ភ្នំពេញ: ក្រុម​ម្ចាស់​ជើងឯក​ណាហ្គាវើល និង​ក្រសួង​ការពារ​ជាតិ (​ទ័ព​) ដែល​ជា​គូប្រកួត​យ៉ាង​ស្រួចស្រាល់​កាលពី​រដូវកាល​ឆ្នាំ​ ២០១៨ ​នោះ​បាន​បង្ហាញ​ការបារម្ភ​រៀងៗ​ខ្លួន​សម្រាប់​ការវិល​មក​ជួប​គ្នា​ជាថ្មី​នៅ​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ក្រុម​ វិសាខា បាន​ត្រៀម​រួចរាល់​សម្រាប់​ស្វាគមន៍​ក្រុម​គិរីវង់​សុខសែនជ័យ​ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង​នៃ​លីក​កំពូល​កម្ពុជា ឆ្នាំ​ ២០១៩ នេះ​។

បើ​ទោះបី​ជា​ការប្រកួត​បើក​ឆាក​កន្លង​មក​នេះ​ក្រុម​ ណាហ្គាវើល បាន​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ១-០ ដើម្បី​ទទួល​បាន​ ៣ ​ពិន្ទុ ហើយ​ក្រុម​ទ័ព​បាន​ត្រឹម​ ១ ​ពិន្ទុ​ពី​ការ​ស្មើ​ជាមួយ​ម្ចាស់​ផ្ទះ​អង្គ​រថាយហ្គឺរ ១-១ ប៉ុន្តែ លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គាវើល​បាន​មើលឃើញ​ថា ទ័ព​មាន​ទម្រង់​លេង​កាន់តែ​ល្អ សម្រាប់​ការប្រកួត​រដូវកាល​ថ្មី​នេះ​។

លោក មាស ចាន់ណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ក្រុមទ័ព​នៅ​ឆ្នាំ​រដូវកាល​នេះ​មិន​ធម្មតា​ទេ​គឺ​ពួកគេ​ខ្លាំង​ អ៊ីចឹង​ជំនួប​លើក​នេះ វា​នឹង​មាន​ភាពតានតឹង​ខ្លាំង​ហើយ​ការទាមទារ​រក​ ៣ ​ពិន្ទុ​បន្ថែម​គឺ​មាន​ការលំបាក ប៉ុន្តែ​យើង​នឹង​ប្រឹងប្រែង​ធ្វើឲ្យ​បាន​ល្អ​បំផុត​»​។

ចំណែក​លោក ភា សុភ័ក្ត្រា គ្រូបង្វឹក​ក្រុម​ទ័ព​ក៏​បាន​មើលឃើញ​ថា​ក្រុម​ណាហ្គាវើល​មាន​ទម្រង់​លេង​ល្អ​ផង​ដែរ ស្រប​ពេល​ដែល​ក្រុម​ទ័ព​របស់​លោក​កំពុង​មាន​ភាពស្រពេចស្រពិល​លើ​បញ្ហា​របួស​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​។ លោក​បាន​និយាយ​ថា​៖ «​នៅ​សប្តាហ៍​នេះ​គឺជា​ការប្រកួត​កាន់តែ​តានតឹង​បំផុត ដោយសារ​យើង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ដែល​មាន​តុល្យភាព​ទាំង​ការពារ និង​ប្រយុទ្ធ​»​។

លោក​បាន​បន្ថែម​ថា​៖ «​បន្ថែម​លើ​នេះ​ណាហ្គាវើល​មាន​ចំណុច​ខ្លាំង​នៅលើ​បាល់​រៀបចំ ទាំង​ហ្វ្រីឃីក និង​បាល់​ជ្រុង ហើយ​នេះ​ជា​ហេតុ​ផល​ដែល​ទ័ព​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ខ្លាំង​បំផុត​ក្នុង​ការសម្រួច​សមត្ថភាព​ជាង​គិត​ទៅ​លើ​តាក់ទិច ព្រោះ​អ្វី​ដែល​យើង​មាន​គឺ​បាន​អនុវត្ត​ជាមួយ​ក្រុម​អង្គរថាយហ្គឺរ​ទៅ​តាម​ផែនការ​រួច​ហើយ​នៅ​ឡើយ​តែ​ប្រសិទ្ធភាព​»​។

ដោយឡែក​ក្រុម​វិសាខា​ដែល​បាន​ជួប​ការមិន​សប្បាយចិត្ត ដោយសារ​បាន​ត្រឹម​ស្មើ​ក្រុម​ សូលទីឡូអង្គរ ០-០ កាល​ប្រកួត​បើកឆាក​នោះ​ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ការជួប​ក្រុម​គិរីវង់​នៅ​ថ្ងៃ​សៅរ៍​។ លោក ហុក សុជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា បាន​និយាយ​ថា​៖ «​ការប្រកួត​លើក​ទី​ ២ ​នេះ​យើង​ត្រៀម​បាន​ច្រើន​ហើយ​យើង​បាន​រៀបចំ​អ្វី​ដែល​ថ្មី សម្រាប់​ជួប​ក្រុម​គិរីវង់ ដើម្បី​បង្កើន​នូវ​ចង្វាក់​លេង​របស់​យើង​ឲ្យ​បាន​ល្អ​ជាង​ការប្រកួត​លើក​ទី​ ១»​។

ទាក់ទង​ទៅ​នឹង​តារាង​ចំណាត់ថ្នាក់​ដែល​ក្រុម​គិរីវង់​កំពុង​ឈរ​នៅ​លេខ​ ១ ​នោះ​លោក សុជីវ័ន បាន​បញ្ជាក់​ថា​៖ «​វា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ចំពោះ​ក្រុម​ឈ្នះ​នៅ​កំពូល​តារាង និង​ក្រុម​ឈរ​នៅ​បាត​តារាង ព្រោះ​យើង​ទើប​តែ​ប្រកួត​បាន​ ១ ​លើក​ទេ អ៊ីចឹង​យើង​នៅ​មិន​ទាន់​ដឹងថា អ្នកណា​ខ្លាំង អ្នកណា​ដាច់​ជាង​អ្នកណា​នោះទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ខ្លួន​យើង​ត្រូវ​រៀបចំ​ក្រុម​ឲ្យ​បាន​ល្អ ដើម្បី​លេង​ជាមួយ​គេ ព្រោះ​រដូវកាល​នេះ​ខ្ញុំ​ជឿជាក់​ថា​គ្មាន​ក្រុម​ណា​ ១ ​ប្រាកដ​ថា​ខ្លួនឯង​ឈ្នះ​រាល់​ការប្រកួត​ទេ​»​។

ចំណែក​គ្រូបង្វឹក​លោក ផាន់ ចាន់ផាត ដែល​បាន​ដឹកនាំ​ក្រុម​គិរីវង់​យក​ឈ្នះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ៤-១ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង ជា​បណ្តោះអាសន្ន​នោះ​បាន​និយាយ​ថា​៖ «​យើង​អាច​នឹង​មាន​ការលំបាក​ក្នុង​ការ​ការពារ​ទីតាំង​មួយ​នេះ ព្រោះ​ វិសាខា ជា​ក្រុម​ខ្លាំង​សម្បូរ​ទៅ​ដោយ​ធនធាន​កីឡា ប៉ុន្តែ​ការប្រកួត​យើង​មិន​អាច​ព្យាករ​មុន​បាន​ទេ អ៊ីចឹង​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​»៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

- ​ប៉ូលិស v អាស៊ីអឺរ៉ុប កីឡដ្ឋាន​អគ្គិសនី ១៥:៣០

- ​វិសាខា v គិរីវង់ កីឡដ្ឋាន​វិសាខា ១៨:០០

- ​ណាហ្គាវើល v ទ័ព កីឡដ្ឋាន​ស្តាតចាស់ ១៨:០០

៤ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-​សូលទីឡូ​អង្គរ v ព្រះខ័នរាជ​ស្វាយរៀង កីឡ.សៀមរាប ១៥:៣០

-​សាលា​បាល់ទាត់​ជាតិ​បាទី v ភ្នំពេញ​ក្រោន សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ១៥:៣០

-​ខេត្តកំពង់ចាម v អង្គរថាយហ្គឺរ វិ.ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ១៥:៣០

-​អគ្គិសនី​កម្ពុជា v បឹងកេត កីឡ.អគ្គិសនី​កម្ពុជា ១៥:៣០

លោក ភា សុភ័ក្ត្រា បាន​សម្លឹង​កូន​ក្រុម​លោក រឹង ប៊ុនហៀង ប្រជែង​យក​បាល់​នឹង គួច សុកុម្ភៈ របស់​ណាហ្គា​។