ភ្នំពេញ: ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ (U22) គ្រូបង្វឹក និងក្រុមការងារបានយកទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈដើម្បីចុះចែករំលែកបទពិសោធបាល់ទាត់ចែករំលែកក្តីស្រឡាញ់ និងប្រាប់ពីបទពិសោធជីវិតជាអ្នកបាល់ទាត់ទៅដល់យុវជន និងក្មេងៗជាច្រើននាក់នៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។
ការចុះចែករំលែកបទពិសោធបាល់ទាត់នៅ PSE កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នោះគឺក្រុម U22 កម្ពុជាត្រូវបានបែងចែកជា ៣ ក្រុមដាច់ដោយឡែកពីគ្នា ដោយក្នុងនោះក្រុមទី ១ ត្រូវដាក់ឲ្យបង្ហាត់បង្ហាញពីរបៀបលេងបាល់ទាត់ ទៅដល់ក្រុមយុវជនជាង ៣០ នាក់។
ចំណែកក្រុមទី ២ ត្រូវបានដាក់ឲ្យជជែកពិភាក្សាជាមួយយុវជនជាង ២០ នាក់ដោយផ្តល់ឱកាសឲ្យក្រុមយុវជនទាំងនោះសួរនាំទាក់ទងនឹងខ្សែជីវិតជាអ្នកបាល់ទាត់ដូចជា ការតាំងចិត្ត ការសម្រេចចិត្ត និងការដោះស្រាយបញ្ហា នៅពេលបាក់ទឹកចិត្ត។ លើសពីនេះក្រុមយុវជនទាំងនោះក៏បានសួរពីផែនការនៃការអភិវឌ្ឍរបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ។
ចំពោះក្រុមទី ៣ ត្រូវដាក់ឲ្យចែករំលែកនៃក្តីស្រឡាញ់ទៅដល់គ្រូបង្រៀន ពិសេសក្មេងតូចៗដែលមានអាយុ ៥ ទៅ ៦ ឆ្នាំដោយការនាំឲ្យពួកគេលេងបាល់ទាត់ និងការចែកក្រុមឲ្យពួកគេដណ្តើមបាល់គ្នា ហើយជាលទ្ធផលក្មេងៗទាំងនោះបានចូលរួមលេងបាល់យ៉ាងស្វាហាប់ និងពោរពេញដោយក្តីសប្បាយរីករាយអស់ពីចិត្តរបស់ពួកគេតែម្តង។
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុម U22 កម្ពុជាបានប្រាប់ក្រោយចប់កម្មវិធីថា៖ «ការដឹកនាំក្រុម U22 កម្ពុជាមកថ្ងៃនេះគឺទី ១ យើងចង់ឲ្យកីឡាករជម្រើសជាតិចូលរួមជាមួយការងារសង្គមដែលនេះជាជំហានដំបូងហើយការសម្រេចយក PSE ជាការចាប់ផ្តើមអនុវត្តការងារសង្គមរបស់ក្រុមជម្រើសជាតិ ចំថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះគឺយើងចង់អូសទាញយុវជនទាំងនេះមកផ្តល់ក្តីស្រឡាញ់ឲ្យគ្នាតាមរយៈការចែករំលែកបទពិសោធឲ្យគ្នា និងការលេងកីឡា គឺចៀសវាងពួកគេទៅធ្វើអំពើភ្លើតភ្លើននៅថ្ងៃនេះដែលប្រាសចាកពីទំនៀមទម្លាប់ប្រពៃណីខ្មែរ»។
លោកបានបន្ថែមថា៖ «ការផ្សារភ្ជាប់ក្រុមជម្រើសជាតិនេះទៅនឹងការងារសង្គមនេះវាស្ថិតនៅក្នុងផែនការរបស់យើង អ៊ីចឹងយើងនឹងខំប្រឹងព្យាយាមធ្វើសកម្មភាពផ្សេងៗទៀតដូចជាការធ្វើការងារសង្គមជាមួយមនុស្សចាស់ជរា ជនពិការ ឬកុមារគថ្លឹងទៅតាមទីតាំងផ្សេងៗទៀតទាំងនៅភ្នំពេញ និងខេត្តផងដែរ»។
ចំណែកលោក ចាន់ វាសនា គ្រូបង្វឹកបាល់ទាត់នៅអង្គការដើម្បីភាពញញឹមនៃកុមារបាននិយាយក្រោយការហាត់រួមគ្នាជាមួយក្រុម U22 កម្ពុជាថា៖ «ការមកចែករំលែកបទពិសោធរបស់ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំនៅពេលនេះវាជារឿងដ៏ល្អមួយសម្រាប់ពួកយើង ព្រោះពួកយើងបានទទួលនូវចំណេះដឹងដែលថ្មីពីពួកគាត់ដូចជា ការប៉ះបាល់ ការគ្រប់គ្រងបាល់ ជំហរនៃការស៊ុតបាល់បញ្ចូលទី និង តាក់ទិចមួយចំនួនទៀតអ៊ីចឹងការចែករំលែកនៅថ្ងៃនេះនឹងធ្វើឲ្យយុវជនរបស់យើងមានការយល់ដឹងពីរបៀបនៃការលេងបាល់ កាន់តែច្រើន»៕