ភ្នំពេញ៖ ក្រុម​តេក្វាន់ដូ​កម្ពុជា ជា​ពិសេស​កីឡាការិនី​កូន​កាត់​ខ្មែរ-អាមេរិក ថិប កាសាន់ទ្រេនីកូល បាន​សម្តែង​ការ​សោកស្តាយ​ខ្លាំង ខណៈ​កញ្ញា និង​មិត្ត​រួម​ក្រុម គឺ​កីឡាករ វ៉ា មិថុនា សុទ្ធ​តែ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ជម្រុះ​តេ​ក្វាន់​ដូ​ប្រចាំ​ទ្វីប​អាស៊ី ដោយ​មិន​អាច​រក​បាន​កៅអី​ពេញ​សិទ្ធិ​សម្រាប់​ឡើង​ទៅ​ប្រកួត​កីឡា​អូឡាំពិក ក្រុង​តូក្យូ ប្រទេស​ជប៉ុន ឆ្នាំ ២០២០ ដែល​ត្រូវ​បាន​លើក​មក​ធ្វើ​នៅ​ឆ្នាំ ២០២១ នោះ​ឡើយ។

សម្រាប់​ការ​ប្រកួត​ជម្រុះ​អូឡាំពិក ដែល​បាន​ធ្វើ​នៅ​ប្រទេស​ហ្ស៊កដានី​នេះ កីឡាករ​កម្ពុជា វ៉ា មិថុនា បាន​ធ្លាក់​តាំង​ពី​ប្រកួត​ជម្រុះ​លើក​ដំបូង ចំណែក​កីឡាការិនី ថិប កាសាន់ទ្រេនីកូល បាន​យក​ឈ្នះ​លើ​កីឡាការិនី​របស់​ប៉ាគីស្ថាន នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ ១៦ នាក់ ប៉ុន្តែ​បាន​ទៅ​ចាញ់​កីឡាការិនី​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​វគ្គ ៨ នាក់​ចុង​ក្រោយ ឬ​វគ្គ ១/៤ ផ្តាច់​ព្រ័ត្រ។

លោក ឆយ យ៉ុងសុក គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ដឹកនាំ​ការ​ប្រកួត​នេះ​ផ្ទាល់ នៅ​ឯ​ប្រទេស​ហ្ស៊កដានី ជាមួយ​គ្រូ​ជំនួយ​លោក Tubbs Gregory Allan បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ក្រោយ​ការ​ប្រកួត​ចាញ់​របស់​កីឡាការិនី ថិប កាសាន់ទ្រេនីកូល កាល​ពី​ថ្ងៃ​សៅរ៍​ថា កីឡាករ វ៉ា មិថុនា របស់​កម្ពុជា ដែល​ប្រកួត​វិញ្ញាសា​ក្រោម​ទម្ងន់ ៨០ គីឡូក្រាម បាន​ប្រកួត​ចាញ់​កីឡាករ​ជនជាតិ​ចិន​តៃប៉ិ Liu Wei-ting គឺ​ចាញ់​ពិន្ទុ​ដាច់​តែម្តង ៣៨ ទល់​នឹង ៤។

លោក​បន្ត​ថា កីឡាករ​ជនជាតិ​តៃប៉ិ LiuWei-ting នេះ ជា​ជើង​ខ្លាំង ដែល​ឈរ​នៅ​លំដាប់​លេខ ៣១ ពិភព​លោក ហើយ​នៅ​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៨០ គីឡូក្រាម​នេះ គឺ​ជាក់​ស្តែង​មាន​កីឡាករ​ចូលរួម​តែ ១០ នាក់​ទេ ដោយ​ក្នុង​នោះ គណៈកម្មការ​ជ្រើសរើស​យក​តែ​កីឡាករ ២ នាក់ សម្រាប់​ទ្វីប​អាស៊ី​នេះ ដើម្បី​យក​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ប្រទេស​ជប៉ុន ដែល​ក្នុង ១ ប្រភេទ​ទម្ងន់​មាន​អត្តពលិក ១៦ នាក់។

គ្រូបង្វឹក​ជនជាតិ​កូរ៉េ លោក ឆយ យ៉ុងសុក បាន​ប្រាប់​ទៀត ចំណែក​កីឡាការិនី ថិប កាសាន់ទ្រេនីកូល ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៥៧ គីឡូក្រាម បាន​យក​ឈ្នះ​លើ​កីឡាការិនី​ប៉ាគីស្ថាន Zoya Sabir ក្នុង​លទ្ធផល​ពិន្ទុ ៣៨-១ នៅ​ក្នុង​វគ្គ​ជម្រុះ​ដំបូង ប៉ុន្តែ​នាង​បាន​ទៅ​ចាញ់​កីឡាការិនី​ជា​ម្ចាស់ផ្ទះ​របស់​ហ្ស៊កដានី Hamaidi Natali នៅ​ក្នុង​វគ្គ​ជម្រុះ ៨ នាក់​ចុង​ក្រោយ ដោយ​ពិន្ទុ ៣ ទល់ ៥។

លោក ឆយ យ៉ុងសុក បាន​បញ្ជាក់​ថា៖ «កីឡាការិនី ថិប កាសាន់ទ្រេនីកូល បច្ចុប្បន្ន​មាន​លំដាប់​លេខ ៥២ ពិភព​លោក ប៉ុន្តែ​លទ្ធផល​ច្បាស់​ការ យើង​បាន​ចាញ់​ម្ចាស់​ផ្ទះ​ជនជាតិ​ហ្ស៊កដានី​ Hamaidi Natali ហើយ​យើង​ពិត​ជា​មាន​ការ​សោកស្តាយ​ខ្លាំង​ទាំង​អស់​គ្នា ព្រោះ​ក្រុម​អត្តពលិក​របស់​យើង​ប៉ះ​ចំ​គូប្រកួត ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​យើង​ធ្វើ​ឱ្យ​យើង​បាត់​ឱកាស»។

ចំពោះ​អារម្មណ៍​ពិត​របស់​កីឡាការិនី ថិប កាសាន់ទ្រេនីកូល ដែល​បាន​ធ្លាក់​ពី​ការ​ប្រកួត​នេះ ត្រូវ​បាន​លោក ឆយ យ៉ុងសុក ឆ្លើយ​បញ្ជាក់​ថា៖ «កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ថិប កាសាន់ទ្រេនីកូល មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រកួត​ចាញ់​កីឡាការិនី​ជា​ម្ចាស់​ផ្ទះ មិន​ដាច់​ខ្លាំង​ទេ ប៉ុន្តែ​សម្រាប់​នាង​ផ្ទាល់​មាន​ការ​ខក​ចិត្ត​ខ្លាំង​បំផុត ដែល​ការ​ប្រកួត​អូឡាំពិក​លើក​នេះ គ្មាន​វត្តមាន​តេក្វាន់ដូ​កម្ពុជា។ កីឡាការិនី​មាន​ឪពុក​ខ្មែរ-អាមេរិក និង​ម្ដាយ​កូន​កាត់​អាមេរិក-ម៉ិកស៊ិក រូប​នេះ មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ដែល​មិន​អាច​ដណ្ដើម​កៅអី​អូឡាំពិក​បាន»៕