The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ទ័ព ពង្រឹង​ទាំង​ផ្លូវ​ចិត្ត ដើម្បី​ប្រជែង​យក​ចំណាត់​ថ្នាក់​ល្អ




ក្រុម​ទ័ព ពង្រឹង​ទាំង​ផ្លូវ​ចិត្ត ដើម្បី​ប្រជែង​យក​ចំណាត់​ថ្នាក់​ល្អ

Content image - Phnom Penh Post
ព្រះសង្ឃសូត្រព្រះបរិត្ត​ប្រោះព្រំ​ដល់ថ្នាក់ដឹកនាំ គ្រូ​បង្វឹក កីឡាករ និងដៃគូសហការ​របស់ Tiffy Army។ ហ៊ាន រង្សី

ក្រុម​ទ័ព ពង្រឹង​ទាំង​ផ្លូវ​ចិត្ត ដើម្បី​ប្រជែង​យក​ចំណាត់​ថ្នាក់​ល្អ

ភ្នំពេញ៖ ក្រុម​បាល់ទាត់ Tiffy Army FC (ទ័ព) បាន​ពង្រឹង​ទាំង​ទៅ​លើ​បច្ចេកទេស គុណភាព​កម្លាំង ព្រម​ទាំង​បាន​សូត្រមន្ត​ប្រោះព្រំ និង​សមាធិ​ពង្រឹង​​ផ្លូវ​ចិត្ត និង​ស្មារតី ដើម្បី​ត្រៀម​ប្រជែង​យក​ឲ្យ​បាន​លទ្ធផល​ល្អ សម្រាប់​ការ​ដាក់​ឲ្យ​មាន​ការ​ប្រកួត​ឡើង​វិញ​ នៃ​ក្របខ័ណ្ឌ​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០២០ ដោយ​ក្រុម​ទ័ព ត្រូវ​ប៉ះ​ក្រុម​ណាហ្គាវើល នៅ​ថ្ងៃ​អាទិត្យ ទី ​៥ ខែ​កក្កដា ខាង​មុខ​នេះ។

លោក តែម ម៉ឺន អនុ​ប្រធាន​សមាគម​កីឡា​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថា៖ ​«យើង​បាន​ហ្វឹកហាត់​រហូត និង​ប្រកួត​សម ដើម្បី​ពង្រឹង​សមត្ថភាព ត្រៀម​ចូលរួម​ប្រកួត​បន្ត នៅ​លីក​កំពូល​​កម្ពុជា ហើយ​​យើង​បាន​ពង្រឹង​ទៅ​លើ​ការ​គ្រប់គ្រង វិន័យ សតិ​អារម្មណ៍ ដើម្បី​ជម្នះ​រាល់​ឧបសគ្គ ដោយ​យើង​មាន​ឆន្ទៈ​មុត​ស្រួច ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ប្រកួត​ប្រជែង​យក​លទ្ធផល​ឲ្យ​បាន​ល្អ»។

ការ​លើក​ឡើង​របស់​លោក តែម ម៉ឺន ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ចូលរួម​នៅ​ក្នុង​ពិធី​សូត្រមន្ត​ប្រោះព្រំ និង​សមាធិ នៅ​វត្ត​សុវណ្ណមុនីសាគរ​សំរោង​អណ្តែត ជាមួយ​​ថ្នាក់​ដឹកនាំ​ គ្រូ​បង្វឹក និងកីឡាករ​​ក្រុម​ទ័ព ព្រម​ទាំង​ដៃ​គូ​សហការ​នានា និង​ដៃ​គូ​ឧបត្ថម្ភ​ធំ គឺ​អគ្គនាយក​វិទ្យុ និង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ​៥ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ដោយ​នៅ​ក្នុង​ពិធី​នោះ ព្រះ​សង្ឃ​ចំនួន ​៩ អង្គ ដឹកនាំ​ដោយ​សម្តេច​ព្រះសក្យមុនី​កិត្តិបណ្ឌិត​ទស្សនវិជ្ជា រ័ត្ន សារឿន បាន​សូត្រ​ព្រះបរិត្ត​ប្រោះព្រំ ផ្តល់​ឱវាទ និង​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់​តាំង​សមាធិ ដើម្បី​ពង្រឹង​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ផង​ដែរ។

ជុំវិញ​ការ​រៀបចំ​ឲ្យ​មាន​ពិធី​សូត្រមន្ត​ប្រោះព្រំ និង​សមាធិ ដល់​ថ្នាក់​ដឹកនាំ គ្រូ​បង្វឹក និង​កីឡា ក្រុម​ទ័ព​នេះ លោក តែម ម៉ឺន បាន​និយាយ​ថា៖ ​«កីឡាករ ​គ្រូ​បង្វឹក និង​ថ្នាក់​ដឹក​​របស់​យើង ទើប​ទទួល​បាន​ការ​ប្រោះព្រំ​ពី​សម្តេច រ័ត្ន សារឿន ដើម្បី​ឲ្យ​កីឡាករ​យើង​មាន​ភាព​នឹងនរ​នៅ​ក្នុង​ចិត្ត ព្រម​ទាំង​មាន​ការ​តាំង​ចិត្ត តាំង​អារម្មណ៍ គោរព​នូវ​ពុទ្ធឱវាទ ដែល​ប្រកប​ទៅ​ដោយ​វិន័យ និង​ក្រម​សីលធម៌ ពិសេស​មាន​ភាព​ស្រឡះ នៅ​ក្នុង​ចិត្ត និង​មាន​ភាព​អត់ធន់ ទៅ​នឹង​ការ​ហ្វឹកហាត់ ក៏​ដូច​ជា​ការ​ប្រកួត»។

យ៉ាង​ណា​ក៏​ដោយ នៅ​មុន​ការ​ប្រកួត​លីក​កំពូល​កម្ពុជា ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ ​នោះ ក្រុម​ Tiffy Army ធ្វើ​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ទេ ដោយ​ពួក​គេ​ឈ្នះ​បាន ​២ ប្រកួត ស្មើ ​២ និង​ចាញ់ ​១ ​ប្រកួត ហើយ​បាន​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀង​ទី ​៧ ជា​បណ្តោះ​អាសន្ន គឺ​មាន​ន័យ​ថា Tiffy Army នៅ​ពេល​នេះ មិន​​ទាន់​​បាន​ស្ថិត​នៅ​ក្នុង​ក្រុម Top6 ដែល​នឹង​អាច​ប្រកួត​ប្រជែង​យក​ពាន​នោះ​ទេ។

គួរ​បញ្ជាក់​ថា ការ​ដាក់​ឲ្យ​ប្រកួត​លីក​កំពូល​ឡើង​វិញ​នេះ គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​កំណត់​ថា ក្រោយ​ការ​ប្រកួត​ជើងទី ​១ បាន​បញ្ចប់ គឺ​នៅ​ជើងទី ​២ ​មាន​ការ​កែ​ប្រែ​លក្ខខណ្ឌ ដោយ​យក​តែ​ក្រុម Top6 ​ទេ ឲ្យ​​ប្រកួត​គ្នា​យក​ចំណាត់​ថ្នាក់​លេខ ១ លេខ ២ និងលេខ ៣ ចំណែក​​ក្រុម​​ឈរ​​ពី​លេខ ​៧ ​ដល់​ទី ​១៣ ត្រូវ​ប្រកួត​គ្នា​ជា​ធម្មតា ​គ្រាន់​តែ​បែង​ចែក​ចំណាត់​ថ្នាក់​ពី​លេខ ​៧ ដល់​លេខ ​១៣។​​

ទោះបី​ជា​យ៉ាង​ណា លោក តែម ម៉ឺន បាន​បញ្ជាក់​ថា៖ ​«គោលដៅ​ទៅ​មុខ​របស់​យើង គឺ​យើង​ត្រូវ​តែ​ប្រឹងប្រែង ធ្វើ​ម៉េច​ជួយ​ក្រុម​របស់​យើង ឲ្យ​ឡើង​ទៅ​ដល់​កម្រិត​ខ្ពស់​ គឺ​កាន់​តែ​ខ្ពស់ កាន់​តែ​ល្អ ទៅ​តាម​គោលដៅ​របស់​យើង។ បើ​ទោះបី​ជា យើង​មិន​ទាន់​ប្រាកដ​ថា យើង​នឹង​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​ណា​មួយ ប៉ុន្តែ​យើង​ត្រូវ​តែ​ខំ​ប្រឹង​ឲ្យ​អស់​លទ្ធភាព ហើយ​បើ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​១ វា​កាន់​តែ​ទទួល​បាន​ជោគជ័យ​ថែម​ទៀត»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។