ភ្នំពេញៈ ក្រុមក្រសួងការពារជាតិ (ទ័ព) បានមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួនកាន់តែច្បាស់ បន្ទាប់ពីពួកគេ បានបន្តចាញ់គូសត្រូវចាស់ គឺក្រុមបឹងកេត ២-០ កាលពីថ្ងៃសៅរ៍ ហើយលទ្ធផលនេះក៏បានធ្វើឲ្យក្រុមម្ចាស់ជើងឯក ២ សម័យកាលមួយនេះ ធ្លាក់ពីតំបន់កំពូលតារាងទាំង ៤ (Top4) ផងដែរ ប៉ុន្តែក្រុមវិសាខា បានឡើងមក Top4 វិញហើយ។
យ៉ាងណាក៏ដោយ លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមទ័ព មិនបានបង្ហាញការឈឺចាប់ ចំពោះការធ្លាក់ចេញពីតំបន់ Top4 នេះទេ ប៉ុន្តែលោកបានស្តោកស្តាយទៅលើការគ្រប់គ្រងឱកាសមិនបានល្អ។ លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «យើងចង់បានគ្រាប់បាល់ពេក ទើបធ្វើឲ្យភ្លាត់ប៉ិនគេវិញ។ យើងមានឱកាសច្រើនគួរសមដែរ ប៉ុន្តែយើងធ្វើមិនបានសម្រេច ព្រោះការបញ្ចប់ទីរបស់យើង នៅអន់ពេក»។
តាមរយៈការប្រកួត នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ ក្រុមទ័ព មានភាគរយច្រើនទាំងការគ្រប់គ្រងបាល់ និងការបង្កើតឱកាសនៅមុខទីក្រុមបឹងកេត ប៉ុន្តែពួកគេ មិនអាចរកបានគ្រាប់បាល់នោះទេ។ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Maycon និង Julius បានសហការគ្នាយ៉ាងល្អ ដើម្បីសម្រេចឱកាសឲ្យបឹងកេត ឈ្នះ ទ័ព ២-០ លើកនេះ ដោយក្នុងនោះ Julius រកបានគ្រាប់បាល់ទី ១ នៅនាទីទី ៧១ ហើយ Maycon បានបន្ថែម ១ គ្រាប់ទៀត នៅនាទីទី ៧៤។
លទ្ធផលនេះបាន បង្ហាញឲ្យឃើញថា ទ័ព នៅតែមិនអាចសងសឹកទៅលើក្រុមបឹងកេត បានដដែល ព្រោះការប្រកួត២រដូវកាលចុងក្រោយនេះ ទ័ព បានត្រឹមលេខ ២ ក្រោមក្រុមបឹងកេត រហូត ហើយការឈឺចាប់ ដែលក្រុមទ័ព មិនអាចភ្លេចបាននោះ គឺការចាញ់បឹងកេត ១០-៩ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៧ ខណៈក្រុមទាំង ២ បានស្មើគ្នា ១-១ នោះ។
ជុំវិញការប្រជែងគ្នានៅឆ្នាំនេះ លោក ភា សុភ័ក្ត្រា បានបន្ថែមថា៖ «ការប្រកួតទើបតែបានចាប់ផ្តើមដែរទេ ហេតុនេះយើងនៅមិនទាន់បាត់បង់ឱកាស ក្នុងការប្រជែងឡើយ ប៉ុន្តែសម្រាប់ខ្ញុំ ការទទួលបានលេខ ៣ លេខ ២ ឬ Top4 វាគ្មានន័យនោះទេ គឺមានតែប្រជែងយកចំណាត់ថ្នាក់លេខ ១ ប៉ុណ្ណោះ ទើបយើងមានឱកាសបានចេញទៅប្រកួតតំណាងឲ្យកម្ពុជា នៅក្រៅប្រទេស អ៊ីចឹងយើងត្រូវតែប្រឹងប្រែងបន្ថែមទៀត»។
ជាមួយនឹងការដាក់ទិសដៅ ក្នុងការប្រជែងយកលេខ ១ នេះ គ្រូបង្វឹកវ័យក្មេង សុភ័ក្ត្រា ដែលទើបឡើងមកកាន់តួនាទីជាគ្រូបង្គោល ជំនួសលោក ទេព ឡុងរចនា នោះគ្រោងនឹងពង្រឹងនូវចំណុចខ្វះខាតចំនួន ៣ ធំៗ ដើម្បីធ្វើឲ្យក្រុមទ័ព មានកម្រិតលេងបានប្រសើរជាងពេលបច្ចុប្បន្ន ខណៈពេលនេះទ័ព ទើបមាន ៩ ពិន្ទុ ដោយឈ្នះ ៣ និងចាញ់ ២ ដង តែបឹងកេត មាន ១៣ ពិន្ទុ ដោយឈ្នះ ៤ និងស្មើ ១ ប្រកួត។
លោកបញ្ជាក់ថា៖«ក្រោយការប្រកួតនេះ យើងត្រូវលើកទឹកចិត្ត និងស្មារតីក្រុមឲ្យបានប្រសើរឡើងវិញ។ បន្ថែមលើនេះ យើងត្រូវបង្កើនកម្រិតសមត្ថភាពបច្ចេកទេស ព្រោះបច្ចេកទេសទាំងផ្នែកការពារ និងប្រយុទ្ធ ហាក់ដូចជាធ្វើមិនទាន់បានល្អ ដែលត្រូវតែបន្ថែម ហើយមួយទៀតគឺការបញ្ចប់ទី ដែលយើងនៅអត់មែនទែន»។
ចំណែកក្រុមវិសាខា ដែលបានធ្លាក់ពីលេខ ២ ទៅឈរនៅលេខ ៥ កាលពីសប្តាហ៍ទី ៤ ក្រោយភ្លាត់ចាញ់ក្រុមអាស៊ីអឺរ៉ុប ២-០ នោះ បានឡើងមកឈរនៅតំបន់ Top4 វិញហើយ ខណៈពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើន ៣-០ កាលពីថ្ងៃសៅរ៍នោះដែរ ដើម្បីមាន ១០ ពិន្ទុស្មើជាមួយក្រុមប៉ូលិស ដែលបានយកឈ្នះក្រុមសូលទីឡូអង្គរ ២-១ កាលពីថ្ងៃសៅរ៍នោះដូចគ្នា៕