ភ្នំពេញៈ ក្រុម​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​កម្ពុជា​ដែល​ទើប​ឈ្នះ​បាន​មេដាយប្រាក់​ ១ និង​សំរឹទ្ធ​ ១ ពី​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ «​ទូកនាគ​» អន្តរជាតិ​ចិន-អាស៊ាន​លើក​ទី​ ១៥ នោះ​អាច​នឹង​ទទួល​បាន​ងារ​ជា​ប៉ូលិស​ក្របខ័ណ្ឌ​នៅក្នុង​ក្រសួងមហាផ្ទៃ បើ​សិន​ជា​ពួកគេ​អាច​ដណ្តើម​បាន​មេដាយមាស​នៅក្នុង​ការប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​នា​ចុង​ឆ្នាំ​ ២០១៩ ​នេះ​។

ការ​អាច​ទទួល​បាន​ងារ​ជា​ប៉ូលិស​នេះ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ទីប្រឹក្សា​ផ្ទាល់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង និង​ជា​ប្រធាន​អង្គភាព​កីឡា​នគរបាល​ជាតិ​កម្ពុជា​បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​ប្រតិភូ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ទាំង​ ១៦ ​នាក់​ដែល​ទើប​បាន​ឈ្នះ​មេដាយ​ក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។

លោក ជា ប៊ុនហេង បាន​ថ្លែង​ថា​៖ «​ការប្រកួត​កីឡា​ជា​ក្រុម​គឺ​យើង​ត្រូវ​តែ​មាន​ការសាមគ្គី​គ្នា​ជា​ធ្លុង​មួយ និង​ខំប្រឹង​ទាំងអស់​គ្នា​ទើប​អាច​សម្រេច​បាន​ជោគជ័យ តែ​បើ​មាន​តែ​​ ២ ​នាក់​ក្នុង​ក្រុម​ធ្វើឲ្យ​មាន​បញ្ហា​គឺ​យើង​មិន​អាច​ឈ្នះ​គេ​បាន​ទេ ហេតុនេះ​យើង​ត្រូវតែ​ធ្វើការ​ប្តេជ្ញាចិត្ត​ទាំងអស់​គ្នា​ព្រោះ​អ្វី​ដែល​សំខាន់​សម្រាប់​ពួកយើង គឺ​នឹង​ត្រូវ​ឆ្លុះបញ្ចាំង​នៅក្នុង​ការប្រកួត​ស៊ីហ្គេម​ក្នុង​ឆ្នាំ​នេះ​»​។

លោក ជា ប៊ុនហេង ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កានូ និង​រ៉ូអ៊ីង​កម្ពុជា​ផង​នោះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​សឹងតែ​ហ៊ាន​ធានា​ថា បើ​ពួកយើង​ឈ្នះ​បាន​មេដាយមាស​ពី​ស៊ីហ្គេម​គឺ​ខ្ញុំ​នឹង​សុំ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូកកានូ និង​រ៉ូអ៊ីង​កម្ពុជា ដើម្បី​ឲ្យ​ពួកយើង​ទទួល​បាន​ក្របខ័ណ្ឌ​ជា​ប៉ូលិស​ទាំងអស់​គ្នា ព្រោះ​អត្តពលិក​ដែល​ដណ្តើម​បាន​មេដាយមាស​ឲ្យ​ក្រសួង​មហាផ្ទៃ​ជាង​ ១០០ ​នាក់​ហើយ​ដែល​ទទួល​បាន​ក្របខ័ណ្ឌ​ប៉ូលិស​នេះ​»​។

ជាមួយ​គ្នា​នោះ​លោក ជា ប៊ុនហេង ក៏​បាន​ពាំនាំ​យក​ថវិកា​ចំនួន​ ២០ ​លាន​រៀល​របស់​លោក ស ខេង មក​ផ្តល់​ជូន​ដល់​ក្រុម​ម្ចាស់​មេដាយប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត The 15th China-ASEAN (Nanning) International Dragon Boat កាលពី​ថ្ងៃទី​ ៧ ខែ​មិថុនា​នៅ​ទីក្រុង​ណាននីង​ប្រទេស​ចិន​នៅក្នុង​សន្និសីទ​កាសែត​នោះ​ផង​ដែរ​។

ការដណ្តើម​បាន​មេដាយប្រាក់​ ១ លើ​ចំណុះ​ទូក​ ១២ ​នាក់​ចម្ងាយ​ ៥០០ ​ម៉ែត្រ និង​សំរឹទ្ធ​ ១ លើ​ចំណុះ​ទូក​ ១២ ​នាក់​ចម្ងាយ​ ២០០ ​ម៉ែត្រ​ពី​ការប្រកួត​នៅ​ចិន និង​ការផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​ពី​ថ្នាក់ដឹកនាំ​នេះ​ត្រូវ​បាន​លោក ប៊ុនហេង គិតថា​នឹង​ធ្វើឲ្យ​ក្រុម​ទូក​ប្រពៃណី​អន្តរជាតិ​កម្ពុជា​មាន​កម្លាំង​ចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ការបង្កើន​ការហ្វឹកហាត់​ត្រៀម​ទៅ​ប្រកួត​ស៊ីហ្គេម​ខាង​មុខ​នេះ​។

លោក ប៊ុនហេង បាន​បញ្ជាក់​ថា​៖ «​ប្រភេទ​កីឡា​ទូក​នេះ​យើង​មិន​ចាំបាច់​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ទេ​គឺ​ហាត់​នៅក្នុង​ស្រុក​ល្អ​ជាង ព្រោះ​គ្រូបង្វឹក​យើង​គាត់​បង្ហាត់​ល្អ ដោយ​ឲ្យ​កីឡាករ​របស់​យើង​អុំ​បញ្ច្រាស​ទឹក រឿង​អី​យើង​មិន​កើន​សមត្ថភាព និង​កើន​កម្លាំង ហើយ​គួបផ្សំ​ពេល​នេះ​ពួកគាត់​មាន​កម្លាំង​ចិត្ត​ទៀត អ៊ីចឹង​ពួកគាត់​នឹង​កាន់តែ​មាន​ការរីកចម្រើន ហេតុ​នេះ​ខ្ញុំ​ជឿ​ថា យ៉ាងហោច​ក៏​យើង​ដណ្តើម​បាន​មេដាយ​ណា​មួយ​ពី​ស៊ីហ្គេម​លើក​នេះ​ដែរ​»៕