ភ្នំពេញ៖ ក្រុមជម្រើសជាតិថ្នាល ដែលមានអត្តពលិកមកពីសហព័ន្ធកីឡាជាតិចំនួន ៣២ ប្រភេទនោះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យមានការប្រមូលផ្តុំហ្វឹកហាត់រួមឡើងវិញជាបណ្តើរៗហើយ ប៉ុន្តែតម្រូវឲ្យអ្នកគ្រប់គ្រងសហព័ន្ធកីឡាជាតិ ប្រកាន់ខ្ជាប់នូវលក្ខខណ្ឌសុវត្ថិភាពមួយចំនួន ដើម្បីធានាបានថា កន្លែងហ្វឹកហាត់មិនមែនជាកន្លែងឆ្លងជំងឺកូវីដ ១៩ រលកទី ២ ឡើយ។
លោក ប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា៖ «យោងតាមការណែនាំរបស់ក្រសួងអប់រំ យើងនឹងចាប់ផ្តើមប្រមូលផ្តុំជាបណ្តើរៗនូវក្រុមថ្នាល ហើយសប្តាហ៍ក្រោយនឹងមានការប្រមូលផ្តុំបានពេញលេញ ឬច្រើនសហព័ន្ធកីឡា។ រីឯក្រុមធំជម្រើសជាតិយើងរង់ចាំសភាពការណ៍ ឬក្រសួងជំនាញណែនាំសិន»។
គួររំឭកថា ប្រភេទកីឡាទាំង ៣២ ប្រភេទ ដែលក្រសួងអប់រំអនុញ្ញាតឲ្យមានការប្រមូលផ្តុំនៅឆ្នាំ ២០២០ នេះ រួមមានបាល់ទាត់ (U19 និង U16) តេក្វាន់ដូ WT ប៉េតង់ ហែលទឹក បាល់បោះ ចំបាប់ អត្តពលកម្ម បាល់ទះ (ក្នុងសាល និងឆ្នេរខ្សាច់) ប្រដាល់សកល សីដក់ វាយកូនបាល់ វូស៊ូ កាយសម្ព័ន្ធ ប្រណាំងទោចក្រយាន គុនដាវ តេក្វាន់ដូ ITF វាយកូនឃ្លីលើតុ វាយសី សូហ្វតិន្នីស សូរីនហ្សិកាំប៉ូ ទ្រីយ៉ាត្លុង ការ៉ាតេ ទូកប្រពៃណី និងអន្តរជាតិ វ៉ូវីណាម យូដូ គុនល្បុក្កតោ ប្រដាល់គុនខ្មែរ ទូកក្តោង វាយកូនគោល កីឡារាំ ជិះសេះ និងកីឡាជឺជីតស៊ូ។
ប្រភេទកីឡាទាំង ៣២ ដែលមានកីឡាករ ២៩០ នាក់ និងកីឡាការិនី ១០៨ នាក់នេះ ត្រូវបានអនុញ្ញាតឲ្យប្រមូលផ្តុំតាំងពីថ្ងៃទី ១ ខែមករា ប៉ុន្តែការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យសកម្មភាពប្រមូលផ្តុំនោះ ត្រូវផ្អាក រហូតមានការអនុញ្ញាតជាថ្មីរបស់ក្រសួងអប់រំ នៅពេលនេះ។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ក្រុមអត្តពលិកថ្នាលគុនដាវរបស់យើង បានចាប់ផ្តើមហាត់វិញហើយ ហើយសហព័ន្ធកីឡាជាតិ មួយចំនួនដូចជាចំបាប់ សូហ្វតិន្នីស កាយសម្ព័ន្ធ ប្រដាល់គុនខ្មែរ និងកីឡាវាយសីជាដើមក៏បានចាប់ផ្តើមហាត់ជាបណ្តើរៗដែរ»។
ចំណែកលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាប្រាប់ថា៖ «ប្រដាល់សកលមានអត្តពលិកក្រុមថ្នាលចំនួន ៨ នាក់ គឺបានចាប់ផ្តើមហើយ ព្រោះទទួលបានការណែនាំពីក្រសួង។ ជាមួយគ្នានេះ យើងចង់បង្វឹកពួកគាត់ ដើម្បីឲ្យមានសមត្ថភាពល្អឡើងវិញ ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រកួតនានាទាំងជាតិ និងអន្តរជាតិ ព្រោះកីឡាប្រយុទ្ធខកខានប្រកួតយូរមិនល្អទេ»។
ស្រដៀងគ្នានេះ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងដែរថា៖ «កីឡាកាយសម្ព័ន្ធបានចាប់ផ្តើមហាត់ហើយ តាមការអនុញ្ញាតរបស់ក្រសួងអប់រំ ដោយយើងអនុវត្តតាមវិធានសុវត្ថិភាព។ យ៉ាងណាក៏ដោយ ក្រុមកាយសម្ព័ន្ធមួយរយៈពេលនេះ ទោះមិនបានប្រមូលផ្តុំហាត់រួមមែន តែយើងបានហាត់តាមផ្ទះ និងគ្រប់គ្រងមើលតាមអនឡាញធ្វើឲ្យសកម្មភាពនៅតែរក្សាបាន នូវកម្រិតបច្ចេកទេសល្អ»។
ជាមួយគ្នានេះ ក្រុមចំបាប់ដែលមានការហ្វឹកហាត់សកម្មជាងគេ ពេលឈប់សម្រាកនៅតាមផ្ទះនោះ ក៏បានប្រមូលផ្តុំឡើងវិញដែរ។ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានប្រាប់ពីថ្ងៃចន្ទថា៖ «ក្រុមថ្នាលចំបាប់មាន ១៥ នាក់ (ស្រី ៤ នាក់) ហើយយើងបានចាប់ផ្តើមប្រមូលផ្តុំវិញនៅថ្ងៃចន្ទនេះ។ ក្រុមថ្នាលរបស់យើង បានហ្វឹកហាត់ជាប្រចាំនៅតាមផ្ទះ អ៊ីចឹងការដាក់ឲ្យប្រមូលផ្តុំឡើងវិញនេះ ពួកគេរក្សាបាននូវកម្លាំយកាយជាធម្មតា ប៉ុន្តែបច្ចេកទេសលើទីលានបាត់ច្រើន អ៊ីចឹងយើងត្រូវតែធ្វើការពង្រឹងឡើងវិញ»៕