គ្រូធំ និង​ជា​ស្ថាបនិក​ដ៏សំខាន់​នៅក្នុង​ខេមរៈ​សហព័ន្ធ​កីឡា​តេក្វាន់ដូ លោក ឆយ យ៉ុងសុក ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា ក្រុម​អត្តពលិក​កីឡា​តេក្វាន់ដូ (WT) ទាំង ២ នាក់​របស់​កម្ពុជា អាច​នឹង​ឆ្លង​ផុតពី​ការប្រកួត​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី ដែល​ត្រូវធ្វើ​នៅ​ប្រទេស​ហ្ស៊កដានី​នា​ថ្ងៃទី ២១ និង​ទី ២២ ខែ​ឧសភា ឆ្នាំ ២០២១ នេះ​ ដើម្បី​ឈ្នះ​បាន​កៅអី​ឡើង​ទៅ​ប្រកួត​កីឡា​អូឡាំពិក ក្រុង​តូក្យួ​នៅ​ប្រទេស​ជប៉ុន ជាថ្មី​ម្តងទៀត។

ចំពោះ​បេក្ខភាព​តេក្វាន់ដូ​របស់​កម្ពុជា ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​លើក​នេះ គឺ​កីឡាការិនី​កូនកាត់​ខ្មែរ-អាមេរិក កំពុង​ហ្វឹកហាត់​នៅ​រដ្ឋ​តិចសាស សហរដ្ឋអាមេរិក ថិប កាសាន់ទ្រេនីកូល ដែល​កញ្ញា​នឹង​ត្រូវ​ប្រកួត​ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម និង​កីឡាករ វ៉ា មិថុនា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៨០ គីឡូក្រាម។

ទាក់ទង​នឹង​ការចេញ​ទៅ​ប្រកួត​ជម្រុះ​អូឡាំពិក​លើក​នេះ គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បួង​លោក ឆយ យ៉ុងសុក (CHOI Yong Sok) ដែល​បាន​ចំណាយពេល​នៅ​ស្រុក​ខ្មែរ​ជាង ២០ ឆ្នាំ ដើម្បី​ជួយ​វិស័យ​កីឡា​តេក្វាន់ដូ​កម្ពុជា ក្នុង​នាម​ជា​គ្រូ​ជម្រើសជាតិ​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «វគ្គ​ជម្រុះ​នេះ​ខ្ញុំ​សង្ឃឹម​ឆ្លង​ផុត​ក្នុង​ទំនុកចិត្ត​ខ្ពស់​ទោះ​ជា​យើង​មិនទាន់​ដឹងថា​ក្រុម​អត្តពលិក​របស់​យើង ត្រូវ​ជួប​អត្តពលិក​មកពី​ប្រទេស​ណាក៏ដោយ»។

លោក ឆយ យ៉ុងសុក បាន​បន្ថែមថា៖ «សម្រាប់​ប្រភេទ​ទម្ងន់​របស់​កីឡាការិនី​ថិបកាសាន់ទ្រេនីកូល​ និង​កីឡាករ​ វ៉ា មិថុនា ​យើង​មិនទាន់​ដឹង​មាន​កីឡាករ​កីឡាការិនី​ប៉ុន្មាន​នាក់​មកពី​ប៉ុន្មាន​ប្រទេស​ចូលរួម​នៅឡើយ​ទេ​គឺ​យើង​អាច​ដឹង​ក្នុង​វង្វង់​ថ្ងៃទី ១៩ ឬ​ថ្ងៃទី ២០ ខែ​ឧសភា​ឆ្នាំ ២០២១ ព្រោះ​អត្តពលិក​ទាំង ២ នាក់​របស់​យើង​ប្រកួត​នៅ​ថ្ងៃទី ២១ ខែឧសភា ដូចគ្នា។ យ៉ាងណា​ក៏ដោយ ទាំង​គ្រូបង្វឹក​ក្តី​កីឡាករ​ក្តី​កីឡាការិនី​ក្តី​ត្រូវតែ​តាំងចិត្ត​ និង​មាន​ទំនុកចិត្ត​ខ្ពស់​ទើប​យើង​ទទួល​បាន​លទ្ធផល​ល្អ»។

កីឡាករ វ៉ា មិថុនា (កណ្តាល) ដែល​ជា​បេក្ខភាព ត្រូវ​ចេញទៅ​ប្រកួត​ជម្រុះ​អូឡាំពិក។

បើតាម​លោក​ ឆយ យ៉ុងសុក ​បានឱ្យដឹងថា លោក និង​កីឡាករ វ៉ា មិថុនា ​នឹង​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១៦ ខែ​ឧសភា​ឆ្នាំ ២០២១ វេលា​ម៉ោង ១១ និង ៥៥ យប់​ដោយ​ត្រូវ​ទៅឱ្យ​ដល់​កន្លែង​ប្រកួត​វគ្គ​ជម្រុះ​កីឡា​តេក្វាន់ដូ (WT) នៅ​ប្រទេស​ហ្ស៊កដានី​នា​ថ្ងៃទី ១៨ ខែ​ឧសភា។ ចំណែក​កីឡាការិនី​ ថិប កាសាន់ទ្រីនីកូល ​និង​គ្រូ​ជំនួយ​លោក​ Tubbs Gregory Allan នឹងធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​ទៅ​ប្រទេស​ហ្ស៊កដានី​តែម្តង ដើម្បី​ទៅ​ជួប​លោកគ្រូ​ ឆយ យ៉ុងសុក ​និង​កីឡាករ​ វ៉ា ​មិថុនា ​នៅ​ទីនោះ​តែម្តង។

ចំពោះ​លក្ខខណ្ឌ​នៃ​ការប្រកួត​ជម្រុះ​លើ​ប្រភេទ​តេក្វាន់ដូ​នេះ លោក​ ឆយ ​យ៉ុងសុក បាន​បញ្ជាក់ថា៖ «គណៈកម្មការ​តេក្វាន់ដូ WT ប្រចាំ​នៅ​ទ្វីបអាស៊ី​មាន​កូតា​ជ្រើសរើស​យកតែ​កីឡាករ ២ នាក់​ និង​កីឡាការិនី ២ នាក់​ប៉ុណ្ណោះ ក្នុង ១ ប្រភេទ​ទម្ងន់​ ដើម្បី​ឡើងទៅ​ប្រកួត​ជម្រុះ​អូឡាំពិក នៅ​ជប៉ុន​ដែល​ការប្រកួត​ដ៏ធំ​នោះ ក្នុង ១ ប្រភេទ​ទម្ងន់​មាន​កីឡាករ ឬ​កីឡាការិនី ចូលរួម​ប្រកួតប្រជែង​ចំនួន ១៦ នាក់​ដូចគ្នា»។

ចំណែក​លោក​ វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏មាន​ទំនុកចិត្ត​ទៅលើ​ក្រុម​តេក្វាន់ដូ​ផងដែរ ជាពិសេស​ទៅលើ​កីឡាការិនី ថិប កាសាន់ទ្រេនីកូល ដែល​ធ្លាប់​ឈ្នះ​មេដាយប្រាក់​នៅ​ស៊ីហ្គេម។ លោក វ៉ាត់ ចំរើន បាន​និយាយថា៖ «ធនធាន​អត្តពលិក​ទាំង ២ នាក់​នេះ​មាន​សក្តានុពល​ពិសេស​កីឡាការិនី ថិប កាសាន់ទ្រេនីកូល ដោយមាន​ម្តាយ​មាន​ដើមកំណើត​ខ្មែរ រស់នៅ​អាមេរិក​ហើយ​ឪពុក​របស់​នាង​ជា​គ្រូ​កីឡា​តេក្វាន់ដូ​នេះ​តែម្តង​ដែល​មើលថែ​ព្រមទាំង​ជួយ​បណ្តុះបណ្តាល​តាំងពីតូច»។

លោក​ វ៉ាត់ ចំរើន ​បាន​លម្អិត​ពី​ច្បាប់​ប្រកួត​ និង​បច្ចេកទេស​ថា៖ «ប្រសិន​ពួកគេ​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​នេះហើយ​មាន​ពិន្ទុ​ល្អ​យើង​នៅ​មាន​ឱកាស​បន្តិចបន្តួច​ទៀត​គឺ​សុំ​សិទ្ធិ​អនុគ្រោះ​ម្តងទៀត​ទៅ​គណៈកម្មការ​រៀបចំ​ប្រកួត​ដើម្បី​បាន​ទៅ​ចូលរួម​ប្រកួត​អូឡាំពិក ហេតុនេះ​យើង​នៅ​មាន​សង្ឃឹម​ច្រើន​ដែរ»៕