ភ្នំពេញ៖ ក្រុម​​​​ជម្រើស​ជាតិកីឡា​ទូក​កម្ពុជា ​​សរុប​ចំនួន ​២៨​ នាក់ (ស្រី​ ៦ នាក់) ​​បាន​នឹង​កំពុង​ហ្វឹក​ហាត់ ​តាម​អន​ឡាញ​ ហើយ​ថត​សកម្មភាព​​ចូលទៅ​ក្នុង​​កម្ម​វិធី​របស់​គ្រុប​​​គ្រូ​បង្វឹក​ជម្រើស​ជាតិ ​​មាន​ឈ្មោះ​​ថា​ ស៊ូម​ (Zoom) ដែល​ក្រសួង​អប់​រំ ​យុវជន ​និង​កីឡា ​ក៏​ដូចជា​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ បាន​ដាក់​ជូន​ក្នុង​មួយ​ថ្ងៃ​ចំនួន ​៥ ​ម៉ោង ​គឺ​ព្រឹក​ ៣​ ម៉ោង​ និង​ល្ងាច ​២​ម៉ោង​​។​

ការ​ហ្វឹក​ហាត់​តាម​លក្ខណៈ​ឯក​ជន ​និង​ត្រួត​ពិនិត្យ​តាម​​ប្រព័ន្ធ​អន​ឡាញ​នេះ គឺ​​​ដើម្បី​សម្រួច​ និងពង្រឹង​សមត្ថ​ភាព ត្រៀម​ចូល​រួម​ប្រ​កួត​កីឡា​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ប្រទេស​វៀតណាម​ ដែល​នឹង​ចាប់​ផ្តល់ពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា ដល់​ថ្ងៃទី​ ២ ខែ ធ្នូ ​​ឆ្នាំ ​២០២១​ នេះ ​ដោយ​កីឡា​ប្រណាំង​ទូក​នេះ ចែកជា​​ ៣​ ប្រ​ភេទ ​គឺ​​ទូកកានូ, ​កាយ៉ាក​ និង​រ៉ូអ៊ីង​ ហើយ​កម្ពុជា នឹង​ចូល​រួមទាំង​៣​ប្រភេទ ដែល​សរុប​មាន​​​​ ៨​វិញ្ញាសា​។​

លោក ​ស្រ៊ុន ​លាង ​គ្រូ​ជម្រើស​ជាតិ​កីឡា​ទូក​​កម្ពុជាបាន​​ប្រាប់​​ថា៖ ​«​ក្រុម​ជម្រើស​ជាតិ​កីឡា​ទូក​យើង​ ត្រូវ​បាន​ដាក់​ ហ្វឹកហាត់​មួយ​ថ្ងៃ​ ៥ ម៉ោង​ គឺ​ព្រឹក​ ៣​ ម៉ោង​ និង​ល្ងាច​​ហាត់​ ​២ ម៉ោង​។ ​ការ​ហ្វឹកហាត់​ គឺ​ផ្ដោត​លើ​ការ​រក្សា​កម្លាំងកាយ រួម​​ជា​មួយ​​បច្ចេកទេស​ជា​មូលដ្ឋាននៃ​ប្រភេទ​វិញ្ញាសា​នីមួយៗ​ ដែល​យើង​សម្រួចទៅ​លើ​វិញ្ញា​សា​ ដែល​​​បាន​ដឹង​​រួច​ហើយ​នៅ​ស៊ី​ហ្គេម​វៀត​ណាម»។​

លោក​បាន​បន្ថែម​ថា៖​ «ក្រៅ​ពី​ហាត់​តាម​សម្ភារ​នៅ​ផ្ទះ​ យើង​មាន​ទី​តាំង​ល្អ​ចំនួន ​២ សម្រាប់​ហ្វឹកហាត់ គឺ​នៅ​មាត់​ទន្លេ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ និង​​នៅ​មាត់​ទន្លេ​ជ្រោយ​ចង្វារ ​រាជ​ធានី​​ភ្នំពេញ ​ដែល​មាន​លក្ខណៈ​អំណោយ​ផល​ល្អ​ ហើយ​ពួក​គាត់​គ្រាន់​តែ​ថត ​ជា​វីដេ​អូ​ឡាយ​ដាក់ចូលទៅ​ក្នុង​​គ្រុប​របស់​គ្រូ​បង្វឹក​ ដើម្បី​ត្រួត​ពិនិត្យ ​និងវាយតម្លៃ​ពី​បបច្ចេក​ទេសតាម​ទូរស័ព្ទ​តែ​ម្តង»​។

ការ​ហ្វឹក​ហាត់របស់​ក្រុម​ជម្រើសជាតិ​កីឡាទូក​កម្ពុជា ដើម្បី​ត្រៀម​ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេម នៅ​ចុង​ឆ្នាំ​ ២០២១​ នេះ។ រូប​ថត សហការី

​លោក​ ស្រ៊ុន​ លាង​ បាន​ឱ្យ​ទៀត​ថា ​​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម​ ចុង​ឆ្នាំ ២០២១ ​នេះ ​​សហព័ន្ធ​កីឡាទូកកានូ និង​រ៉ូអ៊ីង​កម្ពុជា​ បាន​ត្រៀម​បញ្ជូន​ក្រុម​ជម្រើសជាតិ​ចូល​រួមប្រកួត​ប្រជែង​​ទាំង​ផ្នែក​​ទូកកានូ​, ទូក​កាយ៉ាក់​ និង​ទូក​រ៉ូអ៊ីង ​តែ​​ប្រភេទ​ទូក​នាគ​ខ្នាត​អន្តរជាតិ​ គឺ​ម្ចាស់​ផ្ទះ​វៀតណាម​ មិន​បាន​ដាក់​ទេ ​ហេតុ​នេះ​យើង​សម្រួច​តែ​៣​ប្រ​ភេទ​ ក្នុង​នោះ​ទូក​កានូ​ មាន​៣​វិញ្ញាសា​ C4 (1000M) C2 និង C4 (500M) រីឯ​​ទូក​កាយ៉ាក់ ​មាន​ ៣ ​វិញ្ញាសាដែរ គឺ ​K1 K2 (1000M) និង​ K2 (500M) ចំណែក​ទូក​រ៉ូអ៊ីង​ មាន​២​វិញ្ញាសារ គឺ ​M1x1000m និង ​M2x 1000m។​

តែ​ទោះ​ជា​យ៉ាង​ណា​ វេលា​កំណត់​ធ្វើ​តេស្ត​កម្រិត​បច្ចេកទេស ​ជ្រើស​រើស​អត្តពលិក​ទៅ​ចូល​រួម​ប្រ​កួត​នៅ​ស៊ី​ហ្គេម​នោះ​ ​នឹង​ធ្វើ​ឡើង​តាម​ការ​ប្រ​កួត​ប្រជែង ដើម្បី​​យក​អ្នក​មាន​បច្ចេកទេស​ល្អ​ជាង​គេ ​ខណៈ​ដែល​ពេល​នេះ​ មិន​ទាន់​អាច​ដឹង​ថា ​ជា​នរណា​នៅ​ឡើយ​។

​​លោក ​ស៊ុន​ លាង ​បញ្ជាក់​ថា៖​«​កន្លង​មក ​យើង​មាន​ប្រៀប​គួរ​សម ​លើ​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ ​និង​ទូក​ប្រពៃ​ណី​ ប៉ុន្តែ​ស៊ី​ហ្គេម ​ឆ្នាំ​ ២០២១ ​នេះ​ ម្ចាស់​ផ្ទះ​ មិន​មាន​ឡើយ​»។

លោក​បាន​បញ្ជាក់បន្ថែម​ថា៖​ «​ចំណែក​​ទូក​ ៣​ ប្រ​ភេទ​ខាង​លើ​ និង​វិញ្ញា​សា​​ចំនួន ​៨ ​នេះ កម្រិត​បច្ចេក​ទេស​របស់​ក្រុម​ជម្រើស​ជាតិ​យើង​ មិន​នៅ​ក្រោម​គេ​ទេ​ ពោល​គឺ​អាច​នឹង​ប្រ​កួត​ប្រជែង​ជា​មួយ​ប្រទេស​គេ​បាន​ ហើយ​ការ​ហ្វឹក​ហាត់​ជាក់​ស្តែង​របស់​កីឡាករ​យើង ​តាម​លក្ខណៈ​ឯក​ជន​នេះ​ក៏​មិន​ធ្លាក់​ចុះ​ដែរ»​៕