ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្រោមការឧបត្ថម្ភរបស់លោក ថាង ហ្គោដុន និង CAMSOC បានបញ្ជូនកីឡាករជម្រើសជាតិ ៣ នាក់ និងគ្រូបង្វឹក ១ នាក់ ឲ្យទៅហ្វឹកហាត់រយៈពេល ៣ ខែ នៅប្រទេស ចិន ដើម្បីពង្រឹងសមត្ថភាពពួកគេឲ្យបានល្អប្រសើរ ត្រៀមចូលរួមការប្រកួតស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ ២០១៩ ខាងមុខនេះ។
លោក ម៉េង វ៉ាង ទីប្រឹក្សាសហព័ន្ធកីឡាទូកក្តោងកម្ពុជា និងជាអ្នកដឹកនាំក្រុមទូកក្តោង ចេញទៅហ្វឹកហាត់នៅប្រទេស ចិន លើកនេះ មានការរំពឹងថា ការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិចិន លើវិញ្ញាសាទូកក្តោង Windsurfing នៅទីក្រុងសានថូវ រយៈពេល ៣ ខែ នឹងជួយឲ្យកីឡាករកម្ពុជា សូត្រ មេសា, ប៉ាល់ សីលា និង កែវ ភារុណ មានសមត្ថភាពរីកចម្រើន ហើយអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗបាន នៅស៊ីហ្គេម លើកនេះ។
លោក ម៉េង វ៉ាង បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី ២៩ ខែសីហាថា៖ «នៅលើវិញ្ញាសាទូកក្តោង Windsurfing កីឡាកររបស់ចិន ធ្លាប់បានឈ្នះមេដាយទាំងកម្រិតពិភពលោក និងការប្រកួតអូឡាំពិក ហេតុនេះប្រទេស ចិន ជាកន្លែងហ្វឹកហាត់ដ៏ល្អបំផុត ហើយវាមិនមែនគ្រប់ប្រទេស សុទ្ធតែបានទៅហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិចិននោះទេ ប៉ុន្តែកម្ពុជា មានទំនាក់ទំនងល្អទាំងជាមួយសហព័ន្ធកីឡាទូកក្តោងចិន និងគ្រូបង្វឹកនៅចិន»។
តំណាងលោក ថាង ហ្គោដុន ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា រូបនេះបានបន្ថែមថា៖ «នៅចិនពួកគេហាត់ពេញម៉ោង គឺតាំងពីព្រឹករហូតដល់ល្ងាច ហើយយើងចង់ឲ្យកីឡាករយើងហាត់ខ្លាំងបែបនេះ ព្រោះនេះជាបទពិសោធដ៏ល្អ។ ម្យ៉ាងទៀតការហ្វឹកហាត់ជាមួយកីឡាករមានបទពិសោធ និងគ្រូដ៏មានជំនាញរបស់ចិន វានឹងជួយឲ្យក្រុមកីឡាកររបស់យើងមានសមត្ថភាពរីកចម្រើន»។
លោក ម៉េង វ៉ាង បានបញ្ជាក់ថា៖ «បើទោះបីជាការចូលរួមប្រកួតស៊ីហ្គេម លើកដំបូង កាលពីឆ្នាំ ២០១៧ កីឡាកររបស់យើង ធ្វើមិនបានល្អ ដោយសារពេលនោះ ពួកគេនៅមានបទពិសោធខ្ចី ប៉ុន្តែតាមរយៈការទៅហ្វឹកហាត់ខ្លាំង នៅប្រទេស ចិន លើកនេះ ខ្ញុំសង្ឃឹមថា ការប្រកួតស៊ីហ្គេម នៅប្រទេស ហ្វីលីពីន លើកនេះ យើងនឹងទទួលបានលទ្ធផលល្អជាងមុន គឺកីឡាកររបស់យើងនឹងមានសមត្ថភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗយ៉ាងស្វិតស្វាញជាមិនខាន»។
ចំណែកលោក សោម សុទ្ធរិទ្ធិពង្ស ជាគ្រូបង្វឹកកីឡាទូកក្តោងកម្ពុជា បានប្រាប់ នៅព្រលានយន្តហោះនោះបន្ថែមថា៖ «នៅក្នុងអំឡុងពេលហ្វឹកហាត់រយៈពេល ៣ ខែ នៅទីក្រុងសានថូវ ប្រទេស ចិន នេះ ក្រុមកីឡាកររបស់យើង ក៏នឹងចូលរួមការប្រកួតកម្រិតអាស៊ីមួយ ដែលមាន ២០ ទៅ ៣០ ប្រទេស ចូលរួមនៅទីនោះក្នុងខែតុលាផងដែរ ហើយខ្ញុំរំពឹងថា កីឡាកររបស់យើងនឹងធ្វើបានល្អ ព្រមទាំងទទួលបានបទពិសោធកាន់តែច្រើន សម្រាប់ពង្រឹងសមត្ថភាពត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំ ២០១៩ នេះ»។
ជាមួយគ្នានេះ កីឡាករ សូត្រ មេសា ដែលធ្លាប់មានបទពិសោធទៅចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ ២០១៧ និងការប្រកួតកីឡាអាស៊ី នៅប្រទេស ឥណ្ឌូនេស៊ី នោះ មានការប្តេជ្ញាចិត្តថា៖ «កាលប្រកួតស៊ីហ្គេម នៅម៉ាឡេស៊ី ខ្ញុំទទួលបានចំណាត់ថ្នាក់ក្រោយគេ ប៉ុន្តែខ្ញុំនឹងព្យាយាមហ្វឹកហាត់ បង្កើនសមត្ថភាពខ្លួនឯង សម្រាប់ការចេញទៅហ្វឹកហាត់នៅចិនលើកនេះ ដើម្បីដណ្តើមយកជ័យជម្នះ ជូនប្រទេសជាតិសម្រាប់ការប្រកួតស៊ីហ្គេមលើកនេះ»៕