ភ្នំពេញៈ ក្រុម​បឹង​កេត និង​ណាហ្គាវើល ដែល​ជា​គូ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ ​ក្នុងការ​ប្រកួត​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០១៨​ នោះ បាន​ចាប់​ឆ្នោត​ប៉ះ​គ្នា ក្នុងការ​ប្រកួត​វគ្គ​ ៨​ ក្រុម​ថ្នាក់​ជាតិ ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​ ១២ ឆ្នាំ ​២០១៨ ហើយ​​ក្រុម​ក្រសួងការពារជាតិ (ទ័ព) បាន​ជួប​គូ​សត្រូវ​ចាស់ គឺ​ក្រុម​ម្ចាស់​ជើង​ឯក​ព្រះខ័នរាជស្វាយ​រៀង ក្នុង​វគ្គ​នេះ​ដែរ។

​ការ​ចាប់​ឆ្នោត​ប៉ះ​គ្នា​រវាង​​ក្រុម​ខ្លាំង​ទាំង ៤ ​នេះ បាន​ធ្វើ​ឲ្យមាន​ការ​​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទស្សនា ព្រោះ​វាជា​ការ​ប្រកួត​សង​សឹក​ទាំង​ ២ ​គូ​តែ​ម្តង។ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន កាល​ពី​ឆ្នាំ​ ២០១៧ ​​​ក្រុម​ស្វាយ​រៀង ​បានទម្លាក់​ក្រុម​ទ័ព ក្នុង​វគ្គ​ ៨ ​ក្រុម​នេះ​តែ​ម្តង ដោយ​កាល​នោះ​ក្រុមទាំង​ ២ ​បាន​ស្មើ​គ្នា ១-១ ក្នុងការ​ប្រកួត នៅ​លើ​ទឹក​ដី​ក្រុម​ទ័ព គឺ​កីឡដ្ឋាន​​ស្តាតចាស់។

ប៉ុន្តែ​ការ​ប្រកួត​ជើង​ទី ​២ ​នៅ​លើ​ទឹក​ដី​ខេត្ត​ស្វាយ​រៀង គឺ​ក្រុម​ស្វាយ​រៀង ​បាន​យក​ឈ្នះ​ក្រុម​ទ័ព ៣-០ រួច​​​ពួក​គេ ​បន្ត​ទៅ​ទម្លាក់​ក្រុម​អគ្គិនី​កម្ពុជា នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​បាន​យក​ឈ្នះ​ក្រុមណាហ្គាវើល ​៣-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ឈ្នះ​ពាន​សម្តេច ​ហ៊ុន សែន ជា​លើក​ទី​ ៤ ខណៈ​ពួក​គេ​បាន​ឈ្នះ​លើ​ក​ទី ១ នៅ​ឆ្នាំ ២០១១ លើក​ទី​ ២ ឆ្នាំ​ ២០១២ និង​លើក​ទី ៣ នៅ​ឆ្នាំ ២០១៣។

​ក្រុម​ស្វាយ​រៀង (ខៀវ) បាន​ទម្លាក់​ក្រុម​​ក្រសួងការពារជាតិ កាល​ពី​ឆ្នាំ​២០១៧ ហើយ​នៅ​ពេល​នេះ​ក្រុម​ទាំង​២ ត្រូវ​វិល​មកជួប​គ្នា​ក្នុង​វគ្គ​៨​ក្រុម​ ម្តង​ទៀត ក្នុង​ឆ្នាំ​២០១៨​នេះ។ ស្រេង ម៉េងស្រ៊ុន

ដូច​គ្នា​នេះ​ដែរ ការ​ជួប​គ្នា​រវាង​ក្រុម​បឹង​កេត និង​ណាហ្គាវើល វា​ជា​ពេល​វេលា​ដែល បឹង​កេត ត្រូវ​ធ្វើ​ការ​សង​សឹក​ក្រុម​ណាហ្គាវើល ព្រោះ​កាល​ពី​ឆ្នាំ​ ២០១៧ ណាហ្គាវើល បាន​យក​ឈ្នះ​ក្រុម​បឹង​កេត ទាំង​ ២​ ជើង​ជាមួយ​លទ្ធផល ១-០ និង​ ៣-២ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ បន្ថែមលើ​ការ​ចាញ់​នោះ បឹង​កេត បាន​ទៅ​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា ​ដោយការ​ទាត់បាល់​ប៉េណាល់​ទី ៥-៤ ក្រោយ​​ក្រុម​ទាំង​ ២​ បាន​ស្មើ​គ្នា ១-១ ក្នុងការ​ប្រកួត​ដណ្តើម​យក​លេខ​ ៣ និង​លេខ​ ៤។

ដោយ​ឡែក សម្រាប់​ការ​ចាប់​ឆ្នោត ដែល​​ត្រូវ​បាន​ធ្វើ​ឡើង នៅពហុកីឡដ្ឋាន​ជាតិ កាល​ពី​ព្រឹកថ្ងៃ​ចន្ទ​នេះ​ដែរ ​ក្រុម​អង្គរ​ថាយហ្គឺរ បាន​ចាប់​ឆ្នោត​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោន ឯ​ក្រុម​ប៉ូលិស ​បាន​ចាប់​ឆ្នោត​ប៉ះ​ប្រអប់​ដែល​មាន​ ២​ ក្រុម គឺ​សាលា​បាល់​ទាត់​ជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ និង​ខេត្ត​កោះកុង ព្រោះក្រុមទាំង​ ២ ​នេះ នៅមិនទាន់​បញ្ចប់​ការ​ប្រកួត​វគ្គ ​១៦ ​ក្រុម​នៅ​ឡើយ​ទេ។

ទោះ​បីជា​យ៉ាងណា ក្រុម​សាលា​​បាល់​ទាត់​ជាតិ​អាយុ​ក្រោម​ ១៨​ ឆ្នាំ អាច​នឹង​ក្លាយ​ជា​បេក្ខភាព ដែល​ត្រូវ​ឡើង​មក​ជួប​ក្រុម​ប៉ូលិស ក្នុង​ការ​ប្រកួត​វគ្គ ​៨ ​ក្រុម​ថ្នាក់​ជាតិ​នេះ ព្រោះ​ការ​ប្រកួត​ជើង​ទី ​១ ​នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់​ទាត់​ជាតិ នៅ​ទឹក​ដី​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ ​សាលា​បាល់​ទាត់​ជាតិ​​អាយុ​ក្រោម ​១៨ ​ឆ្នាំ បាន​យក​ឈ្នះ​ក្រុម​ខេត្តកោះកុង ៤-១ ហើយ​ក្រុមទាំង​ ២ ​នេះ ត្រូវ​ប្រកួត​ជើង​ទី ​២ កាត់​សេចក្តី នៅ​ថ្ងៃ​ទី​ ២៨ ខែកក្កដា ខាង​មុខ​នេះ។

​លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិ​របស់​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) ​បាន​ថ្លែង ក្នុងសន្និសីទ​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ប្រកួត​វគ្គ ​៨ ​ក្រុម​ថ្នាក់​ជាតិ ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​ ២០១៨​ នេះ នឹង​ត្រូវ​ប្រកួត​ជើង​ទី ​១ នៅ​ថ្ងៃ​ទី ​​១ ខែសីហា និងជើង​ទី ​២ នៅ​ថ្ងៃ​ទី ​៨ ខែសីហា ខាង​មុខ​នេះ ដើម្បី​រក​ក្រុម​ឈ្នះ​ចំនួន​ ៤ ឡើង​ទៅ​ជួប​គ្នា នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕