្លារ​អាមេរិក​ ខណៈ​​គម្រោង​នេះ​បាន​សន្យា​យូរ​ហើយ​ ប៉ុន្តែ​ខក​ខាន​ដោយ​បញ្ហា​កូវីដ​ ១៩​។​

លោក ​ណយ ​ផាណា​ អគ្គ​លេខា​ធិ​ការ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ បាន​​ប្រាប់​​ថា​៖ «នេះ​ជា​ជំនួយ​គ្មាន​សំណង​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ជប៉ុន ​ចំពោះ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​​កម្ពុជា​ ក្នុង​ចំណង​មិត្ត​ភាព​ សហ​ប្រតិ​បត្តិការ​ នៃ​សកម្មភាព​ប្រ​ភេទ​កីឡា​ដូច​គ្នា ​ពិសេស​ឯក​ឧត្តម​ ថោង​ ខុន ​រដ្ឋ​មន្ត្រី​ក្រ​សួង​ទេស​ចរណ៍​ ដែល​ជា​ប្រធាន​ NOCC ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡាកាយសម្ព័ន្ធ​កម្ពុជា នោះ មាន​​ទំនាក់​ទំនង​ល្អ ​ក្នុង​ការ​ស្វែង​រក​ការ​គាំ​ទ្រ​ដល់​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​»។​

លោក​ ណយ ​ផាណា​ បាន​បន្ថែម​ថា សម្ភារ​ទាំង​ ៦ ​ប្រភេទ​នោះ​ រួម​មាន​​កង ​(Ring)​១​ឈុត​ សម្ភារ​សេះកង ​(Pommel Horse)១​ឈុត​ សម្ភាររបារ​ហ្នឹង​ (High Bar) ១ ឈុត​ សម្ភារ​ស្នួរ​លំ​ហ្នឹង ​(Beam) ១​ ឈុត ​សម្ភាររបារទាប​ខ្ពស់ ​(Uneven Bars)​ ចំនួន ១ និង​ក្តារឈ្នាន់ ​(Spring​ Board)​ ចំនួន​ ៥ ​សរុប​ទឹក​ប្រាក់អស់​​ប្រមាណ​ជាង ១ ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​។

លោក​បានបន្ត​ថា កន្លង​មក ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ​ធ្លាប់​បាន​ទទួល​ជំនួយ​ជា​សម្ភារហ្វឹក​ហាត់​ទំនើប​ ទាន់​សម័យ ​បែប​នេះ​ ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែរ ​ដូច​ជា​ប្រទេស​ចិន​សារ​ធារណ​រដ្ឋ​កូរ៉េ ​និង​សហព័ន្ធ​រុស្ស៊ី​ ផង​ដែរ​។ ​

បន្ថែម​លើស​នេះ​ ប្រទេស​ជប៉ុន​ ជា​ដៃ​គូ​សហការ​តែង​តែ​ជួយ​បណ្ដុះ​បណ្ដាល​ដល់​មន្ត្រី​ គ្រូ​បង្វឹក​ និង​កីឡាករ​ កីឡា​ការិនី​កាយ​សម្ព័ន្ធ​កម្ពុជា​ ពិសេស​ជា​រៀង​រាល់​ឆ្នាំ ​ជប៉ុន​តែង​តែ​ផ្ដល់​នូវ​អាហា​រូប​ករណ៍ដល់​មន្ត្រី​ និង​គ្រូ​បង្វឹក​កម្ពុជា​ទៅ​បំប៉ន​ និង​បណ្ដុះ​បណ្ដាល​នូវ​ក្នុង​ប្រទេស​របស់​ខ្លួន​។​

ទាក់​ទង​ទៅ​នឹង​​សក្តានុពល​របស់​​ក្រុមជម្រើសជាតិ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ​លោក ណយ ផណា ​បាន​លម្អិត​ថា​៖ «បច្ចុប្បន្ន​ ក្រុម​ជម្រើស​ជាតិ ​ឆ្នាំ​ ២០២១ ​នេះ​ មាន​ចំនួន​ ២៥​ នាក់ ​ក្នុង​នោះ​មាន​គ្រូ​ ៤​ នាក់​ ហើយ​ចុង​ឆ្នាំ​​នេះ យើងបាន​​ត្រៀមបញ្ជូន​​អត្តពលិកចំនួន ​៦​ នាក់ ឱ្យទៅ​​ចូល​រួម​ប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​​វៀត​ណាម​​»។

លោក​បាន​បញ្ជាក់​ថា​៖​ «កាយ​សម្ព័ន្ធ​កម្ពុជា​ ​ក្នុង​តំបន់​អាស៊ី​អាគ្មេយ៍​នេះ គឺ​ក្រុម​អត្តពលិក​របស់​យើង​ មាន​លក្ខណៈ​ប្រ​កួត​ប្រជែងជាមួយ​​គេ​បាន ​ដោយ​ប្រហាក់​ប្រហែល ​នៅ​លើ​ផ្នែក​កីឡាកាយសម្ព័ន្ធ​អារ៉ូប៉ិច​ ​​​ប៉ុន្តែ​ចំពោះ​កីឡា​​កាយសម្ព័ន្ធ​អាស៊ី​ស្ទិច​ គឺ​យើង​នៅមាន​កម្រិត​​ក្រោម​គេ​ទេ»៕