ភ្នំពេញ: ក្រុម​ជម្រើស​លីក​កម្ពុជា (Cambodia All Stars) បាន​តាំងចិត្ត​យ៉ាង​ខ្ពស់​ទៅលើ​ការហ្វឹកហាត់​ដើម្បី​ត្រៀម​លក្ខណ​សម្បត្តិ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ខ្លាំង​របស់​ថៃ Muangthong United នៅ​ពហុកីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​ ៦ ​ល្ងាច​ថ្ងៃ​សៅរ៍ ហើយ​នេះ​ក៏​ជា​ការប្រកួត​សងសឹក​ដ៏សំខាន់​ផង​ដែរ​។

លោក ភា សុភ័ក្ត្រា ដែល​ជា​គ្រូបង្វឹក​បាន​ប្រាប់​ថា​៖ «​ដោយសារ​យើង​មិន​មាន​ពេល​ហ្វឹកហាត់​បាន​ច្រើន​ថ្ងៃ អ៊ីចឹង​ក្នុង​រយៈពេល​ហាត់​កន្លង​មក​នេះ​ខ្ញុំ​ព្យាយាម​ជំរុញ​ឲ្យ​កីឡាករ​ស្គាល់​ពី​តាក់ទិក​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ជា​គ្រូបង្វឹក ហើយ​បង្ហាត់បង្ហាញ​ទៅ​លើ​ស្ទីល​នៃ​ការលេង​ការពារ និង​ប្រយុទ្ធ​គឺ​ត្រូវ​តែ​មាន​តុល្យភាព​គ្នា​»​។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​មើល​ការប្រកួត​របស់ Muangthong ដែរ តែ​ដូចជា​មិន​ទាន់​ច្បាស់ការ​ព្រោះ​ក្លិប​របស់​គេ​បាន​យក​ការប្រកួត​នោះ គ្រាន់តែ​ជា​ការ​ធ្វើតេស្ត​ទៅ​លើ​សមត្ថភាព​កីឡាករ​គឺ​អត់​បាន​បង្ហាញ​អ្វី​ជា​តាក់ទិក​ពិតប្រាកដ​ទេ ប៉ុន្តែ​សម្រាប់​យើង​វិញ​ត្រូវ​ត្រៀម​លក្ខណសម្បត្តិ​ឲ្យ​បាន​ល្អ ហើយ​យើង​មាន​ការតាំង​ចិត្ត​ខ្ពស់​ណាស់​គឺ​ការតាំង​ចិត្ត និង ការប្រឹងប្រែង​ជា​ក្រុម​មាន​ ១២០ ​ភាគរយ​រហូត​»​។

តាមរយៈ​ការហ្វឹកហាត់​រួម​គ្នា​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​ ៤ ខែ​កុម្ភៈ​នោះ​គឺ​កីឡាករ​ទាំង​ ២៧ ​នាក់ (​បរទេស​ ៥ ​នាក់​) របស់ Cambodia All Stars មាន​ភាព​សស្រោក​សស្រាំ​ខ្លាំង​ទៅលើ​ការហ្វឹកហាត់​។ បើ​ទោះបី​ជា​ក្រុម​នេះ​បាន​ចាញ់​ក្រុម MCL African Team ៣-០ ក្នុង​ការប្រកួត​ដកស្រង់​បច្ចេកទេស​នៅ​ពហុកីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃ​ពុធ ប៉ុន្តែ​លោក ភា សុភ័ក្ត្រា បាន​ចាត់ទុក​លទ្ធផល​ចាញ់​នោះ​ថា​ជា​រឿង​ល្អ​ទៅ​លើ​ផ្នែក​ចិត្តសាស្ត្រ​។

លោក ភា សុភ័ក្ត្រា បាន​និយាយ​ថា​៖ «​ការប្រកួត​កាលពី​ថ្ងៃ​ពុធ វា​មិនមែន​ជា​ការប្រកួត​មិត្តភាព​នោះ​ទេ​គឺ​គ្រាន់តែ​ជា​ការប្រកួត​ដកស្រង់​បច្ចេកទេស ហេតុ​នេះ​វា​កាន់តែ​អត់​ផ្លូវការ​ក្នុង​ការផ្តោត​ទៅ​លើ​លទ្ធផល ព្រោះ​អ្វី​ដែល​យើង​សម​ជើង​នេះ​គឺ​ដើម្បី​ពិនិត្យ​មើល​ប្រសិទ្ធភាព ឬ​គុណភាព​នៃ​ការលេង​របស់​កីឡាករ​ក្នុង​ក្រុម​»​។

សម្រាប់​ការប្រកួត​ដែល​មាន​បែងចែក​ជា​ ៣ ​វគ្គ​ដោយ​ក្នុង​ ១ ​វគ្គ​មាន​រយៈពេល​ ៣០ ​នាទី​នោះ លោក ភា សុភ័ក្ត្រា បាន​រៀបចំ​ការលេង​ខុសៗ​គ្នា​ទាំងអស់​គឺ​វគ្គ​ទី​ ១ ផ្តោត​ខ្លាំង​លើ​ការការពារ​មិន​ឲ្យ​គេ​ទាត់​ចូល​យើង​ទេ ឯ​វគ្គ​ទី​ ២ លោក​ប្តូរ​មក​បង្កើន​ឱកាស​ប្រយុទ្ធ​ ៥០ ​ភាគរយ និង​ការពារ​ ៥០ ​ភាគរយ ហើយ​តង់​ទី​ ៣ ផ្តោត​ទៅ​លើ​ការលេង​ឲ្យ​ស៊ីចង្វាក់​គ្នា​។

លោក ភា សុភ័ក្ត្រា បាន​បន្ថែម​ថា​៖ «​បើ​យើង​និយាយ​ពី​លក្ខណៈ​បច្ចេកទេស​ទៅលើ​ចិត្តសាស្ត្រ​វិញ​គឺ​យើង​ទទួល​បាន​បទពិសោធ​ច្រើន​ពី​ការប្រកួត​នេះ ហើយ​នេះ​ជា​លទ្ធផល​បែប​ចិត្តសាស្ត្រ​មួយ​ព្រោះ​នៅក្នុង​ការប្រកួត​វគ្គ​នីមួយៗ ខ្ញុំ​បាន​រៀបចំ​ការលេង​ខុសៗ​គ្នា​ទាំងអស់​ហើយ​សម្រាប់​លទ្ធផល​ចាញ់​នេះ វា​មិនមែន​ជា​កំហុស​តាក់ទិក តែ​ជា​កំហុស​បច្ចេកទេស​ដែល​កើតឡើង​ដោយ​ការបង្កើត​កំហុស​ដោយ​ខ្លួនឯង ហើយ​ជា​អ្វី​ដែល​មើលឃើញ និង​អាច​កែតម្រូវ​»​។

គ្រូបង្វឹក​រូប​នេះ​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មើលឃើញ​ថា​កីឡាករ​គាត់​មាន​ការប្រឹងប្រែង​ខ្ពស់​ដោយ​ព្យាយាម​ចាប់​យក​អ្វី​ដែល​ជា​តម្រូវការ និង​ជាគោលការណ៍​លេង​របស់​គ្រូ ហើយ​ខ្ញុំ​គិត​ថា​យើង​អាច​ទទួល​យក​បាន​ចំពោះ​ប្រសិទ្ធភាព​នៃ​ការលេង​របស់​យើង​គឺ​គ្រាន់តែ​យើង​ត្រូវ​បន្ថែម​ទៅលើ​ការលេង​ឲ្យ​យល់​ចិត្ត​គ្នា ហើយ​យើង​នឹង​ប្រឹង​លេង​ឲ្យ​អស់​លទ្ធភាព​ពេល​ប្រកួត​ជាមួយ Muangthong»​។

ក្រុម Cambodia All Stars ធ្លាប់​បាន​ជួប​ក្រុម Muangthong ២ ​លើក​មក​ហើយ គឺ​កាលពី​ឆ្នាំ​ ២០១៦ បាន​យក​ឈ្នះ ៤-៣ តែ​ជំនួប​លើក​ទី​ ២ កាល​ឆ្នាំ​ ២០១៧ Muangthong បាន​លត់ Cambodia All Stars ៤-០ វិញ ហើយ​លើក​នេះ​លោក Kan អ្នក​ចាត់ការ​ទូទៅ​ក្រុម Muangthong បាន​ប្រាប់​ថា​៖ «​យើង​នឹង​បញ្ជូន​កីឡាករ​ល្អៗ​បំផុត​របស់​ក្លិប ដើម្បី​មក​ប្រកួត​ព្រោះ​យើង​ដឹង​ច្បាស់​ថា ការប្រកួត​នេះ​មិនមែន​ងាយស្រួល​នោះ​ទេ​»៕